អន្តរជាតិ
អាម៉េរិក ហាមឃាត់នាំចូលគ្រឿងសមុទ្រ ស្រា និងត្បូងពីរុស្ស៊ី
12, Mar 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១១ ខែមីនា បានចេញបញ្ជាប្រតិបត្តិមួយហាមឃាត់ការនាំចូលទំនិញពីរុស្ស៊ីជាច្រើនមុខ ក្នុងនោះរួមមាន ស្រាVodka គ្រឿងសមុទ្រ ត្បូង និងសម្ភារប្រណិតផ្សេងទៀត។

 
 
ចាប់តាំងពីរុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមក អាម៉េរិក និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មលើរុស្ស៊ីជាបន្តបន្ទាប់ ដើម្បីដាក់សម្ពាធលើមហាអំណាចនុយក្លេអ៊ែរមួយនេះ។ ជាថ្មីម្តងទៀត អាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មជាថ្មី ដោយហាមឃាត់ការចូល និងនាំចេញទំនិញមួយចំនួនទៅ និងមករុស្ស៊ី។ 
 
តាមរយៈបញ្ជាប្រតិបត្តិមួយចេញនៅថ្ងៃទី១១ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានហាមឃាត់នាំចូលស្រា Vodka, គ្រឿងសមុទ្រ ត្បូងដែលមិនប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងសម្ភារផ្សេងទៀតពីរុស្ស៊ី។ សេតវិមានអាម៉េរិក បានអះអាងថា ការហាមឃាត់នេះ នឹងធ្វើឱ្យរុស្ស៊ីបានបាត់បង់ចំណូលនាំចេញប្រមាណ ១ពាន់លានដុល្លារ ហើយជួយប្រជាជនអាម៉េរិក មិនជាប់ពាក់ព័ន្ធនឹងសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ 
 
មិនតែប៉ុណ្ណោះ បញ្ជាប្រតិបត្តិដដែលនោះ ក៏បានហាមឃាត់អាម៉េរិក នាំចេញសម្ភារប្រណិតទៅលក់នៅរុស្ស៊ីផងដែរ។ ការរឹតត្បិតនេះ មានទំហំក្បែរ ៥៥០លានដុល្លារ។ ទំនិញទាំងនោះ រួមមាន សំលៀកបំពាក់, គ្រឿងអលង្ការ, រថយន្តទំនើបៗ និងទំនិញផ្សេងទៀត។ 
 
ក្នុងសុន្ទរកថានៅសេតវិមាននៅថ្ងៃទី១១ ខែមីនា ប្រធានាធិបតីអាម៉េរិក បានលើកឡើងថា ទណ្ឌកម្មខាងលើ មិនមែនជាចំណាត់ចុងក្រោយរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន លើមូស្គូឡើយ។ ទន្ទឹមនេះ លោកបៃឌិន ថែមទាំងហៅលោកពូទីន ជាជនឈ្លានពាន និងត្រូវតែទទួលផលវិបាកចំពោះសកម្មភាពរបស់ខ្លួន។ 
 
ទន្ទឹមនេះ អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងដករុស្ស៊ីចេញពីឋានៈជាប្រទេសបានការអនុគ្រោះពន្ធផងដែរ ដើម្បីឱ្យរុស្ស៊ីពិបាកក្នុងការធ្វើជំនួញនៅក្នុងបណ្តាប្រទេសទាំងនោះ។ ការដករុស្ស៊ីចេញពីឋានៈជាប្រទេសបានការអនុគ្រោះពន្ធនេះ នឹងអនុញ្ញាតឱ្យអាម៉េរិក ដាក់ពន្ធលើទំនិញរុស្ស៊ីកាន់តែខ្ពស់។ ក្រៅពីរុស្ស៊ី កន្លងមក គុយបា និងកូរ៉េខាងជើង ក៏ស្ថិតក្នុងបញ្ជីខ្មៅរបស់អាម៉េរិកនេះដែរ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com