អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ ផ្តល់​ជំនួយ​និង​ថវិកា​ដ៏​ធំ​ដល់​អ៊ុយក្រែន​​
13, Mar 2022 , 8:39 am        
រូបភាព
ដោយ: VOA
កញ្ចប់​ជំនួយ​យោធា​និង​មនុស្សធម៌​បន្ទាន់​មួយ​ដែល​មាន​ទឹក​ប្រាក់​១៣.៦ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​ស្ថិត​ក្រោម​ការ​ឈ្លានពាន​និង​សម្ពន្ធមិត្ត​អឺរ៉ុប​ខាង​កើត​របស់​អាមេរិក​ បាន​ទទួល​ការអនុម័ត​យ៉ាង​ស្រួល​នៅទីបំផុត​ ពី​សភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍។



ដោយ​ការ​ឈ្លាន​ពាន​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​និង​បង្ខំ​មនុស្ស​ជាង​២លាន​នាក់​ទៀត​រត់គេច​ខ្លួន​នោះ​ ព្រឹទ្ធសភា ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដ៏​ធំ​មួយ​ដែល​មាន​ទឹក​ប្រាក់​១,៥លាន​លាន​ដុល្លារ​ដោយ​មាន​សំឡេង​គាំទ្រ​ ៦៨​សំឡេង​ទល់​នឹង​៣១​សំឡេង។
 
ពួក​គណបក្ស​ប្រជាធិបតេយ្យ​និង​ពួក​គណបក្ស​សាធារណរដ្ឋ ​បាន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​អំពី​ការ​កើន​ឡើង​នូវ​អតិផរណា ​គោល​នយោ​បាយ​ថាមពល​និង​ការ​រឹតត្បិត​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែ ពួកគេ បាន​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​ការបញ្ជូន​ជំនួយ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ប្រយុទ្ធ​ឥត​ងាករេ​ប្រឆាំង​នឹង​កង​កម្លាំង​ព្រៃផ្សៃ ​បាន​ក្លាយ​ជា​ការលើក​ទឹកចិត្ត​សម្រាប់​ពួក​អ្នក​បោះឆ្នោត​ជា​ច្រើន។
 
រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​នោះ​យ៉ាង​ស្រួល​កាលពី​ថ្ងៃ​ពុធ។ លោក​ប្រធានាធិបតី ​ប្រាកដ​ជា​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ។
អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី Jen Paski បាន​និយាយ​ថា ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ ​បាន​បង្ហាញ​ម្តង​ទៀត​ថា ​សមាជិក​របស់​គណបក្ស​ទាំង២ ​អាច​រួបរួម​គ្នា​ដើម្បី​ផ្តល់​ទំនុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង។ នេះ​ជា​អព្ភូតហេតុ​មួយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com