អន្តរជាតិ
​អ៊ីតាលី​រឹបអូស​យក​នាវា​កំសាន្ត​ទំនើប​បំផុត​របស់​មហាសេដ្ឋី​រុស្ស៊ី​លោក Melnichenko
13, Mar 2022 , 2:30 pm        
រូបភាព
ដោយ: VOA
ប៉ូលិស​អ៊ីតាលី​បាន​រឹបអូស​យក​មហា​នាវា​កំសាន្ត​ពី​មហា​សេដ្ឋី​រុស្ស៊ី​លោក Andrey Igorevich Melnichenko។ នេះ​បើ​តាម​ការិយាល័យ​របស់​អ៊ីតាលី​ប្រាប់​ឲ្យ​ដឹង​កាលពីថ្ងៃ​សៅរ៍​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ពាណិជ្ជករ​រូប​នេះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters។



នាវា​កំសាន្ត​ទំនើប​បំផុត​ដែល​មាន​ប្រវែង១៤៣ម៉ែត្រ​មាន​តម្លៃ៥៧៨លាន​ដុល្លារ​បាន​ត្រូវ​រឹប អូស​យក​នៅឯ​កំពង់ផែ​ Trieste នៅភាគ​ខាង​ជើង។ នេះ​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​អ៊ីតាលី។
រដ្ឋាភិបាល​អ៊ីតាលី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាវា​កំសាន្តដែល​រចនា​ដោយលោក Philipe Starck និង​ស្ថាបនា​ដោយលោក Nobiskrug នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ នាវា​កំសាន្តនេះជា​ទូកក្តោង​ធំ​បំផុត​មួយក្នុង​ពិភពលោក។
 
លោក Melnichenko ជា​ម្ចាស់​ក្រុមហ៊ុន EuroChem Group ដែល​ផលិត​ជីនិង​ក្រុមហ៊ុន​ធ្យូង​ថ្ម SUEK។
 
កាលពី​សប្តាហ៍​មុន ប៉ូលិស​អ៊ីតាលី បាន​រឹបអូស​យក​ភូមិ​គ្រឹស្ត​និង​នាវា​កំសាន្ត​ដែល​មាន​តម្លៃ ១៥៦លាន​ដុល្លារ​ពី​ជន​ជាតិ​រុស្ស៊ី​ល្បីៗ​ចំនួន​៥នាក់​ដែល​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម។
 
កិច្ចប្រតិបត្តិការ​របស់​ប៉ូលិស​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សម្រប​សម្រួល​ដោយ​ក្រុម​ប្រទេស​លោក​ខាងលិច ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ពួក​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជនជាតិ​រុស្ស៊ី​ដែល​មាន​ចំណង​ទាក់ទង​ជាមួយលោក​ប្រធានាធិបតី Vladimir Putin៕
 

© រក្សាសិទ្ធិដោយ thmeythmey.com