អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
13, Mar 2022 , 11:34 pm        
រូបភាព
ចូលក្នុងសប្តាហ៍ថ្មី ជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែជាប្រធានបទដ៏ក្តៅ ដែលពិភពលោក កំពុងតាមដាន។ ដើម្បីឆ្លើយតបនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី បស្ចិមលោក និងបណ្តាប្រទេសផ្សេងទៀត បានបន្តដាក់ទណ្ឌកម្មលើក្រុងមូស្គូជាបន្តបន្ទាប់។ យ៉ាងណាមិញ សហភាពអឺរ៉ុប មិនបានសម្រេចដាក់ទណ្ឌកម្មលើប្រេង និងឧស្ម័នធម្មជាតិលើរុស្ស៊ី ប៉ុន្តែបានបេ្តជ្ញាកាត់បន្ថយការប្រើប្រាស់ និងពឹងផ្អែកលើរុស្ស៊ី។ ទន្ទឹមនេះ សភាប្រជាជនចិន បានបើកកិច្ចប្រជុំរបស់ខ្លួនផងដែរ ខណៈកូរ៉េខាងត្បូង បានរៀបចំការបោះឆ្នោតប្រធានាធិបតី ដើម្បីស្នងតំណែងពីលោក មូន ចេអ៊ីន ដែលនឹងត្រូវអស់អាណត្តិនៅខែឧសភា ខាងមុខ។

 
 
ថ្ងៃទី៧ ខែមីនា​
 
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានទទូចឱ្យទីក្រុងប៉េកាំងត្រូវតែ​ធ្វើតាម​សេចក្តីប្រកាសរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាពពិភពលោក និងចូលរួមកិច្ចខិតខំដើម្បី​បញ្ឈប់​ការ​ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកក៏ព្រមានថា ពិភពលោកកំពុងប្រឈនឹង​ស្ថានភាព​គ្រោះថ្នាក់ដោយសាររបបផ្ដាច់ការ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិន ចាត់ទុកបញ្ហានេះជារឿងស្មុគស្មាញ​។
 
រដ្ឋាភិបាលរុស្ស៊ី បានអនុម័តបញ្ជីមួយបញ្ចូលរដ្ឋ និងដែនដីមួយចំនួន ដែលបានប្រព្រឹត្តិសកម្មភាពអមិត្តចំពោះរដ្ឋាភិបាល ក្រុមហ៊ុន និងប្រជាជនរុស្ស៊ី។ ប្រទេស និងដែនដីដែលស្ថិតក្នុង «បញ្ជីអមិត្ត» នេះ សុទ្ធតែបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន។ សិង្ហបុរី ក៏ជាប្រទេសមួយ ស្ថិតក្នុងបញ្ជីរដ្ឋ និងដែនដីអមិត្តដែរ។
 
ថ្ងៃទី៨ ខែមីនា
 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីកោះហៅកម្លាំងរក្សាសន្តិភាពរបស់ខ្លួនដែលបំពេញភារកិច្ចឱ្យអង្គការសហប្រជាជាតិ (UN) និងប្រមូលនាំសម្ភារយោធាឱ្យត្រលប់មកប្រទេសវិញ ដើម្បីជួយការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Sybiha បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Facebook។ 
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ប្រកាសបិទការនាំចូលប្រេងពីរុស្ស៊ី ដើម្បីជាការដាក់សម្ពាធមួយទៀតលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។ លោក បៃឌិន ចាត់ទុកវិធានការនេះជាការចាក់ចំបេះដូងរបស់រុស្ស៊ីតែម្ដង។ ប៉ុន្តែចំណាត់ការនេះ ត្រូវមើលឃើញថា ជាការដើរតែម្នាក់ឯងពីសំណាក់អាម៉េរិក ខណៈដែលសម្ព័ន្ធមិត្តសហភាពអឺរ៉ុបហាក់ស្ទាក់ស្ទើរ ព្រោះតែការពឹងពាក់រុស្ស៊ីខ្លាំងជាប្រភពផ្គង់ផ្គង់ថាមពលរបស់ខ្លួន។

ថ្ងៃទី៩ ខែមីនា
 
ប្រជាជនកូរ៉េខាងត្បូង បានចេញទៅមណ្ឌលបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីជ្រើសប្រធានាធិបតីថ្មីសម្រាប់គ្រប់គ្រងប្រទេសបន្តពីលោក មូន ចេអ៊ីន ដែលនឹងត្រូវផុតអាណត្តិប្រធានាធិបតីនៅខែឧសភាខាងមុខ។ ក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី២០នេះ លោក យូន សុកយ៉ល បានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងសំឡេងគាំទ្រយ៉ាងប្រផិតប្រផើយ។ លោក យូន ទទួលបានសំឡេងគាំទ្រ ៤៨,៦ភាគរយ បើធៀបនឹងលោក លី ចេម្យុង ដែលមានសំឡេងគាំទ្រចំនួន ៤៧,៦ភាគរយ។
 
រដ្ឋមន្រ្តីការបរទេសអង់គ្លេស​​ Liz Truss បានអំពាវនាវឱ្យសមាជិកប្រទេសឧស្សាហកម្មទាំង៧​​ (G7) ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ បើតាមលោកស្រី Truss ​ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ គួរតែបន្ថែមទណ្ឌកម្មមកលើក្រុងមូស្គូឱ្យកាន់តែខ្លាំងនិងធ្ងន់ធ្ងរបន្តទៀត ដើម្បីដាក់សម្ពាធលើប្រទេសនេះជុំវិញការវាយប្រហារអ៊ុយក្រែន។
 
ថ្ងៃទី១០ ខែមីនា
 
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បានលើកឡើង មិនថាប្រទេសណាឈ្នះសង្រ្គាមនាពេលអនាគតរវាងតៃវ៉ាន់ និងចិនទេ វានឹងនាំមកនូវជ័យជម្នះដ៏វិនាសហិនហោច។ ប្រមុខការពារជាតិតៃវ៉ាន់ ទំនងចង់សំដៅដល់ការតស៊ូដល់ទីបំផុតរបស់តៃវ៉ាន់ទល់នឹងការឈ្លានពានណាមួយដែលនឹងមិនត្រឹមប្រើអាវុធធម្មតាឡើយ។
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទណ្ឌកម្ម ដែលប្រទេសជាច្រើនបានដាក់លើរុស្ស៊ី រួមទាំងសហភាពអឺរ៉ុប នឹងត្រលប់ទៅបណ្តាប្រទេសទាំងនោះវិញ តាមរយៈការកើនឡើងនៃតម្លៃប្រេង និងអាហារ។ បើតាមលោកពូទីន ទណ្ឌកម្មរបស់លោកខាងលិច នឹងធ្វើឱ្យរុស្ស៊ីកាន់តែមានឯករាជ្យ ភាពគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងមានអធិបតេយ្យពេញលេញ។

ថ្ងៃទី១១ ខែមីនា
 
លោក លី ខឹឈាំង នាយករដ្ឋមន្រ្តីចិន បានលើកឡើងថា ចិន នឹងសហការជាមួយសហគមន៍អន្តរជាតិ ក្នុងការរួមចំណែកនាំសន្តិសុខសម្រាប់អ៊ុយក្រែនឱ្យបានកាន់តែឆាប់។ មេដឹកនាំចិនរូបនេះ ក៏បានលើកទឹកចិត្តឱ្យអ៊ុយក្រែន និងរុស្ស៊ីដោះស្រាយជម្លោះតាមរយៈការចរចា និងជំរុញឱ្យទប់ស្កាត់ការរីកធំឡើងនៃជម្លោះផងដែរ។
 
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បួង យូន សុកយ៉ល បានលើកឡើងថា ​ទំនាក់ទំនង​កូរ៉េ​ខាង​ត្បូង​និង​ចិន​នឹង​អភិវឌ្ឍ​បន្ថែម​ទៀតទាំងផ្នែកការទូត ទាំងផ្នែកសេដ្ឋកិច្ច។ លោក យូន លើកឡើងបែបនេះនាជំនួបជាមួយអគ្គរដ្ឋទូតចិនប្រចាំសេអ៊ូលដែលនាំសារអបអរសារទពីប្រធានាធិបតី ស៊ី ជិនភីង ។
 
ថ្ងៃទី១២ ខែមីនា
 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ចេញតួលេខយោធារបស់ខ្លួន ដែលបានបាត់បង់ជីវិតជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមក។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ ទ័ពអ៊ុយក្រែនប្រមាណ ១៣០០នាក់ បានបាត់បង់ជីវិត ក្នុងការការពារមាតុភូមិខ្លួន ខណៈយោធារុស្ស៊ី បានស្លាប់រហូតដល់ជាង ១ម៉ឺននាក់ឯណោះ។
 
អាម៉េរិក លើកឡើងថា ខ្លួនកំពុងប្រញាប់ប្រញាល់ផ្តល់គ្រឿងសព្វាវុធដែលមាន​តម្លៃសរុបជាង ២០០​លាន​ដុល្លារបន្ថែមដល់អ៊ុយក្រែន។ គ្រឿងសព្វាវុធទាំងនេះរួមមាន អាវុធធុនតូច អាវុធប្រឆាំងរថក្រោះ និងយន្តហោះ ក្រោយមន្ត្រីអ៊ុយក្រែនស្នើសុំអាវុធបន្ថែម ដើម្បីប្រឆាំងនឹងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងរុស្ស៊ី៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com