អន្តរជាតិ
SIPRI៖ ការនាំចេញអាវុធអាម៉េរិក និងបារាំងកើនឡើង ខណៈរុស្ស៊ី ចិន និងអាល្លឺម៉ង់ធ្លាក់ចុះ
15, Mar 2022 , 9:41 am        
រូបភាព
យន្តហោះចម្បាំង Rafale ដែលអភិវឌ្ឍដោយក្រុមហ៊ុនបារាំង។ រូបភាព៖ AFP
យន្តហោះចម្បាំង Rafale ដែលអភិវឌ្ឍដោយក្រុមហ៊ុនបារាំង។ រូបភាព៖ AFP
ការនាំចេញ-នាំចូលអាវុធអន្តរជាតិនៅចន្លោះឆ្នាំ២០១២-២០១៦ និងឆ្នាំ២០១៧-២០២១ បានធ្លាក់ចុះ៤,៦ភាគរយ។ ចន្លោះពេលនេះ ការនាំចេញអាវុធរបស់អាម៉េរិក និងបារាំង នៅតែបន្តកើនឡើង ខណៈ រុស្ស៊ី ចិន និងអាល្លឺម៉ង់ បានធ្លាក់ចុះ។ ចំណែកការនាំចេញអាវុធរបស់អង់គ្លេសវិញក៏ធ្លាក់ចុះដែរ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល (SIPRI) ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា។

 
អាម៉េរិក រុស្ស៊ី បារាំង ចិន និងអាល្លឺម៉ង់ ជាប្រទេសចំនួន៥ ដែលនាំចេញអាវុធច្រើនជាងគេបំផុត នៅចន្លោះឆ្នាំ ២០១២-២០១៦ និង ២០១៧-២០២១។ ក្នុងចំណោមប្រទេសធំៗទាំង៥ នេះ ការនាំចេញអាវុធអាម៉េរិក និងបារាំង បានកើនឡើងជាលំដាប់ ខណៈរុស្ស៊ី ចិន និងអាល្លឺម៉ង បានធ្លាក់ចុះ។ ចំណែកអង់គ្លេស ក៏ធ្លាក់ចុះដែរ។ 
 
ការនាំចេញអាវុធអាម៉េរិក បើធៀបនឹងឆ្នាំ២០១២-២០១៦ ជាមួយឆ្នាំ២០១៧-២០២១ បានកើនឡើងចំនួន១៤ភាគរយ។ ទំហំនាំចេញអាវុធសរុបរបស់អាម៉េរិកក្នុងទីផ្សារអាវុធសកល បានកើនពី៣២ភាគរយ (ឆ្នាំ២០១២-២០១៦) ទៅ៣៩ភាគរយ (ឆ្នាំ២០១៧-២០២១)។ 
 
នៅចន្លោះឆ្នាំ ២០១៧ ដល់ ២០២១ អាម៉េរិក បាននាំចេញអាវុធច្រើនជាងរុស្ស៊ី លើសពីពីរដង។ តំបន់មជ្ឈិមបូព៌ា ជាទីផ្សារដ៏ធំមួយរបស់អាម៉េរិកក្នុងការនាំចេញអាវុធ និងមានទំហំប្រមាណ៤៣ភាគរយនៃការនាំចេញអាវុធសរុបរបស់អាម៉េរិក។ ការនាំចេញអាវុធរបស់អាម៉េរិកទៅអារ៉ាប៊ីសាអូឌីត បានកើនឡើងចំនួន១០៦ភាគរយ។
 
រុស្ស៊ី ជាប្រទេសនាំចេញអាវុធច្រើនជាងគេទីពីរ មានទំហំ ១៩ភាគរយ នៃការនាំចេញអាវុធសរុបរបស់ពិភពលោក នៅចន្លោះឆ្នាំ២០១៧ ដល់២០២១។ យ៉ាងណាមិញ បើធៀបឆ្នាំ២០១២-២០១៦ ជាមួយឆ្នាំ ២០១៧-២០២១ ការនាំចេញអាវុធរុស្ស៊ីបានធ្លាក់ចុះប្រមាណ ២៦ភាគរយ។ ហេតុផលនៃការធ្លាក់ចុះនេះ គឺដោយសារការបញ្ជាទិញអាវុធរបស់ឥណ្ឌា និងវៀតណាមថយចុះ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំខាងមុខ រុស្ស៊ីនឹងដឹកជញ្ជូនអាវុធឱ្យឥណ្ឌាដ៏ច្រើន។ 
 
ចំណែកបារាំងវិញ មានទំហំនៃការនាំចេញអាវុធសរុបនៅក្នុងទីផ្សារសកលចំនួន ១១ភាគរយ ក្នុងចន្លោះឆ្នាំ២០១៧ ដល់ ២០២១។ បើធៀបនឹងឆ្នាំ២០១២-២០១៦ ជាមួយ ២០១៧-២០២១ ការនាំចេញរបស់បារាំងបានកើនឡើងចំនួន ៥៩ភាគរយ។ 
 
បើធៀបនឹងឆ្នាំ ២០១២-២០១៦ ជាមួយឆ្នាំ ២០១៧-២០២១ ចិន ដែលជាប្រទេសនាំចេញអាវុធទី៤ បានថយចុះ ក្នុងការនាំចេញអាវុធចំនួន ៣១ភាគរយ ខណៈអាល្លឺម៉ង់ ប្រទេសនាំចេញអាវុធលំដាប់ទី៥ ធ្លាក់ចុះ ១៩ភាគរយ។ ដោយឡែកអង់គ្លេសវិញ បានធ្លាក់ចុះ ៤១ភាគរយ នៅចន្លោះឆ្នាំដូចគ្នានេះ។ អង់គ្លេសមានទំហំនាំចេញ ២,៩ភាគរយ នៅក្នុងទីផ្សារលក់អាវុធសកល។ ទន្ទឹមនេះ អ៊ីតាលី មានទំហំនាំចេញអាវុធចំនួន ៣,១ភាគរយ នៅក្នុងឆ្នាំ២០១៧-២០២១៕
 

Tag:
 SIPRI
  អាម៉េរិក
  បារាំង
  រុស្ស៊ី
  ចិន
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com