អន្តរជាតិ
ចិន ទទូចឱ្យអាម៉េរិកបញ្ឈប់ការយល់ខុសជុំវិញជំហរចិនលើជម្លោះអ៊ុយក្រែន-រុស្ស៊ី
15, Mar 2022 , 11:59 am        
រូបភាព
លោក យ៉ាង ជាឈី (ខាងឆ្វេង) សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក សាល់លីវែន នៅទីក្រុងរ៉ូម។ រូបភាព៖ Xinhua
លោក យ៉ាង ជាឈី (ខាងឆ្វេង) សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក សាល់លីវែន នៅទីក្រុងរ៉ូម។ រូបភាព៖ Xinhua
លោក យ៉ាង ជាឈី អ្នកការទូតជាន់ខ្ពស់ចិន នៅថ្ងៃទី១៤ ខែមីនា​ ប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកថា ចិនជំទាស់រាល់ពាក្យសម្តី និងសកម្មភាព ដែលផ្សាយព័ត៌មានខុស និងធ្វើឱ្យខូចជំហរចិនជុំវិញជម្លោះអ៊ុយក្រែន និងរុស្ស៊ី។ ការបញ្ជាក់របស់សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិនរូបនេះ ធ្វើឡើងបន្ទាប់ពីអាម៉េរិកព្រមានថា ចិននឹងទទួលរងផលវិបាកធ្ងន់ធ្ងរ បើផ្ដល់ជំនួយយោធា ឬជំនួយផ្សេងទៀតដល់រុស្ស៊ី។

 
លោក យ៉ាង ជាឈី សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន នៅថ្ងៃទី១៤ ខែមីនា បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក ស៊ូលីវែន (Jake Sullivan) នៅទីក្រុងរ៉ូម អ៊ីតាលី ដើម្បីជជែកលើបញ្ហាដូចជាទំនាក់ទំនងចិន-អាម៉េរិក និងការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន។ ជំនួប៧ម៉ោង ដែលមន្រ្តីអាម៉េរិកអះអាងថាមានភាពតានតឹងផង មិនបានសម្រេចផលអ្វីឡើយ ដោយភាគីទាំងពីរ បានត្រឹមផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាដែលបានកើតឡើងប៉ុណ្ណោះ។ 
 
ក្នុងជំនួបនេះ លោក យ៉ាង បានបញ្ជាក់ថា ចិនមិនចង់ឃើញស្ថានភាពនៅអ៊ុយក្រែន មានដូចអ្វីកើតឡើងពេលបច្ចុប្បន្នឡើយ។ ក្នុងន័យនេះ លោក​ យ៉ាង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្រកិច្ចចរចាប្រកបដោយសន្តិភាព ដើម្បីទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា រួមទាំងបន្ធូរបន្ធយភាពតានតឹងឱ្យបានកាន់តែឆាប់រហ័ស។
 
មិនតែប៉ុណ្ណោះ លោក យ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិនផងនោះ ក៏បានជំរុញឱ្យបញ្ឈប់ការយល់ឃើញខុស ជុំវិញជំហរចិនលើជម្លោះអ៊ុយក្រែន-រុស្ស៊ីផងដែរ។ កន្លងមក ចិន មិនបានបង្ហាញជំហររបស់ខ្លួនលើជម្លោះអ៊ុយក្រែន-រុស្ស៊ីឡើយ ហើយថែមទាំងមិនប្រើពាក្យឈ្លានពានចំពោះទង្វើរបស់រុស្ស៊ីថែមទៀត។ ការណ៍នេះ បានធ្វើឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តជំរុញឱ្យចិនដាក់សម្ពាធលើរុស្ស៊ី។
 
«ភាគីចិន ជំទាស់ជាដាច់ខាតរាល់ពាក្យសម្តី និងសកម្មភាព ដែលជាព័ត៌មានខុស និងបង្ខូចតួនាទីរបស់ចិន»។ ទីភ្នាក់ងារព័ត៌មាន​ Xinhua បានស្រង់សម្តីរបស់លោក យ៉ាង បែបនេះ។ មន្រ្តីចិនជាន់ខ្ពស់ ក៏បានជំរុញឱ្យភាគីទាំងអស់ គ្រប់គ្រងសកម្មភាពខ្លួនឱ្យបានខ្លាំងបំផុត ការពារប្រជាជនស៊ីវិល និងបង្ការវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ។ បើតាមលោក យ៉ាង ចិន នឹងខិតខំផ្តល់ជំនួយមនុស្សធម៌ទៅអ៊ុយក្រែនរហូតដល់ជម្លោះត្រូវបានបញ្ចប់។ 
 
ក្នុងជំនួបជួបផ្ទាល់នេះ លោក ស៊ូលីវែន ក៏បានព្រមានចិនជាថ្មីជុំវិញជំនួយយោធា និងជំនួយផ្សេងទៀតសម្រាប់រុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក។ លោក Price អះអាងថា តំណាងអាម៉េរិក បានបង្ហាញពីក្តីបារម្ភជុំវិញការគាំទ្ររបស់ចិនលើរុស្ស៊ី ហើយការគាំទ្រក្នុងការដាក់សម្ពាធលើចិន មិនមានត្រឹមតែអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្ព័ន្ធមិត្ត និងដៃគូអាម៉េរិក នៅអឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិកថែមទៀត។
 
ក្រៅពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន មន្រ្តីអាម៉េរិក និងចិន ក៏បានជជែកពីបញ្ហាកូរ៉េខាងជើង, ការគ្រប់គ្រងទំនាក់ទំនងទ្វេភាគី និងបញ្ហាតៃវ៉ាន់៕
 

Tag:
 ចិន
  អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com