អន្តរជាតិ
អ្នកសារព័ត៌មាន Fox News ២រូប បានបាត់បង់ជីវីត ក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
16, Mar 2022 , 4:29 pm        
រូបភាព
អ្នកពន្លត់អគ្គិភ័យនៅក្នុងទីក្រុង Kharkiv អ៊ុយក្រែន។ រូបភាព៖ Xinhua
អ្នកពន្លត់អគ្គិភ័យនៅក្នុងទីក្រុង Kharkiv អ៊ុយក្រែន។ រូបភាព៖ Xinhua
អ្នកសារព័ត៌មាន Fox News ចំនួនពីររូប ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយ នៅក្នុងភូមិ Gorenka ក្រៅទីក្រុងកៀវ នៅថ្ងៃទី១៤ ខែមីនា។ មកទល់ពេលនេះ អ្នកសារព័ត៌មានចំនួន ៣រូបហើយ បានបាត់បង់ជីវិត ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

 
លោក Pierre Zakrzewski អ្នកសារព័ត៌មានវីដេអូជើងចាស់ និងលោកស្រី Oleksandra Kuvshynova អ្នកសារព័ត៌មានឯករាជ្យរបស់សារព័ត៌មាន Fox News ត្រូវបានសម្លាប់នៅក្នុងភូមិ Gorenka ក្រៅទីក្រុងកៀវ។ រថយន្តរបស់អ្នកទាំងពីរ ត្រូវបានវាយប្រហារដោយការផ្លោងដាក់។ ឧបទ្ទវហេតុនេះ ត្រូវបានចោទថា បង្កដោយយោធារុស្ស៊ី។ 
 
ក្នុងលិខិតរំលែកទុក្ខ លោកស្រី  Suzanne Scott ប្រធានប្រតិបត្តិសារព័ត៌មាន Fox News បានសរសើរលោក Zakrzewski ដែលមានវ័យ៥៥ឆ្នាំ និងជាជនជាតិអៀរឡង់ គឺជាបុគ្គលដែលមានសមត្ថភាព ដោយបុគ្គលផ្សេងទៀត មិនអាចប្រៀបបាន។ ទន្ទឹមនេះ ប្រធានប្រតិបត្តិរូបនេះ បានសរសើរ លោកស្រី Kuvshynova ថាជាអ្នកសារព័ត៌មាន ដែលជួយឱ្យ Fox News ទទួលបានព័ត៌មានពីអ៊ុយក្រែន និងតំបន់ជុំវិញ។ បើតាមលោកស្រី Scott អ្នកសារព័ត៌មានឯករាជ្យជនជាតិអ៊ុយក្រែនរូបនេះ មានសមត្ថភាពដ៏អស្ចារ្យ។ 
 
បន្ទាប់ពីមរណភាពរបស់អ្នកសារព័ត៌មានទាំងពីររូបនេះ អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Audrey Azoulay បានថ្កោសទោសចំពោះករណីស្លាប់ខាងលើ។ អគ្គនាយិកាអង្គការយូណេស្កូ បានចាត់ទុកអ្នកសារព័ត៌មាន មានតួនាទីដ៏សំខាន់ ក្នុងការផ្តល់ព័ត៌មានអំឡុងពេលជម្លោះ និងមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារឡើយ។ ​​​​ក្នុងន័យនេះ លោកស្រី Audrey Azoulay បានអំពាវនាវឱ្យភាគីជម្លោះគោរពស្តង់ដាមនុស្សធម៌អន្តរជាតិ ដើម្បីធានាថា សុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងសមាជិកប្រព័ន្ធផ្សព្វផ្សាយត្រូវបានធានា។ 
 
ឧប្បទ្ទវហេតុនេះ កើតឡើងបន្ទាប់ពីអ្នកសារព័ត៌មានឯករាជ្យ និងធ្វើការជាមួយសារព័ត៌មាន The New York Times លោក Brent Renaud ត្រូវបានសម្លាប់ដោយយោធារុស្ស៊ី​ នៅក្នុងទីក្រុង Irpin អ៊ុយក្រែន។ ប៉ូលិសក្រុងកៀវ បានបញ្ជាក់បែបនេះ។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាម៉េរិកមួយរូបទៀត លោក Juan Arredondo ក៏បានរងរបួសដែរ។ 
 
ស្នងការសិទ្ធិមនុស្សរបស់សភាអ៊ុយក្រែន លោកស្រី Lyudmyla Denisova បានសរសេរលើប្រព័ន្ធ Telegram នៅថ្ងៃទី១៥ ខែមីនាថា អ្នកសារព័ត៌មានចំនួន ៣រូបហើយ បានបាត់បង់ជីវិត នៅក្នុងសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ខណៈអ្នកសារព័ត៌មានចំនួន ៣៥នាក់ផ្សេងទៀត បានរងរបួស។ អ្នកសារព័ត៌មាន ដែលរងរបួស គឺជាជនជាតិអង់គ្លេស ស្វ៊ីស និងដាណឺម៉ាក៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com