កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Villarreal បន្តដំណើរទៅកាន់វគ្គ១/៤នៃ Champions league ក្រោយឈ្នះរៀងៗខ្លួន
17, Mar 2022 , 11:59 am        
រូបភាព
រូបភាព៖Skysport.com
រូបភាព៖Skysport.com
ក្រុមតោខៀវ Chelsea បន្តធ្វើដំណើរទៅកាន់វគ្គ១/៤នៃពានរង្វាន់ Champions league ក្រោយយកឈ្នះលើក្រុម Lille ក្នុងលទ្ធផល ២-១ ។ Juventus វិញ ធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើងក្រុម Villarreal ក្រោយរងបរាជ័យដោយលទ្ធផល ៣-០ នាថ្ងៃទី១៧ ខែមីនា។


២គ្រាប់បន្ថែមនៅជើងទីពីររបស់ក្រុមតោខៀវ ធ្វើបានដោយកីឡាករ Christian Pulisic និង Cesar Azpilicueta ក្រោយពេលក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ១គ្រាប់មុខដោយកីឡាករ Burak Yilmaz។ សរុបលទ្ធផលទាំងពីរជើងដោយលទ្ធផល ៤-១  Chelsea អាចឡើងទៅវគ្គបន្ត។
 
ទោះបីជាកំពុងជួបបញ្ហាហិរញ្ញវត្ថុក្រោយរងឥទ្ធិពលទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស លោក Thomas Tuchel អ្នកចាត់ការក្រុមអះអាងថា នៅវគ្គបន្ទាប់ក្រុម Chelsea ចង់ក្លាយជាក្រុមដែលគ្មានក្រុមណាចង់ជួបឡើយ។
 
«ខ្ញុំចង់ឱ្យក្រុមក្លាយជាក្រុមដែលគ្មាននរណាម្នាក់ចង់ប្រកួតជាមួយ។ វាជាអ្វីដែលយើងចង់បាននៅវគ្គ៨ក្រុមចុងក្រោយ។»លោក Tuchel និយាយបែបនេះក្រោយចប់ការប្រកួត។
 
ចំណែកឯ Juventus ក៏ធ្លាក់ចេញពីពានរង្វាន់ Champions league ក្រោយចាញ់ក្រុម Villarreal ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Allianz Arena ។ ៣គ្រាប់របស់ Villarreal ធ្វើបានដោយកីឡាករ Gerard Moreno Pau Torres និង Arnaut Danjuma ហើយសរុបលទ្ធផលទាំងពីរជើង ៤-១។
 
ក្រោយរងបរាជ័យហើយធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមយ៉ាងអាម៉ាស់ លោក Massimiliano Allegri អ្នកចាត់ការក្រុមសេះបង្កង់និយាយថា លោកគ្មានការសោកស្តាយឡើយ ទោះធ្លាក់ចេញ ហើយក៏មិនរិះគន់កីឡាករខ្លួនផងដែរ។
 
«ខ្ញុំនៅតែបន្តលេងក្នុងគម្រោងទម្រង់ដដែលរបស់ខ្ញុំ។ យើងត្រូវតែទទួលយកការចាញ់នេះ។ វាពិតជាអាក្រក់ខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏មិនអាចពន្យល់បានឡើយអំពីហេតុអ្វីដែលក្រុមរបស់ពួកគេលេងបានល្អខ្លាំង»។ លោក Allegri ប្រាប់ទៅអ្នកកាសែតបែបនេះក្រោយចប់ការប្រកួត៕
 

Tag:
 Chelsea
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com