កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នឹងស្វែងរកអ្នកគាំទ្រ ដែលចោលដបទឹកលើគ្រូបង្វឹក AT Madrid ដើម្បីពិន័យ
17, Mar 2022 , 2:59 pm        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
Manchester United កំពុងស្វែងរកនិងកំណត់អត្តសញ្ញាណអ្នកគាំទ្រ ដែលបានចោលដបទឹកបរិសុទ្ធ លើអ្នកចាត់ការក្រុម Atletico Madrid លោក Diego Simeone។ អ្នកគាំទ្រទាំងនោះ នឹងត្រូវហាមឃាត់មិនឱ្យចូលទស្សនា ការប្រកួតរយៈពេល ៣ឆ្នាំ ។ នេះបើតាមការលើកឡើងរបស់ក្លិប Man Utd នាថ្ងៃទី១៦ខែមីនា។



អំឡុងចប់ប្រកួតជម្រុះវគ្គ១៦ក្រុម នាថ្ងៃទី១៦ ខែមីនា លោក Simeone បានរត់សំដៅទៅកាន់ច្រកចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ក្រុម ស្រាប់តែអ្នកគាំទ្រក្រុមបិសាចក្រហម Man Utd ចោលដបទឹកដាក់អ្នកចាត់ការក្រុម Atletico Madrid រូបនេះ។

មូលហេតុដែលអ្នកគាំទ្រ Man Utd ធ្វើបែបនេះ ដោយសារពួកគេទំនងជាខឹងលោក Simeone ដែលមិនព្រមចាប់ដៃជាមួយលោក Raft Rangnick គ្រូបង្វឹក Man Utd គួបផ្សំក្រុមធ្លាក់ចេញពី Champions League ថែមទៀត។
 
ទោះបីជាយ៉ាងនេះ ក្លិបស្ថិតនៅក្នុង Premier League មួយនេះ ក៏បានបើកការស្វែងរកអ្នកគាំទ្រ ដែលបានបង្កបញ្ហាយ៉ាងអាម៉ាស់នេះ តាមរយៈកាមេរ៉ា។
 
«យើងកំពុងតែត្រួតពិនិត្យកាមេរ៉ា CCTV ដើម្បីតំណត់អត្តសញ្ញាណអ្នកគាំទ្រដែលបានចោលដបទឹក ឬវត្ថុផ្សេងៗ ចូលក្នុងទីលានប្រកួតឱ្យមកទទួលខុសត្រូវ ចំពោះអាកប្បកិរិយាដែលបានប្រព្រឹត្តិ។ អ្នកគាំទ្រទាំងនោះ នឹងត្រូវហាមឃាត់មិនឱ្យទស្សនាការប្រកួត រយៈពេល៣ឆ្នាំ»។ នេះបើតាមអ្នកនាំពាក្យរបស់ក្លិប Man Utd ប្រាប់ទីភ្នាក់ងារ​ Reuters។
 
យ៉ាងណាមិញ ក្លិបបិសាចក្រហម Man Utd ក៏អាចនឹងរងពិន័យពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដោយឧប្បត្តិហេតុត្រូវបានកត់ត្រា ដោយមន្ត្រីតាមដានការប្រកួតទៀតផង៕

អត្ថបទទាក់ទង
 
 
 

Tag:
 Premier League
  Diego Simeone
© រក្សាសិទ្ធិដោយ thmeythmey.com