អន្តរជាតិ
ប្រធានាធិបតីកាហ្សាក់ស្ថាន ស្នើកែរដ្ឋធម្មនុញ្ញ ដើម្បីបន្ថយអំណាចរបស់ខ្លួន
17, Mar 2022 , 8:29 pm        
រូបភាព
លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។ រូបភាព៖ AFP
លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។ រូបភាព៖ AFP
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅថ្ងៃទី១៦ ខែមីនា បានស្នើឱ្យកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់អំណាចប្រធានាធិបតី។ បើតាមលោក Tokayev កាហ្សាក់ស្ថាន គួរតែផ្លាស់ប្តូរពីរបបប្រធានាធិបតីនិយមដែលប្រធានាធិបតីមានអំណាចខ្លាំង ទៅជារបបប្រធានាធិបតីនិយមជាមួយនឹងសភាមានអំណាចខ្លាំង។

 
ថ្លែងនៅក្នុងសភា ក្នុងថ្ងៃទី១៦ ខែមីនា ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានស្នើកែប្រែចំណុចមួយចំនួនក្នុងរដ្ឋធម្មនុញ្ញកាហ្សាក់ស្ថាន ដែលផ្ដល់អំណាចច្រើនដល់ប្រធានាធិបតី ពិសេសក្នុងអាណត្តិដឹកនាំរបស់លោក Nursultan Nazarbayev ។ លោក Nazarbayev គឺជាប្រធានាធិបតីកាហ្សាក់ស្ថានទីមួយ ចាប់តាំងពីប្រទេសនៅអាស៊ីកណ្តាលមួយនេះ បានប្រកាសឯករាជ្យ បន្ទាប់ពីសហភាពសូវៀតដួលរលំ។ 
 
ក្នុងសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Tokayev បានអំពាវនាវឱ្យផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតសភា និងបង្កើតតុលាការធម្មនុញ្ញឡើងវិញ។ មិនតែប៉ុណ្ណោះ លោក Tokayev ក៏ចង់បង្កើតខេត្ត៣ឡើងវិញ ដែលបានដាក់បញ្ចូលជាដែនរដ្ឋបាលតែមួយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ លោកក៏ស្នើ បែងចែកបក្សកាន់អំណាច ឱ្យដាច់ពីរដ្ឋាភិបាល និងកាត់បន្ថយចំនួនសមាជិកសភា ដែលតែងតាំងពីប្រធានាធិបតីដោយផ្ទាល់ និងមិនផ្ទាល់។ 
 
បន្ថែមពីលើនេះ មេដឹកនាំកាហ្សាក់ស្ថានរូបនេះ បានស្នើឱ្យធ្វើកំណែទម្រង់លើការចុះបញ្ជីបក្សនយោបាយផង។ ការកែប្រែនេះ នឹងធ្វើឱ្យបក្សនយោបាយងាយស្រួលចុះបញ្ជីជាងមុន ព្រោះបក្សនយោបាយមួយ អាចបង្កើតបាន ដោយតម្រូវឱ្យមានសមាជិកត្រឹម ៥ពាន់នាក់ប៉ុណ្ណោះ។ ចំនួននេះ ត្រូវបានកាត់បន្ថយពីចំនួន ២ម៉ឺននាក់។ 
 
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ធ្វើឡើងបន្ទាប់ពីកាហ្សាក់ស្ថានទើបតែរៀបចំស្ថិរភាពក្នុងប្រទេសឡើងវិញ ពីភាពវឹកវរនៅដើមឆ្នាំ២០២២។ កាលនោះ បាតុករ បានធ្វើបាតុកម្មជុំវិញតម្លៃប្រេងឡើងថ្លៃ និងការក្តាប់អំណាចរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nazarbayev នៅក្នុងប្រទេស បើទោះចុះចេញពីអំណាចក្នុងឆ្នាំ២០១៩ ក៏ដោយ។ 
 
ស្របពេលអស្ថិរភាពនៅក្នុងប្រទេស លោក Nazarbayev បានចុះចេញពីតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រោយមកចុះចេញពីប្រធានបក្ស Amanat ដែលជាបក្សកាន់អំណាចនៅកាហ្សាក់ស្ថាន។ មិនតែប៉ុណ្ណោះ សាច់ញាតិរបស់លោក Nazarbayev បានបាត់បង់តំណែងធំៗ នៅក្នុងរដ្ឋាភិបាល និងក្រុមហ៊ុនរដ្ឋជាច្រើនទៀត៕ 
 

Tag:
 កាហ្សាក់ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com