COVID-19
អន្តរជាតិ
លោក ស៊ី ជំរុញឱ្យទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានរហ័ស ស្របពេលករណីឆ្លងហក់ឡើងខ្លាំង
18, Mar 2022 , 10:42 am        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ AFP
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ AFP
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង នៅថ្ងៃទី១៧ ខែមីនា បានអំពាវនាវឱ្យចាត់វិធានការឱ្យបានរហ័សក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច។ ការជំរុញរបស់មេដឹកនាំចិនរូបនេះ ធ្វើឡើងស្របពេលចិនមានករណីឆ្លងជំងឺកូវីដ-១៩ លើសពី១ពាន់ករណីក្នុងមួយថ្ងៃ។

 
ចាប់តាំងពីថ្ងៃទី១៤ ខែមីនាមក ករណីឆ្លងជំងឺកូវីដ-១៩ នៅចិន បានហក់ឡើងលើសពី ១ពាន់ករណីជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី១៧ ខែមីនា​ ចិនបានរាយករណ៍ជំងឺកូវីដ-១៩ មានចំនួន ១៣១៧ករណី។ ស្របពេលករណីឆ្លងហក់ឡើងខ្ពស់បែបនេះ លោក ស៊ី ជិនភីង ប្រមុខបក្សកុម្មុយនីស្តចិន បានស្នើឱ្យរដ្ឋាភិបាលនៅគ្រប់កម្រិតបន្តកិច្ចខិតខំឱ្យបានខ្លាំងបំផុតក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ 
 
«ជ័យជម្នះ បានមកពីការបន្តកិច្ចខិតខំ»។ លោក ស៊ី បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន នៅថ្ងៃទី១៧ ខែមីនា។ លោកស៊ី ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានជំរុញឱ្យអាជ្ញាធរចិន ត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ភាពស្មុគស្មាញ និងបញ្ហាលំបាក លើការឆ្លើយតបនឹងជំងឺកូវីដ-១៩ ផងដែរ។
 
បើតាមមេដឹកនាំកំពូលចិនរូបនេះ ក្នុងពេលបច្ចុប្បន្ន អាជ្ញាធរចិន ត្រូវយកចិត្តទុកដាក់ ចំពោះប្រជាជនជាអាទិភាព ហើយចិន​ ត្រូវតែអនុវត្តវិធានការដោយផ្អែកលើគោលការណ៍វិទ្យាសាស្រ្ត។ ក្រៅពីនេះ មេដឹកនាំចិន បានជំរុញឱ្យមានកិច្ចខិតខំ ក្នុងការដោះស្រាយបញ្ហា នៅក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយក្នុងនោះ រួមទាំងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សម្ភារធ្វើតេស្ត និងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជាដើម។ 
 
កន្លងមក​ ចិន ជាប្រទេសមួយ ដែលទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អ និងមានករណីឆ្លងទាបនៅក្នុងប្រទេស បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុប និងអាម៉េរិកជាដើម។ បើទោះអនុវត្តគោលនយោបាយមិនលើកលែងលើជំងឺកូវីដ-១៩ ក៏ដោយ មួយរយៈចុងក្រោយនេះ ករណីឆ្លងជាចង្កោមនៅចិន បានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើន។ វីរុសបំប្លែងខ្លួនអូមីក្រុង គឺជាកត្តាមួយ ដែលធ្វើឱ្យចិន មានករណីឆ្លងផ្ទុះឡើងខ្លាំង។
 
ក្នុងសប្តាហ៍នេះ ចិនបានបិទខ្ទប់ក្រុងចំនួន ៥ ដែលមានប្រជាជនសរុបប្រមាណ ៣៧លាននាក់ ដូចជា ក្រុង Changchun, ក្រុង Jilin, ក្រុង Shenzhen, ក្រុង Dongguan និងក្រុង Langfang។ អាជ្ញាធរនៅក្នុងក្រុង បានអំពាវនាវឱ្យប្រជាជនហាមចាកចេញពីតំបន់របស់ខ្លួន លើកលែងតែទៅទិញម្ហូបអាហារ និងត្រូវការសេវាសង្រ្គោះបន្ទាន់។ 
 
ចិន មានករណីឆ្លងជំងឺកូវីដ-១៩ សរុបជាង ១២ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៤៦៣៦នាក់៕ ទន្ទឹមនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣,២១ពាន់លានដូសដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ១,២៤ពាន់លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com