កីឡាអន្តរជាតិ
អន្តរជាតិ
Europa League ៖ Barcelona វាយបកក្រុមតួកគីឡើងវគ្គ៨ក្រុម ឯ West Ham យកឈ្នះ Sevilla
18, Mar 2022 , 12:02 pm        
រូបភាព
ក្លិបបាល់ទាត់ Barcelona បានបន្តដំណើរទៅកាន់វគ្គ១/៤ នៃពានរង្វាន់លំដាប់ទីពីរអឺរ៉ុប Europa League ក្រោយឈ្នះលើក្រុម Galatasaray លទ្ធផល ២-១។ ចំណែកក្លិប West Ham United យកឈ្នះលើក្លិបខ្លាំង Sevilla លទ្ធផល ២-០ យ៉ាងលំបាកនាថ្ងៃទី១៨ខែមីនា។


ក្រុមអ្នកមានបុណ្យ Barcelona បានវាយមកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Galatasaray ដោយគ្រាប់បាល់២គ្រាប់រកដោយកីឡាករ Pedri Gonzalez នៅនាទី ៣៧ និងកីឡាករ Pierre-Emerick Aubameyang នៅនាទី៤៩។ ចំណែកក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ១គ្រាប់ដោយកីឡាករ Marcao នាទី ២៨។
 
ក្រោយទទួលបានជ័យជម្នះឡើងទៅកាន់វគ្គបន្ទាប់បែបនេះ លោក Xavi Hernandez អ្នកចាត់ការក្រុម Barca អះអាងថា លោកចង់ឱ្យក្រុមបន្តដំណើរបានវែងឆ្ងាយ។
 
«ការប្រកួតនៅថ្ងៃនេះគឺពិតជាសំខាន់។ វាជាការប្រកួតប្រជែងលំដាប់ថ្នាក់តំបន់អឺរ៉ុប ហើយពួកយើងចង់បន្តដំណើរឱ្យបានវែងឆ្ងាយបន្ថែមទៀត។»Xavi និយាយបែបនេះក្រោយចប់ការប្រកួត។
 
ជ័យជម្នះលើក្រុមខ្លាំងតួកគី ពេលនេះ ត្រូវបានលោក Xavi ចាត់ទុកជាសារទៅកាន់ក្រុម Real Madrid ដែលនឹងត្រូវជួបប្រកួតគ្នានាចុងសប្តាហ៍ខាងមុខ។
 
ចំណែកឯ លោក David Moyes អ្នកចាត់ការក្លិបញញួរយក្ស បានសរសើរកូនក្រុមរបស់លោកផងដែរ ក្រោយទោះយកឈ្នះលើក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla ។
 
ពីរគ្រាប់ជ័យជម្នះរបស់ ​West Ham United រកបានដោយកីឡាករ Tomas Soucek នៅនាទី ៣៩ និងមួយគ្រាប់នៅម៉ោងបន្ថែមនាទី ១១២ ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Andriy Yarmolenko ។ កាលពីជើងទីមួយ Sevilla យកឈ្នះដោយលទ្ធផល ១-0។
 
«នេះជាការបន្តដំណើរដ៏ខ្ពស់មួយសម្រាប់ក្រុមយើងដែលមិនធ្លាប់បានជួប។ យើងបានយកឈ្នះលើក្រុមដែលធ្លាប់ឈ្នះជ័យជើងឯកពានរង្វាន់មួយនេះជាប់ៗគ្នាច្រើនលើក ហើយការប្រកួតនេះគឺបង្ហាញភាពពិសេសមួយដល់ពួកយើង។ យើងនឹងបន្តធ្វើបែបនេះ។» នេះជាការលើកឡើងរបស់លោក Moyes។
 
ដោយឡែក RB Leipzig ឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ក្រោយ Spartak Moscow របស់រុស្ស៊ីជាប់បម្រាម។
 
ខាងក្រោមជាលទ្ធផលក្រុមផ្សេងទៀត៖
 
Atalanta យកឈ្នះក្រុម Bayer Leverkusen លទ្ធផល ៤-២ សរុបទាំងពីរជើង។
Rangers យកឈ្នះក្រុម FK Crvena Zvezda លទ្ថផល ៤-២ សរុបទាំងពីរជើង។
SC Braga យកឈ្នះក្រុម AS Monaco លទ្ធផល ៣-១ សរុបទាំងពីរជើង។
Eintracht Frankfurt យកឈ្នះក្រុម Real Betis លទ្ធផល ៣-២ សរុបទាំងពីរជើង។
Olympique Lyonnais យកឈ្នះក្រុម FC Porto លទ្ធផល ២-១ សរុបទាំងពីរជើង៕
 

Tag:
 West Ham United
  Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com