ជាតិ
លោក ងិន ឆាយ៖ ទោះការនាំចេញកើនឡើងក្តី តែកម្ពុជានៅតែជួបបញ្ហាភូតគាមអនាម័យ
18, Mar 2022 , 2:59 pm        
រូបភាព
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ រូបភាពដោយ ឈុំ ចន្ថា
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ រូបភាពដោយ ឈុំ ចន្ថា
ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារពិភពលោកមានការកើនឡើងទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ។ ត្បិតការនាំចេញកសិផលមានកំណើន ប៉ុន្តែលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អះអាងថា កម្ពុជានៅតែជួបបញ្ហាប្រឈមសំខាន់ៗជាច្រើន ដូចជាបញ្ហាភូតគាមអនាម័យជាដើម។



លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» នៅថ្ងៃទី ១៨ មីនា ថា ទោះការនាំចេញកើនឡើង តែកម្ពុជានៅតែជួបបញ្ហាសំខាន់ជាច្រើន។ បញ្ហាដែលលោក ងិន ឆាយ លើកឡើងខាងលើ គឺពាក់ព័ន្ធនឹងភូតគាមអនាម័យ ដែលកម្ពុជាត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់ភាគីនាំចូល។ 
  

ការវេចខ្វប់ស្វាយចន្ទី។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ លើកឡើងយ៉ាងដូច្នេះ៖ «យើងនៅខ្វះហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍វិទ្យាសាស្រ្តស្ដីអំពីសមាសភាពចង្រៃ ដែលយើងមិនទាន់មាន។ ហើយហេដ្ឋារចនាសម្ព័ន្ធមួយទៀត គឺការបង្កើតស្ថានីយស្រាវជ្រាវ និងត្រួតពិនិត្យភូតគាមអនាម័យនៅតាមតំបន់សំខាន់ៗ។ ដោយឈានទៅបង្កើតប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យតាមប្រព័ន្ធអេឡិចត្រូនិក។ នេះជាអ្វីដែលក្រសួងកសិកម្ម នឹងបន្តខិតខំប្រឹងប្រែងបន្តទៀត»។
 
ក្រៅពីបញ្ហាខាងលើ ការវេចខ្ចប់ និងលាងសម្អាតសមាសភាពចង្រៃក៏ជាបញ្ហាប្រឈមសម្រាប់ការនាំចេញផងដែរ។ លោក បន្តថា៖ «ការវិនិយោគទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វេចខ្ចប់ លាងសម្អាត និងសម្លាប់សមាសភាពចង្រៃនៅមានកម្រិតតិចតួចណាស់។ វាទាមទារឱ្យមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបែបនេះច្រើន ដើម្បីទាញយកផលិតផលដែលប្រមូលបាន មកសម្អាត និងកែច្នៃ ដើម្បីនាំចេញ»។ 
  

ដំណើរការប្រព្រឹត្តកម្មផ្លែស្វាយ។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាក់ទងនឹងបញ្ហានេះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់ក្រុមហ៊ុនឯកជនដែលនាំចេញកសិផល គួរពង្រីកកន្លែងសម្លាប់មេរោគឱ្យបានច្រើន ដើម្បីសម្រួលដល់ការនាំចេញតាមលក្ខខណ្ឌតម្រូវ៕
 

Tag:
 កសិកម្ម
  ងិន ឆាយ
 ភូតគាមអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com