អន្តរជាតិ
លោក ម៉ាក្រុង សន្យាកែទម្រង់សុខុមាលភាពសង្គម បើជាប់ឆ្នោតប្រធានាធិបតីមួយអាណត្តិទៀត
18, Mar 2022 , 9:29 pm        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ រូបភាព៖ AFP
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៧ ខែមីនា បានសន្យាធ្វើកំណែទម្រង់ប្រព័ន្ធសុខុមាលភាពសង្គម, ប្រព័ន្ធពន្ធ និងទីផ្សារកម្លាំងពលកម្ម ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីបារាំងនៅអាណត្តិទីពីរ។ បារាំងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីមួយខែទៀត។

 
ប្រជាប្រិយភាពរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានកើនឡើងយ៉ាងខ្លាំង នៅមុនការបោះឆ្នោតប្រធានាធិបតីក្នុងខែមេសាខាងមុខ។ ការទទួលបានការគាំទ្រនេះ ដោយសារកន្លងមក លោក ម៉ាក្រុង បានរួមចំណែកយ៉ាងខ្លាំង ក្នុងការចូលរួមដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ យ៉ាងណាមិញ មេដឹកនាំរូបនេះ ក៏រងសម្ពាធពីគូប្រជែងជុំវិញគោលនយោបាយសេដ្ឋកិច្ច និងសង្គមដែរ។ 
 
ដើម្បីស្វែងរកសំឡេងគាំទ្របន្ថែមទៀត មេដឹកនាំបារាំងចេញពីបក្ស Republique en Marche រូបនេះ បានសន្យាធ្វើកំណែទម្រង់លើប្រព័ន្ធសុខុមាលភាពសង្គម, បង្កើនអាយុចូលនិវត្តន៍ និងបន្តកាត់ពន្ធលើអាជីវកម្ម រួមទាំងផ្ទះសម្បែង។ លោកម៉ាក្រុង បានបន្តថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត លោកនឹងធ្វើកំណែទម្រង់លើការចូលនិវត្តន៍ ដែលលោកបរាជ័យនៅក្នុងអាណត្តិទីមួយ។ លោកម៉ាក្រុង បានស្នើផ្លាស់ប្តូរអាយុចូលនិវត្តន៍របស់ប្រជាជនពី ៦២ឆ្នាំ ទៅ៦៥ឆ្នាំ និងកំណត់ប្រាក់សោធននិវត្តន៍យ៉ាងហោចណាស់១២១៧ដុល្លារ ក្នុងមួយខែ។ 
 
«យើងស្ថិតនៅចំណុចតូចៗ ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដមួយ»។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានរយៈពេល ៤ម៉ោងនៅជាយក្រុងប៉ារីសក្នុងថ្ងៃទី១៧ ខែមីនា។ មេដឹកនាំរូបនេះ ក៏បានព្រមានពីវិបត្តិសកលផងដែរ ក្នុងនោះមានដូចជាជំងឺកូវីដ-១៩ ជម្លោះអ៊ុយក្រែន-រុស្ស៊ី បម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមលើភាពគ្រាប់គ្រាន់សម្រាប់ប្រទេសក្នុងវិស័យកសិកម្ម។ 
 
នៅក្នុងឆ្នាំ២០១៩ លោក ម៉ាក្រុង បានស្នើឱ្យធ្វើកំណែទម្រង់លើការចូលនិវត្តន៍ម្តងហើយ ប៉ុន្តែកាលនោះ វាបានធ្វើឱ្យប្រជាជនបារាំងធ្វើកូដកម្មយ៉ាងខ្លាំង។ កូដកម្មពេលនោះ មានរយៈពេលយូរជាងពេលណាទាំងអស់ បើគិតចាប់ពីឆ្នាំ ១៩៦៨។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ បានស្នើរុះរើប្រព័ន្ធផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្មានការងារធ្វើផង។ 
 
តាមការស្ទង់មតិកន្លងមក លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រច្រើនជាងគេ និងតាមពីក្រោយដោយលោកស្រី Marine Le Pen មកពីបក្ស National Rally។ មកទល់ពេលនេះ បេក្ខជនប្រជែងតំណែងប្រធានាធិបតីបារាំងមានចំនួន ១២រូប។ 
 
ការបោះឆ្នោតប្រធានាធិបតីបារាំង ជាធម្មតានឹងប្រព្រឹត្តទៅចំនួនពីរលើក។ លើកនេះ ជុំទីមួយ ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា និងលើកទីពីរប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា។ ប្រសិនបើ ការបោះឆ្នោតនៅជុំទីមួយ មិនមានបេក្ខភាពទទួលបានសំឡេងភាគច្រើនដាច់ខាត ការបោះឆ្នោតជុំទីពីរ នឹងត្រូវប្រព្រឹត្តឡើង។ បេក្ខភាពដែលទទួលបានសំឡេងច្រើនជាងគេពីរនាក់នៅជុំទីមួយ នឹងត្រូវប្រជែង ហើយអ្នកដែលទទួលសំឡេងច្រើនជាងគេ នឹងឈ្នះការបោះឆ្នោតតែម្ដង។ 
 
ក្នុងការបោះឆ្នោតលើកនេះ លោក ម៉ាក្រុង ត្រូវបានរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើនជាងគេនៅជុំទីមួយ ប៉ុន្តែគូប្រជែងនៅជុំចុងក្រោយ មិនទាន់ដឹងឡើយថាជានរណា។ តាមរដ្ឋធម្មនុញ្ញ ប្រធានាធិបតីបារាំង អាចកាន់តំណែងបានពីរអាណត្តិ ដោយមួយអាណត្តិមានរយៈពេល៥ឆ្នាំ៕ 
 

Tag:
 បារាំង
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com