ជាតិ
មន្រ្តីអាជ្ញាធរជាតិអប្សរា ស្នើអាជ្ញាធរមូលដ្ឋានទប់ស្កាត់សំណង់ខុសច្បាប់ អំឡុងពេលបោះឆ្នោត
20, Mar 2022 , 10:39 am        
រូបភាព
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ សំណង់ខុសច្បាប់ភាគច្រើន តែងកើតនាកំឡុងពេលបោះឆ្នោត ដែលបញ្ហានេះតែងកើតជារឿយៗ និងកើតជាភាពស្មុគស្មាញលើការគ្រប់គ្រងសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។ មន្រ្តីអាជ្ញាធរជាតិអប្សរា ស្នើដោយទទូចដល់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ទប់ស្កាត់សំណង់ខុសច្បាប់ នៅពេលបោះឆ្នោតខាងមុខនេះ។

 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល លើកឡើងថា ការអនុវត្តការគ្រប់គ្រងសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ នៅតែជួបការលំបាក។ ការលំបាក កើតឡើងដោយការមិនសហការគ្នាពីភាគីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន ដោយមិនបានរាយការណ៍ពីករណីសង់សំណង់ខុសច្បាប់ទាន់ពេលវេលា។ លោក ឡុង កុសល ដែលជាអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ ស្នើឱ្យមានការសហការគ្នាឡើងវិញ ដោយរិះរកវិធីសាស្រ្ដបែបណា ដោះស្រាយបញ្ហានេះឱ្យបានរលូន ដោយមិនត្រូវបែងចែកភាគីផ្សេងគ្នាដូច្នេះឡើយ ព្រោះភាគីទាំងអស់ សុទ្ធតែធ្វើការដើម្បីការពារបេតិកភណ្ឌជាតិ។
 
សិក្ខាសាលាមួយត្រូវបានរៀបចំឡើងកាលពីសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងបំណងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីក្នុងតំបន់១ និងតំបន់២។ 
 
ក្នុងសិក្ខាសាលានៅពេលនោះ លោក ឡុង កុសល បានលើកឡើងទៀតថា ពលរដ្ឋមួយចំនួន នៅតែឆ្លៀតឱកាសកំឡុងពេលបោះឆ្នោត ដើម្បីសង់សំណង់ខុសច្បាប់។ នៅពេលនេះក៏ដូចគ្នា ខណៈការបោះឆ្នោតឃុំសង្កាត់ជិតមកដល់ ចាំចាប់ត្រូវរៀបចំផែនការគ្រប់គ្រងរួចរាល់ ព្រោះនៅមានពលរដ្ឋខ្លះ កំពុងរិះរកវិធីដើម្បីលួចសង់សំណង់ខុសច្បាប់។ 
 
លោក ឡុង កុសល បានលើកករណីនៅអំឡុងពេលបោះឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ ២០១៧ ដែលពេលនោះ កើតមានសំណង់ខុសច្បាប់រាប់សិបកន្លែង ហើយអង្គការយូណេស្គូ បានឱ្យកម្ពុជាដោះស្រាយបញ្ហានេះ។ លោក ឡុង កុសល៖« នៅចាំ ២០១៧ ទេ ដើររើសំណង់ខុសច្បាប់ ក្នុងសន្និបាតរដ្ឋបាលខេត្តក៏បាននិយាយដែរករណីនេះ បើយើងបន្ធូពេកទៅជាបញ្ហា ដើររុះរើឡើងវិញ មេរៀន២០១៧ នឹងអាចត្រឡប់មកវិញ...ខ្ញុំសូមបញ្ជាក់ថា បញ្ហានៅ២០១៧ មិនទាន់បញ្ចប់ទេ ខាងយូណេស្គូនៅតែបន្តតាមដានឆ្លើយតបៗរហូត មកប្រជុំរំឭកៗ»។
 
ជាថ្មីម្ដងទៀត លោក ឡុង កុសល ស្នើឱ្យមន្រ្តីតាមសង្កាត់ ភូមិ ឃុំ ដែលនៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ពិគ្រោះគ្នា សហការគ្នា ដោយមិនត្រូវចង់ឈ្នះរៀងៗខ្លួនទេ។ ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមគ្រប់រូបភាពក្នុងន័យ សហប្រតិបត្តិការ រកវិធីដោះស្រាយទប់ស្កាត់សំណង់ខុសច្បាប់ ដើម្បីថែរក្សាតម្លៃបេតិកភណ្ឌឱ្យបានគង់វង្ស៕
 
 
 
 

Tag:
 សំណង់ខុសច្បាប់
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com