អន្តរជាតិ
រុស្ស៊ី ប្រើមីស៊ីលមានល្បឿនលឿនជាងសំឡេងលើកដំបូង ដើម្បីបំផ្លាញឃ្លាំងអាវុធអ៊ុយក្រែន
20, Mar 2022 , 8:19 pm        
រូបភាព
ប្រជាជនអ៊ុយក្រែន។ រូបភាព៖ AFP
ប្រជាជនអ៊ុយក្រែន។ រូបភាព៖ AFP
រុស្ស៊ី នៅថ្ងៃទី១៩ ខែមីនា បានអះអាងថា ខ្លួនបានប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេងលើកដំបូង ដើម្បីបំផ្លាញឃ្លាំងស្តុកអាវុធរបស់អ៊ុយក្រែន នៅក្នុងភូមិមួយ ដែលមានព្រំដែនជាប់ជាមួយរូម៉ានី។ ការបាញ់ប្រហារនេះ ធ្វើឡើងមុនពេលប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យក្រុងមូស្គូចូលតុចរចាជាថ្មី។

 
បន្ទាប់ពីប្រកាសបើកប្រតិបត្តិការពិសេស យោធារុស្ស៊ី បានវាយប្រហារមូលដ្ឋានយោធា និងសម្ភារយោធាជាច្រើនគ្រឿង ដើម្បីធ្វើឱ្យកម្លាំងយោធាអ៊ុយក្រែនថមថយ។ ជាលើកដំបូងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីនៅថ្ងៃទី១៩ ខែមីនា បានប្រកាសប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេង ដើម្បីវាយប្រហារលើឃ្លាំងអាវុធរបស់អ៊ុយក្រែន។ 
 
រុស្ស៊ី ក្នុងថ្ងៃទី១៩ ខែមីនា បានអះអាងថា ខ្លួនបានប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេង Kinzhal វាយប្រហារលើឃ្លាំងអាវុធនៅក្នុងភូមិ Deliatyn របស់អ៊ុយក្រែន ដែលជាប់ព្រំដែនជាមួយរូម៉ានី នៅថ្ងៃទី១៨ ខែមីនា។ កន្លងមក មូស្គូ មិនធ្លាប់ប្រកាសប្រើអាវុធជំនាន់ចុងក្រោយបែបនេះឡើយ។ មីស៊ីលមានល្បឿនលឿនជាងសំឡេង មានល្បឿនលឿនខ្លាំង និងអាចគេចចេញពីប្រព័ន្ធប្រឆាំងមីស៊ីលបានយ៉ាងល្អ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបញ្ជាក់ផងដែរថា សត្រូវបានវាយប្រហារលើឃ្លាំងស្តុកអាវុធ ប៉ុន្តែអ៊ុយក្រែន មិនអាចកំណត់មីស៊ីលនោះបានឡើយ។ 
 
ក្នុងថ្ងៃទី១៩ ខែមីនាដដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យរុស្ស៊ីចូលតុចរចាជាថ្មី បន្ទាប់ពីកិច្ចចរចាលើកមុនមិនទទួលបានផ្លែផ្កា។ បើតាមលោក ហ្សេលេនស្គី រុស្ស៊ីនឹងរងការខូចខាតជាច្រើនជំនាន់ បើមិនមានកិច្ចចរចាជាមួយអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បស្ចិមប្រទេស និងបណ្តាប្រទេសផ្សេងទៀត បានដាក់ទណ្ឌកម្មលើក្រុងមូស្គូជាបន្តបន្ទាប់ ដើម្បីឱ្យបញ្ឈប់ប្រតិបត្តិការយោធា។ យ៉ាងណាមិញរុស្ស៊ី បានដាក់ប្រទេសទាំងនោះក្នុងបញ្ជីអមិត្ត និងដាក់ទណ្ឌកម្មលើអាម៉េរិក និងកាណាដាតបវិញ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com