ជាតិ
តាសក់, ត្រប់ស្រួយ របស់កសិករ ស៊ីន ផល ទទួលបានទន្និផលច្រើនជាងមុន ក្រោយដាំដុះតាម​បច្ចេកទេសកសិកម្ម
21, Mar 2022 , 7:59 am        
រូបភាព
កសិករ ស៊ីន ផល (រូបខាងឆ្វេង) និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
កសិករ ស៊ីន ផល (រូបខាងឆ្វេង) និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
ភ្នំពេញ៖  លោក ស៊ីន ផល ជា​កសិករ​ដាំដំណាំតាសក់ និងត្រប់ស្រួយនៅ​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ក្រោយអនុវត្តតាមការបង្ហាត់បង្រៀន និងការណែនាំបច្ចេកទេសកសិកម្មថ្មីពីមន្រ្តីជំនាញមក បាន​ធ្វើឱ្យដំណាំរបស់លោក ស៊ីន ផល ទទួលបានទន្និផលល្អ ពិសេសជួយកាត់បន្ថយការចំណាយលើការដាំដុះ។


លោក ស៊ីន ផល ជាកសិករដាំដុះបន្លែ តាសក់ និងត្រប់ស្រួយ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នកសិកររូបនេះ កំពុងដាំដំណាំតាសក់លើផ្ទៃដី ២ ៥០០ម៉ែត្រការ៉េ ដោយ​អាចប្រមូលផលបាន ៥០០គីឡូក្រាមក្នុងមួយថ្ងៃ។ ផ្លែតាសក់ របស់កសិករ ផល អាចលក់បានតម្លៃ ៨០០រៀលក្នុងមួយគីឡូក្រាម។ ដោយឡែក ដំណាំត្រប់ស្រួយវិញ លោក ស៊ីន ផល បានដាំដុះលើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ ដោយអាចប្រមូលផលបានចន្លោះពី ៥០ ទៅ ១០០គីឡូក្រាមក្នុងមួយថ្ងៃ និងអាចលក់បានតម្លៃ ១ ០០០រៀលក្នុងមួយគីឡូក្រាម។ 


 រូបភាពពីហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

«កាលពីមុន ខ្ញុំមិនបានអនុវត្តតាមបច្ចេកទេសនោះទេ ដែលត្រូវចំណាយកម្លាំងពលកម្មក្នុងការថែទាំ ការប្រើប្រាស់ទឹកស្រោចស្រពច្រើន និងការប្រើប្រាស់ជីខ្ជះខ្ជាយជាដើម ហើយការទទួលទិន្នផលក៏មិនសូវបានល្អទេ»។ នេះជាការលើកឡើងរបស់កសិករ ស៊ីន ផល ដោយបន្ថែមថា បន្ទាប់ពីអនុវត្តតាមការបង្ហាត់បង្រៀន និងការណែនាំបច្ចេកទេសកសិកម្មថ្មីពីមន្រ្តីជំនាញមក បានធ្វើឱ្យផលដំណាំរបស់លោក លូតលាស់បានល្អ ងាយស្រួលគ្រប់គ្រង និងកាត់​បន្ថយចំណាយលើកម្លាំងពលកម្ម និងជីផងដែរ។
 
នាឱកាសចុះពិនិត្យការផលដំណាំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានកោតសរសើរដល់​កសិករខាងលើ ដែលចាប់យកបច្ចេកទេសពីមន្ត្រីជំនាញ ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ និងភាពមិននឹងននៃសេដ្ឋកិច្ចបច្ចុប្បន្ន។ ប្រធានមន្ទីរកសិកម្មរូបនេះ បន្តថា៖ «វិបត្តិកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយគ្រែន ពិតជាធ្វើឱ្យធាតុចូលកសិកម្មឡើងថ្លៃ។ ដូច្នេះការអនុវត្តតាមស្តង់ដារបច្ចេកទេស កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្មខ្ជះខ្ជាយ និងជំនួសមកវិញនូវធាតុចូលដែលអាចកែច្នៃបានដោយខ្លួនឯងពីសារធាតុនៅជុំវិញខ្លួនពិតជាចាំបាច់»។ 
 


រូបភាពពីហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

ដើម្បីធានាឱ្យការដាំដុះនេះ មាននិរន្តរភាព និងរក្សាបានចំណូល លោក ហេង ពិសិដ្ឋ ជំរុញឱ្យកសិករត្រូវបន្តអនុវត្តតាមការណែនាំបច្ចេកទេសពីមន្រ្តីជំនាញ និងថែទាំប្រព័ន្ធស្រោចស្រព។ ជាមួយគ្នានេះ កសិករគួរ​ពិចារណាដាំរុក្ខជាតិគម្របដី មុនដាំដំណាំដែលត្រូវដាំ ដើម្បីឱ្យដីមានជីជាតិ ដីធូរល្អ រក្សាសំណើមដី និងផលប្រយោជន៍ផ្សេងៗទៀត។ លើសពីនេះ កសិករគួរកែច្នៃកាកសំណល់ផ្សេងៗ បន្ទាប់ពីប្រមូលផល និងវត្ថុធាតុដើមជុំវិញខ្លួន ដើម្បីកែច្នៃធ្វើជាជីកំប៉ុស្ត ជំនួសជីគីមីបានមួយចំនួនធំ ព្រមទាំងកែលម្អដីឱ្យផុសល្អ។ 
 
លោក ហេង ពិសិដ្ឋ បន្ថែមថា កសិករត្រូវចិញ្ចឹមសត្វ មាន់ ទា ជ្រូក គោ ដើម្បីយកលាមកមកជំនួសជីគីមី។ ជាពិសេសការចិញ្ចឹមគោ ក្របី ជ្រូក ហើយធ្វើឡជីវឧស្ម័ន ដែលនឹងផ្តល់ផលប្រយោជន៍ដូចជា ចំហេះសម្រាប់ដាំស្ល បំភ្លឺ ហើយអាចផលិតជីធម្មជាតិ ជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។ ប្រធានមន្ទីរកសិកម្មរូបនេះ លើកទឹកចិត្តដល់កសិករគួរចងក្រងជាក្រុមផលិត ឬសហគមន៍កសិកម្ម ដោយរៀបចំផែនការផលិត ដើម្បី​ឆ្លើយតបការតម្រូវរបស់ទីផ្សារ។ នេះបើតាមហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ៕


 លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។រូបភាពពីហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
 

Tag:
 កសិកម្ម
  ត្បូងឃ្មុំ
  តាសក់
  ត្រប់ស្រួយ
© រក្សាសិទ្ធិដោយ thmeythmey.com