អន្តរជាតិ
លោក គីស៊ីដា អរគុណកម្ពជាដែលបន្តគាំទ្រជប៉ុនក្លាយជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ
21, Mar 2022 , 11:06 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ ។ រូបភាព៖ Facebook សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ ។ រូបភាព៖ Facebook សម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជា និងជប៉ុន នៅថ្ងៃទី២០ ខែមីនា បានទទួលស្គាល់ថា ស្ថានការណ៍នៅអ៊ុយក្រែន បានបង្ហាញពីភាពចាំបាច់ ក្នុងការសម្រេចបានកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យបានឆាប់រហ័ស។ លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន បានអរគុណកម្ពុជាចំពោះការមិនផ្លាស់ប្តូរ ក្នុងការគាំទ្រធ្វើកំណែទម្រង់ UNSC និងគាំទ្រជប៉ុនឱ្យក្លាយជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ។

 
ចាប់តាំងពីអង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ ១៩៤៥ មកទល់ពេលនេះ ក្រុមប្រឹក្សាសន្តិសុខនៅតែមានសមាជិក ១៥ប្រទេសដដែល ដោយ ៥ប្រទេស ជាសមាជិកអចិន្រ្តៃយ៍ និង១០ប្រទេស ជាសមាជិកមិនអចិន្រ្តៃយ៍។ កន្លងមក សមាជិកអចិន្រ្តៃយ៍ទាំង ៥ប្រទេស​ តែងប្រើសិទ្ធិវេតូ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យបញ្ហាមួយចំនួន ត្រូវជាប់គាំង។ 
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ បារាំង កន្លងមក បានស្នើឱ្យកាត់បន្ថយសិទ្ធិអំណាចវេតូ របស់សមាជិកអចិន្រ្តៃយ៍ទាំង ៥ប្រទេស ក្នុងករណីមានហិង្សាទ្រង់ទ្រាយធំ។ មិនតែប៉ុណ្ណោះ ឥណ្ឌា និងជប៉ុនជាដើម ក៏ចង់ឱ្យមានការធ្វើកំណែទម្រង់សមាជិក ដើម្បីឱ្យខ្លួនក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខផងដែរ។ 
 
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា នៅថ្ងៃទី២០ ខែមីនា ប្រមុខរដ្ឋាភិបាលជប៉ុន និងកម្ពុជា បានជជែកពីបញ្ហាធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដែលមិនអាចដោះស្រាយបញ្ហា ឬជម្លោះធំៗបាន។ ជុំវិញបញ្ហាអ៊ុយក្រែន នៅចុងខែកុម្ភៈ រុស្ស៊ីបានប្រើសិទ្ធិវេតូលើសេចក្តីសម្រេចមួយ ដែលទាមទារឱ្យក្រុងមូស្គូផ្អាកសកម្មភាពយោធា។
 
«ស្ថានការណ៍នៅអ៊ុយក្រែនបានបង្ហាញថា ការសម្រេចបាននូវកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខឱ្យបានឆាប់រហ័ស ជាកិច្ចការចាំបាច់ ដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរ»។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយបន្តថា ថ្នាក់ដឹកនាំទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចកំណែទម្រង់មួយនេះ។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីជប៉ុន ក៏បានថ្លែងអំណរគុណកម្ពុជា ចំពោះការគាំទ្រមិនផ្លាស់ប្តូរលើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ រួមទាំងគាំទ្រជប៉ុនឱ្យក្លាយជាសមាជិកអចិន្រ្តៃយ៍ថែមទៀត។ 
 
ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី២០ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោកស្រី Ono Hikariko បានលើកឡើងថា វាគ្មានការផ្លាស់ប្តូរអ្វីឡើយនៅក្នុងរចនាសម្ព័ន្ធក្រុមប្រឹក្សាសន្តិសុខក្នុងពេលបច្ចុប្បន្ន។ បើតាមអ្នកនាំពាក្យរូបនេះ ពិភពលោក គួរតែធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខខ្លាំងជាងមុន ដើម្បីដោះស្រាយបញ្ហាសហគមន៍អន្តរជាតិ។ 
 
គួររម្លឹកថា នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៤ ខែមីនាកន្លងទៅ បានថ្លែងប្រាប់សភាជប៉ុនថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្ហាញពីតម្រូវការសណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយ។ បើតាមលោក គីស៊ីដា ជប៉ុន នឹងបន្តកិច្ចសហការជាមួយបណ្តាប្រទេសមួយចំនួន ដូចជាបារាំង ដើម្បីធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ៕
 

Tag:
 កម្ពុជា
 ​ រុស្ស៊ី
  UNSC
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com