អន្តរជាតិ
ក្រសួងការបរទេសជប៉ុន៖ ទស្សនកិច្ចនាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជា ទទួលជោគជ័យយ៉ាងធំធេង
21, Mar 2022 , 2:01 pm        
រូបភាព
លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ចាកចេញពីកម្ពុជា នៅថ្ងៃទី២១ ខែមីនា។ រូបភាព៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ចាកចេញពីកម្ពុជា នៅថ្ងៃទី២១ ខែមីនា។ រូបភាព៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោកស្រី​ Ono Hikariko នៅយប់ថ្ងៃទី២០ ខែមីនា បានអះអាងថា ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា ហ្វូមីអូ នៅកម្ពុជា បានទទួលជោគជ័យយ៉ាងធំធេង។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ជំនួបរវាងមេដឹកនាំកម្ពុជា-ជប៉ុន បានជួយអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្ពស់ជាងមុន។ 

 
បន្ទាប់ពីជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និងសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធវីដេអូ Zoom នៅយប់ថ្ងៃទី២០ ខែមីនា ជុំវិញដំណើរទស្សនកិច្ចមេដឹកនាំជប៉ុន នៅកម្ពុជា។ 
 
«ទស្សនកិច្ចរយៈពេលខ្លីរបស់នាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជា បានទទួលជោគជ័យយ៉ាងធំធេង»។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន Ono Hikariko បានបញ្ជាក់ច្បាស់ៗបែបនេះ ដោយបន្ថែមថា ជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្តល់ឱកាសសម្រាប់កម្ពុជា និងជប៉ុន អភិវឌ្ឍទំនាក់ទំនងទ្វេភាគីទៅកម្រិតកាន់តែខ្ពស់បន្ថែមទៀត។ ទន្ទឹមនេះ លោកស្រី Ono បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើបញ្ហាជំងឺកូវីដ-១៩ ទាំងនៅក្នុងតំបន់ និងពិភពលោក។ 
 
ក្រៅពីនេះ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ក៏បានឆ្លើយសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន-រុស្ស៊ី ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ហាមូលដ្ឋានយោធានៅកំពង់ផែរាម និងការបង្កើនឥទ្ធិពលចិននៅក្នុងតំបន់ជាដើម។ 
 
សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី២០ ខែមីនា បានចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានទទួលស្គាល់ថា ទំនាក់ទំនងប្រទេសទាំងពីរ គឺស្ថិតនៅចំណុចល្អបំផុត ដែលពុំធ្លាប់មាន។ មេដឹកនាំប្រទេសទាំងពីរ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការទប់ស្កាត់ជំងឺកូវីដ-១៩ សន្តិសុខ និងប្រព័ន្ធឌីជីថលជាដើម។ 
 
បញ្ហាតំបន់ដូចជាជម្លោះអ៊ុយក្រែន-រុស្ស៊ី បញ្ហាមីយ៉ាន់ម៉ា ការសាកល្បងមីស៊ីលនុយក្លេអ៊ែរ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការរំសាយអាវុធនុយក្លេអ៊ែរ ក៏ត្រូវបាននាយករដ្ឋមន្រ្តីប្រទេសទាំងពីរលើកយកមកជជែកផងដែរ៕ 
 

Tag:
 ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com