អន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចង់ស្នើដាក់ភាសាម៉ាឡេ ជាភាសាទីពីររបស់អាស៊ាន
23, Mar 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប។ រូបភាព៖ Xinhua
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប។ រូបភាព៖ Xinhua
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក​ អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប នៅថ្ងៃទី២៣ ខែមីនា បានលើកឡើងថា ម៉ាឡេស៊ី នឹងពិភាក្សាជាមួយមេដឹកនាំតំបន់ផ្សេងទៀតដើម្បីបញ្ចូលភាសាម៉ាឡេ ក្លាយជាភាសាទីពីររបស់អាស៊ាន។ ភាសាទីមួយរបស់អាស៊ាន គឺអង់គ្លេស។

 
ជាចម្លើយទៅកាន់សភាជាន់ខ្ពស់ នៅក្នុងថ្ងៃទី២៣ ខែមីនា លោក អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប បានអះអាថា ក្រៅពីម៉ាឡេស៊ី បាហាសាម៉ាឡាយូ ត្រូវបានប្រើប្រាស់នៅឥណ្ឌូណេស៊ី ព្រុយណេ សិង្ហបុរី ភាគខាងត្បូងរបស់ថៃ និងមួយផ្នែកនៅកម្ពុជា។ ក្នុងអំឡុងទស្សនកិច្ចមកកម្ពុជា ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ត្រូវបានប្រាប់ថា ម៉ាឡេ-ចាម ប្រើប្រាស់ភាសាម៉ាឡេមានចំនួន ៨០ម៉ឺននាក់ ខណៈនៅវៀតណាមមានចំនួនប្រមាណ១៦ម៉ឺននាក់ដែរ។ ទន្ទឹមនេះ ប្រជាជនមួយផ្នែកតូចនៅឡាវ ក៏និយាយភាសាម៉ាឡេដែរ។ 
 
«ដោយនៅក្នុងតំបន់ទាំងមូល ប្រជាជនអាចនិយាយភាសាម៉ាឡេបាន។ ដូចនេះ វាគ្មានហេតុផលអ្វីដែលយើងមិនអាចធ្វើឱ្យភាសាម៉ាឡេ ក្លាយជាភាសាផ្លូវការរបស់អាស៊ានបានឡើយ»។ លោក សាប៊ី្រ យ៉ាកុប បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោកនឹងពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់បន្ថែមទៀតជាពិសេសជាមួយប្រទេស​ ដែលមានប្រជាជននិយាយភាសាម៉ាឡេ។ 
 
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ បង្ហាញក្តីសង្ឃឹមថា ភាសាម៉ាឡេ អាចជាភាសាទីពីររបស់អាស៊ាន ដោយសារជារៀងរាល់ថ្ងៃប្រជាជនអាស៊ានច្រើនជាង ៣០០លាននាក់ និយាយភាសាម៉ាឡេ។ មិនតែប៉ុណ្ណោះ ម៉ាឡេជាភាសាទី៧ ដែលមានប្រជាជននិយាយច្រើនជាងគេ នៅក្នុងពិភពលោក។ 
 
ទន្ទឹមនេះ លោកសាប៊ី្រ យ៉ាកុប បានបន្តថា ប្រទេសអាស៊ានចំនួន ៤ប៉ុណ្ណោះ ក្នុងចំណោម ១០ប្រទេស​ បានប្រើប្រាស់ភាសាអង់គ្លេសក្នុងវេទិកាអន្តរជាតិ ខណៈប្រទេសផ្សេងទៀត បានប្រើភាសាជាតិរបស់ខ្លួន ហើយមានការបកប្រែសិន។ បើតាមលោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកតែងស្នើឱ្យក្រសួងការបរទេស រៀបចំឯកសារជាភាសាម៉ាឡេ ក្នុងពេលទស្សនកិច្ចនៅបរទេស ហើយលោកក៏មិនខ្មាសបរទេស ក្នុងការនិយាយជាភាសាម៉ាឡេដែរ ព្រោះនេះជាគម្រោងគោលនយោបាយការបរទេសរបស់ម៉ាឡេស៊ី ដែលបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១ មក។ 
 
ក្រោមគោលនយោបាយពង្រឹងភាសាជាតិ ម៉ាឡេស៊ី ក៏បានស្នើឱ្យមានការបង្រៀនភាសាម៉ាឡេ នៅតាមស្ថានទូត ឬស្ថាប័នរបស់ម៉ាឡេស៊ីនៅបរទេសដែរ ដើម្បីបង្រៀនកូនៗរបស់មន្រ្តីទាំងនោះ ឱ្យចេះភាសាម៉ាឡេបានច្បាស់៕
 

Tag:
 ម៉ាឡេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com