ជាតិ
រដ្ឋរឹបអូសដីជាង ៦ម៉ឺនហិកតា ពីពលរដ្ឋដែលទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ នៅបឹងទន្លេសាប
24, Mar 2022 , 10:28 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ដាំកូនឈើលើផ្ទៃដីជាង ៦ម៉ឺនហិកតា ដែលបានរឹបអូសពីពលរដ្ឋ និងឈ្មួញកាប់ទន្ទ្រានខុសច្បាប់ ជុំវិញបឹងទន្លេសាបនាពេលកន្លងមក។

 
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យដាំកូនឈើក្នុងផ្ទៃដីជាង៦ម៉ឺនហិកតា ដើម្បីប្រែក្លាយតំបន់នោះទៅជាព្រៃលិចទឹក និងផ្ដល់ជម្រក និងបង្កើនធនធានត្រីជុំវិញបឹងទន្លេសាប។ 
សម្ដេច សង្កត់ធ្ងន់ថា ប្រសិនបើ មិនបង្រ្កាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកនេះទេ ផលប្រយោជន៍ជាតិនឹងត្រូវបាត់បង់។ 
 
សម្ដេច ថ្លែងយ៉ាងដូច្នេះថា៖«រឿងគឺបាត់បងព្រៃលិចទឹក និងធនធានត្រី។ ឥឡូវ ដីជាង៦ម៉ឺនហិកតា ត្រូវដាំព្រៃលិចទឹកឡើងវិញ ដើម្បីការពារទន្លេសាបរបស់យើង។ ហើយសូមកុំឱ្យមានបន្តសកម្មភាពទៀត(មន្រ្តី) នេះចេះយើងយកមកបានជាង ៦ម៉ឺនហិកតាត្រឡប់មកវិញ។ អ៊ីចឹងប្រសិនបើ ខ្ញុំមិនបញ្ជាឱ្យធ្វើសកម្មភាពទេ វាមិនត្រឹមតែមិនទទួលបានជាង ៦ម៉ឺនហិកតានោះទេ គឺត្រូវបាត់បងថែមទៀត»។ 
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់​ និងនេសាទ បានឱ្យដឹងថា មកដល់ពេលនេះ មានពលរដ្ឋជាង ១៤ ០០០គ្រួសារ បានស្ម័គ្រប្រគល់ដីជូនរដ្ឋវិញ ក្នុងទំហំជាង ៦ម៉ឺនហិកតា និងបានដាំកូនឈើព្រៃលិចទឹកចំនួនជាង ៤៤ ០០០ដើម និងឫស្សីជិត១ពាន់ដើម កូនត្នោតជាង ៣០០ដើម និងគ្រាប់ត្នោតជាង២៧ម៉ឺនគ្រាប់៕  
 
 
 
 

Tag:
 សម្ដេច ហ៊ុន សែន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com