ជាតិ
កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ចាប់ផ្តើមរៀបចំផ្ទាល់ឡើងវិញក្រោយខកខានដោយសារបញ្ហាកូវីដ-១៩
24, Mar 2022 , 5:31 pm        
រូបភាព
 រូបថត៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
រូបថត៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
សៀមរាប៖ កិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី២៤ ខែមីនា ក្រោយខកខានកិច្ចប្រជុំរយៈពេល២ឆ្នាំ ដោយសារបញ្ហាកូវីដ១៩។

 
ក្នុងនាមជាសហប្រធាន និងទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា លោក Christophe GIGAUAUT បានកោតសរសើរដល់ភាគីនានា ដែលបានរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅពេលនេះ ដែលបង្ហាញពីស្មារតីនៃការខិតខំប្រឹងប្រែង លើការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានអង្គរ ដែលសម្រេចលទ្ធផលជាច្រើនគួរជាទីមោទកភាព។ 


 រូបថត៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា 

តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា លោក Sadar Umar ALAM ក៏បានអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ ដែលបន្តបេសកកម្មការងាររបស់ខ្លួនក្នុងការរៀបចំកិច្ចប្រជុំនេះ ក៏ដូចជាការធ្វើឱ្យមានឡើងវិញ នូវសកម្មភាពចុះត្រួតពិនិត្យតាមការដ្ឋានការងារ ក្នុងតំបន់ប្រាសាទ ដែលកន្លងមក ត្រូវរាំងស្ទះដោយសារបញ្ហាកូវីដ១៩។ បន្ថែមពីនេះ ក្នុងនាមយូណេស្គូ លោក ALAM ក៏បានអរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ក្នុងកាលៈទេសៈដ៏លំបាក រយៈពេល២ឆ្នាំមកនេះ ទោះការងារខ្លះមានភាពរាំងស្ទះក៏ដោយ។ លោកសង្កត់ធ្ងន់ថា សម្បត្តិបេតិកភណ្ឌវប្បធម៌ ដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកដដោយចីរភាពទាំងក្នុងផ្នែកសង្គម និងសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ 
 

រូបថត៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា 

កិច្ចប្រជុំបច្ចេកទេសនេះ អ្នកជំនាញ ឬអ្នកគ្រប់គ្រងតាមការដ្ឋាននានា បានឡើងធ្វើបទបង្ហាញរបស់ខ្លួន ដែលបាននិងកំពុងធ្វើ ដើម្បីរាយការណ៍ដល់អ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ បានដឹង និងរង់ចាំទទួលអនុសាសន៍នានា ក្នុងការយកទៅអនុវត្តន៍ការដ្ឋានជាបន្តទៀត។
 
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នៅពេលនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ដោយថ្ងៃទី២៤ ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងថ្ងៃទី២៥ ជាកិច្ចប្រជុំពេញអង្គលើកទី២៨។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ដែលមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ១៥០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ១០០នាក់៕
 
 

Tag:
 អាយស៊ីស៊ី-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com