អន្តរជាតិ
ហេតុអ្វីតៃវ៉ាន់ឧបត្ថម្ភម្ហូបអាហារ ថវិកា និងគ្រឿងផ្គត់ផ្គង់សុខាភិបាលដល់អ៊ុយក្រែន?
26, Mar 2022 , 8:29 am        
រូបភាព
ដោយ: VOA
ទីក្រុង SAN FRANCISCO - ពលរដ្ឋតៃវ៉ាន់និងរដ្ឋាភិបាលរបស់ពួកគេ បានបញ្ជូនជំនួយទៅកាន់ប្រទេសអ៊ុយក្រែនដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដើម្បីបង្ហាញក្ដីខ្វាយខ្វល់អាណិតអាសូរចំពោះពលរដ្ឋអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។

 
អ្នកវិភាគទាំងនោះបានលើកឡើងថា ពលរដ្ឋតៃវ៉ាន់ជាច្រើនខ្លាចថា តៃវ៉ាន់អាចក្លាយជាទិសដៅបន្ទាប់របស់ប្រទេសមហាអំណាចយោធាមួយ។
 
ប្រទេសចិនបានអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយខ្លួននឹងមិនបោះបង់ចោលជម្រើសនៃការប្រើកម្លាំងដើម្បីយកតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ប្រសិនបើចាំបាច់។ ពលរដ្ឋតៃវ៉ាន់ភាគច្រើនប្រឆាំងនឹងការបង្រួបបង្រួមជាផ្លូវការណាមួយជាមួយនឹងប្រទេសចិន។
 
ជម្លោះរវាងចិននិងតៃវ៉ាន់មានប្រវត្តិតាំងពីសម័យសង្គ្រាមស៊ីវិលនៅចិននៅទសវត្សរ៍ ១៩៤០ មកម្ល៉េះ ដែលនៅពេលនោះ ក្រុមអ្នកជាតិនិយមរបស់លោក Chiang Kai-shek បានចាញ់ក្រុមកុម្មុយនីស្តនិងបានភៀសខ្លួនទៅតាំងមូលដ្ឋានថ្មីនៅលើកោះតៃវ៉ាន់។
 
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២០ មក ប្រទេសចិនដែលមានអំណាចយោធាខ្លាំងក្លាជាង បានធ្វើការហោះហើរយន្តហោះចម្បាំងស្ទើរតែរាល់ថ្ងៃលើជ្រុងមួយនៃតំបន់កំណត់ការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់។ តៃវ៉ាន់បានតបតដោយការបញ្ជាទិញសព្វាវុធទំនើបៗ ទាំងសព្វាវុធដែលផលិតក្នុងទឹកដីរបស់ខ្លួននិងទាំងសព្វាវុធពីសហរដ្ឋអាមេរិក។
 
លោក Ku Chung-hua សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអង្គការ Citizens' Congress Watch ដែលជាអង្គការតស៊ូមតិនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា៖ «ការណ៍ដែលអ៊ុយក្រែនរងការវាយប្រហារតាមវិធីនេះនិងតាមវិធីដ៏អយុត្តិធម៌បានធ្វើឱ្យមនុស្សមានអារម្មណ៍អាណិតអាសូរចំពោះអ៊ុយក្រែន។ ដូច្នេះ ពលរដ្ឋតៃវ៉ាន់មានឆន្ទៈពេញទំហឹងនៅក្នុងការផ្ដល់ជំនួយ»។
 
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជូនគ្រឿងបរិក្ខារសុខាភិបាលចំនួន ២៧ តោន ទៅកាន់ប្រទេសអ៊ុយក្រែន។
 
គិតត្រឹមថ្ងៃទី ៧ ខែមីនា ក្រសួងការបរទេសតៃវ៉ាន់រៃអង្គាសថវិកាបានចំនួន ១០ លាន ៥ សែនដុល្លារអាមេរិក តាមរយៈគណនីធនាគារពិសេស។ ការិយាល័យរបស់រដ្ឋាភិបាលតៃវ៉ាន់នៅក្នុងប្រទេសប៉ូឡូញ និងការិយាល័យទំនាក់ទំនងរបស់ប៉ូឡូញនៅកោះតៃវ៉ាន់ នឹងសម្របសម្រួលបញ្ជូនថវិកាទាំងនេះទៅកាន់ទីភ្នាក់ងារជនភៀសខ្លួនមួយដែលទទួលបានការយល់ព្រមពីរដ្ឋាភិបាលប៉ូឡូញ។
 
កន្លងមក ពលរដ្ឋតៃវ៉ាន់ដែលជាអ្នកផ្ដល់ជំនួយប្រហែល ១.៧៣០ នាក់ បានបរិច្ចាគនំ cookie ភួយ ម៉ាស់ ខោទឹកនោមទារក និងផលិតផលអនាម័យស្ត្រី ដល់ជនភៀសខ្លួនដោយសារសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសតៃវ៉ាន់នៅលើវេបសាយរបស់ខ្លួន។
 
ពលរដ្ឋដែលជាអ្នកមានបំផុតនៅតៃវ៉ាន់ ក្រុមវិហារគ្រិស្តសាសនា និងអង្គការតស៊ូមតិនានានៅបរទេស បានបរិច្ចាគនិងប្រមូលបានជំនួយផ្សេងៗបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានានៅតៃវ៉ាន់ ក៏ដូចជាអ្នកផ្ដល់ជំនួយផ្ទាល់។
 
អ្នកស្រី Joanna Lei នាយកប្រតិបត្តិនៃអង្គការស្រាវជ្រាវ Chunghua 21st Century នៅតៃវ៉ាន់ បានបរិច្ចាគជំនួយតាមរយៈព្រះវិហារគ្រិស្តសាសនាប្រូតេស្ដង់នៅទីក្រុងតៃប៉ិរបស់អ្នកស្រី ដែលជំនួយនេះធ្វើឡើងដោយបុព្វហេតុមនុស្សធម៌។
 
អ្នកស្រីបាននិយាយថា ព្រះវិហារគ្រិស្តសាសនារបស់អ្នកស្រីបានសម្រេចនៅថ្ងៃទី ៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថានឹងផ្ដល់ជំនួយជាទឹកប្រាក់ចំនួនរាប់លានដុល្លារតៃវ៉ាន់ដល់អ៊ុយក្រែន។


 
អ្នកស្រីបានបន្ថែមថា ពលរដ្ឋតៃវ៉ាន់មានប្រវត្តិផ្ដល់ជំនួយក្រោមបុព្វហេតុមនុស្សធម៌នានា ដោយក្នុងនោះមានទាំងការផ្ដល់ជំនួយដល់ជនរងគ្រោះនៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅប្រទេសជប៉ុនកាលពីខែមីនា ឆ្នាំ ២០១១ និងជនរងគ្រោះនៅក្នុងគ្រោះរញ្ជួយដីនៅភាគនិរតីនៃប្រទេសចិនកាលពីឆ្នាំ ២០០៨ ផងដែរ។
 
អ្នកស្រី Joanna Lei បានលើកឡើងទៀតថា ពលរដ្ឋតៃវ៉ាន់ខ្លះបានចូលរួមផ្ដល់ជំនួយ ដោយសារតែ «មានការពិភាក្សាជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអំពីអ៊ុយក្រែននៅពេលបច្ចុប្បន្ននិងអំពីតៃវ៉ាន់នៅពេលអនាគត»។
 
លោក Koo Kwang-ming ដែលជាសកម្មជននយោបាយតៃវ៉ាន់ បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិកដល់ផ្នែកមនុស្សធម៌។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Liberty Times នៅតៃវ៉ាន់។ លោក Kwang-ming បានបញ្ជាក់ប្រាប់សារព័ត៌មាននោះថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយគ្មាន «ហេតុផលត្រឹមត្រូវ»។
 
ក្នុងចំណោមពលរដ្ឋតៃវ៉ាន់សកម្មនានានៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ក្រុមតស៊ូមតិចំនួន ៤ កំពុងរៃអង្គាសជំនួយមនុស្សធម៌។
 
លោក Ken Wu អនុប្រធានសាខាប្រចាំទីក្រុង Los Angeles នៃសមាគម Formosan សម្រាប់កិច្ចការសាធារណៈ (Formosan Association for Public Affairs) បានបរិច្ចាគថវិកាចំនួន ១០០ ដុល្លារអាមេរិកកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ហើយឥឡូវកំពុងពិចារណាបរិច្ចាគថវិកាបន្ថែមទៀត។
 
លោក Wu បានបញ្ជាក់ថា អ្នកផ្ដល់ជំនួយដែលជាពលរដ្ឋតៃវ៉ាន់នៅទូទាំងទ្វីបអាមេរិកខាងជើងបានហៅការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថាជាការតទល់រវាង «ពិភពលោកសេរីជាមួយនឹងប្រទេសចិននិងរុស្ស៊ី»។
 
លោក Wu ដែលអង្គការរបស់លោកកំពុងបញ្ចុះបញ្ចូលសភាសហរដ្ឋអាមេរិកឱ្យចាត់វិធានការគាំទ្រតៃវ៉ាន់ បាននិយាយដូច្នេះថា៖ «ខ្ញុំគិតថា ឥឡូវនេះ ប្រជាពលរដ្ឋតៃវ៉ាន់លែងខ្លាចប្រទេសចិនទៀតហើយ»។
 
លោកបានលើកឡើងបន្តថា៖ «ពលរដ្ឋតៃវ៉ាន់មានទំនុកចិត្តជាងមុនថា ប្រសិនបើពួកគេងើបឈរគាំទ្រអ៊ុយក្រែននៅពេលឥឡូវនេះនិងជួយសង្គ្រោះអ៊ុយក្រែន ពួកគេនឹងអាចបញ្ឈប់ភាពគឃ្លើនជារៀងរហូតតែម្ដង។ នេះគឺជាពិតជាមេរៀនដ៏ល្អមួយសម្រាប់ឱ្យចិនឃើញអំពីការខាតបង់របស់អ្នកឈ្លានពាន»។
 
លោក Denny Roy អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌល East-West Center នៅក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក បាននិយាយថា៖ «ជាការពិត ប្រជាពលរដ្ឋតៃវ៉ាន់មានអារម្មណ៍អាណិតអាសូរជាពិសេសចំពោះប្រជាពលរដ្ឋអ៊ុយក្រែន ដោយសារស្ថានភាពរបស់ពួកគេមានលក្ខណៈប្រហាក់ប្រហែលគ្នាច្រើន»។
 
លោកបានបន្ថែមថា៖ «តៃវ៉ាន់ក៏ចង់បង្ហាញថា ខ្លួនបានធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីជួយប្រជាពលរដ្ឋនៃប្រទេសមួយដែលត្រូវគេឈ្លានពានឱ្យមានសេរីភាព ក្រែងលោនៅពេលណាមួយតៃវ៉ាន់អាចស្ថិតក្នុងស្ថានការណ៍ស្រដៀងគ្នានេះហើយអង្វរសហគមន៍អន្តរជាតិឱ្យជួយប្រឆាំងនឹងប្រទេសណាមួយដែលឈ្លានពានខ្លួនដែរ»។
 
ហេតុផលដែលពលរដ្ឋតៃវ៉ាន់គាំទ្រប្រទេសអ៊ុយក្រែននៅពេលឥឡូវនេះគឺដូចទៅនឹងហេតុផលដែលតៃវ៉ាន់អាណិតអាសូរចំពោះពលរដ្ឋហុងកុងក្នុងអំឡុងពេលពលដ្ឋហុងកុងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩ ដូច្នេះដែរ។ នេះបើតាមការបញ្ជាក់របស់លោក Ku Chung-hua។ លោកបានបន្ថែមថា នៅពេលនោះ ពលរដ្ឋតៃវ៉ាន់ចង់ការពារសេរីភាពដែលពួកគេមាននៅតៃវ៉ាន់ ហើយមានអារម្មណ៍ថា សេរីភាពត្រូវបានបំផ្លាញនៅទីក្រុងហុងកុង។
 
លោក Ku Chung-hua បានលើកឡើងថា គេកម្រងឃើញមាននរណាម្នាក់នៅតៃវ៉ាន់គាំទ្រប្រទេសរុស្ស៊ីណាស់ ហើយពលរដ្ឋតៃវ៉ាន់ជាច្រើនមានអារម្មណ៍គោរពស្ញើចសរសើរពលរដ្ឋអ៊ុយក្រែនដែលហ៊ានប្រយុទ្ធតបតប្រឆាំងនឹងកងកម្លាំងរបស់រុស្ស៊ី។ លោកនិយាយដូច្នេះថា៖ «ពលរដ្ឋតៃវ៉ាន់យល់ថា ភាពក្លាហានរបស់ពលរដ្ឋអ៊ុយក្រែនគឺគួរឱ្យគោរពនិងផ្ដល់តម្លៃឱ្យ»។
ប្រទេសចិនបានច្រានចោលថា មិនមានភាពស្របគ្នារវាងគោលបំណងរបស់ខ្លួនចំពោះតៃវ៉ាន់និងការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។
 
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែមីនាថា ស្ថានការណ៍ទាំងពីរគឺ «មិនអាចប្រៀបធៀបគ្នាបាននោះទេ» ដោយសារតែបញ្ហាតៃវ៉ាន់គឺជា «បញ្ហាផ្ទៃក្នុង»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់វេបសាយព័ត៌មាន China Daily របស់រដ្ឋាភិបាលចិន៕
 
ប្រែសម្រួលដោយលោក ឈឹម សុមេធ
 

© រក្សាសិទ្ធិដោយ thmeythmey.com