អន្តរជាតិ
លោក វ៉ាង យី៖ ចិនជាមហាអំណាចតែមួយគត់ ដែលមិនបង្កផលប៉ះពាល់ដល់អាហ្វហ្កានីស្ថាន
25, Mar 2022 , 8:29 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងស្តាំ) ជាមួយឧបនាយករដ្ឋមន្រ្តីអាហ្វហ្កានីស្ថានស្តីទី លោក Mullah Abul Ghani Baradar។ រូបភាព៖ Xinhua
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងស្តាំ) ជាមួយឧបនាយករដ្ឋមន្រ្តីអាហ្វហ្កានីស្ថានស្តីទី លោក Mullah Abul Ghani Baradar។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី នៅថ្ងៃទី២៤ ខែមីនា បានលើកឡើងថា ចិនមិនធ្លាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន ឬស្វែងរកការពង្រីកឥទ្ធិពលឡើយ។ បើតាមលោកវ៉ាង ចិន ជាមហាអំណាចតែមួយគត់ ដែលមិនបង្កផលប៉ះពាល់ដល់អាហ្វហ្កានីស្ថាន។

 
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី នៅថ្ងៃទី២៤ ខែមីនា បានធ្វើទស្សនកិច្ចនៅក្រុងកាប៊ុល អាហ្វហ្កានីស្ថាន ដោយមិនប្រកាសជាមុន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកវ៉ាង បានជួបជាមួយ លោក Mullah Abdul Ghani Baradar ឧបនាយករដ្ឋមន្រ្តីស្តីទី និងរដ្ឋមន្រ្តីការបរទេសស្តីទី លោកAmir Khan Muttaqi នៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន។ 
 
ក្នុងកិច្ចប្រជុំជាមួយមន្រ្តីអាហ្វហ្កានីស្ថាន លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានបញ្ជាក់ថា ចិន និងអាហ្វហ្កានីស្ថាន គឺជាប្រទេសជិតខាងល្អ និងមានពាណិជ្ជកម្មទ្វេភាគីជាច្រើនសតវត្សរ៍មកហើយ។ បើតាមលោកវ៉ាង ចិនមិនធ្លាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន និងពង្រីកឥទ្ធិពលរបស់ខ្លួនឡើយ។ 
 
«ចិន ជាមហាអំណាចតែមួយគត់ ដែលមិនបង្កផលប៉ះពាល់ដល់អាហ្វហ្កានីស្ថាន»។ ប្រមុខការទូតចិន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើក្រសួងការបរទេសចិន ដោយបន្ថែមថា ចិន គោរពឯករាជ្យ អធិបតេយ្យ បូរណភាពដែនដី និងជម្រើសរបស់ប្រជាជនអាហ្វហ្កានីស្ថាន រួមទាំងជំនឿសាសនារបស់ប្រទេសមួយនេះផង។ 
 
ការលើកឡើងរបស់ប្រមុខការទូតចិនបែបនេះ ទំនងជាឌឺដងដាក់អាម៉េរិក និងសម្ព័ន្ធមិត្ត ដែលបានដកទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ២០២១។ 
 
មិនតែប៉ុណ្ណោះ លោកវ៉ាង បានបញ្ជាក់ថា ក្រុងប៉េកាំងនឹងបន្តពង្រឹងទំនាក់ទំនងប្រកបដោយប្រពៃណីជាមួយក្រុងកាប៊ុល ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងជួយប្រជាជនអាហ្វហ្កានីស្ថានមានឯករាជ្យភាព និងសម្រេចជោគវាសនាប្រទេសដោយខ្លួនឯង។ 
 
សរសេរលើបណ្តាញសង្គម Twitter លោក Abdul Qahar Balhki អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្កានីស្ថាន បានអះអាងថា ភាគីក្រុងប៉េកាំង និងកាប៊ុល បានជជែកពីបញ្ហាពាណិជ្ជកម្មលើផ្លែឈើក្រៀម ការផ្តល់ទិដ្ឋាការសម្រាប់ប្រជាជន កិច្ចសហប្រតិបត្តិការលើការជីករ៉ែ ក៏ដូចជាការរួមចំណែករបស់អាហ្វហ្កានីស្ថាននៅក្នុងគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវ៉ាត់»របស់ចិនជាដើម៕ 
 

Tag:
 ចិន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com