ជាតិ
អាជ្ញាធរមិនហាមការស្លៀកបុរាណនៅអង្គរទេ តែត្រូវស្លៀកតាមក្បួនខ្នាត
26, Mar 2022 , 9:59 pm        
រូបភាព
ភ្ញៀវទេសចរស្លៀកសម្លៀកបំពាក់ខ្មែរបុរាណ ដើរកម្សាន្តលេងនៅតំបន់អង្គរ កន្លងមក
ភ្ញៀវទេសចរស្លៀកសម្លៀកបំពាក់ខ្មែរបុរាណ ដើរកម្សាន្តលេងនៅតំបន់អង្គរ កន្លងមក
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ច្បាស់ថា នឹងមិនមានការហាមប្រាណការស្លៀកពាក់បុរាណចូលប្រាសាទអង្គរវត្តទេ តែស្នើឱ្យអ្នកមានអាជីវកម្មនេះ ត្រូវយល់ដឹងឱ្យបានច្បាស់លាស់ពីក្បួនខ្នាត និងទម្រង់សំលៀកបំពាក់តាមវប្បធម៌ និងប្រពៃណីខ្មែរ។

 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា អាជ្ញាធរលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរ ស្លៀកពាក់ និងតុបតែងបុរាណ ដើម្បីចូលទស្សនា និងផ្តិតរូបភាពក្នុងប្រាសាទ។ លោកថា នឹងមិនមានការហាមឃាត់អ្វីទេ គ្រាន់តែសំលៀកបំពាក់ទាំងនោះតម្រូវឱ្យត្រូវតាមក្បួនខ្នាត មិនឱ្យចាកពីវប្បធម៌ និងប្រពៃណីខ្មែរ។
 
តាមការលើកឡើងរបស់អ្នកនាំពាក្យ ក្នុងនោះអាជ្ញាធរជាតិអប្សរា គ្រោងនឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការជុំវិញរឿងនេះផងដែរ។ លោក ឡុង កុសល ពន្យល់ថា៖« យើងកំពុងរៀបចំការងារជាមួយក្រសួង [ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ] ដើម្បីពន្យល់ណែនាំគាត់ ឱ្យយល់ពីការស្លៀកពាក់ មិនមែនឱ្យតែស្លៀកពាក់វាត្រឹមត្រូវទេ វាមានក្បួនខ្នាត របៀបនៃការតុបតែងឱ្យបានត្រឹមត្រូវ ព្រោះសំលៀកបំពាក់ខ្មែរយើងមានច្រើន មិនមែនយកមកក្របៗ ហៅថាស្លៀកទេ»។ 
 
ម្ចាស់អាជីវកម្មជួលសំលៀកបំពាក់បុរាណ អ្នកស្រី អឿន បុស្បា និយាយថា រាល់ថ្ងៃនេះឈុតប្រពៃណីនៅសម័យលង្វែក និងឧត្ដុង្គ ប៉ុណ្ណោះ ដែលអាជ្ញាធរអនុញ្ញាតឱ្យស្លៀកពាក់ចូលប្រាសាទ។ អ្នកស្រីបន្តថា៖« តាមពិតចង់ច្នៃច្រើនម៉ូដ តែក្រសួង និងអប្សរា គេមិនឱ្យស្លៀក ដូចឈុតអប្សរា ឬស្លៀកចងពុង...គេថា ស៊ិចស៊ីពេក»។ 


 
បន្ថែមពីនេះ អ្នកស្រី បុស្បា ក៏លែងដាក់ជួលខោអាវរូបទង់ជាតិដែរ ដោយយល់ស្របតាមអាជ្ញាធរជាតិអប្សរា ដោយថា ឈុតសំលៀកបំពាក់នេះ មិនសមរម្យ និងប៉ះពាល់ដល់តម្លៃរបស់ជាតិ។ 
 
អ្នកស្រី ពីន បើកតូបជួលសំលៀកបំពាក់បុរាណនៅមុខអង្គរវត្តជិត២ឆ្នាំមកហើយ។ អ្នកស្រីថា ទេសចរជាតិ មួយចំនួន ចាប់អារម្មណ៍ការស្លៀកបុរាណនេះ ដែលក្នុងមួយថ្ងៃនៅតូបអ្នកស្រីមានអតិថិនច្រើនគួរសម ពិសេសថ្ងៃបុណ្យទាន។ 
 
ចំពោះការណែនាំរបស់អាជ្ញាធរជាតិអប្សរា អ្នកស្រីប្រាប់ថា៖« មានតែស្លៀកឈុតពាក់ឆៀង ក្រៅពីនោះមិនឱ្យស្លៀកទេ ដូចជាចងពុង រូបទង់ជាតិ ខាងអប្សរាចុះមកហាម តែយើងក៏យល់ស្របតាមហ្នឹងដែរ គឺមិនសមរម្យទេ»។
 
ការស្លៀកឈុតបុរាណចូលប្រាសាទ ចាប់ផ្តើមលេចឡើងនៅមុនជំងឺកូវីដ១៩ បន្ដិច គឺនៅចុងឆ្នាំ ២០១៩។ អ្នកស្រី បុស្បា ជាអ្នកចាប់ផ្តើមអាជីពនេះមុនគេ ដោយគិតថា របរនេះនឹងអាចទាក់ទាញសាធារណជន និងទេសចរ បានច្រើន ក៏ដូចជាជួយលើកស្ទួយវប្បធម៌ផងដែរ តាមរយៈការស្លៀកបុរាណ ចូលទស្សនាប្រាសាទបុរាណ។ ទំនោរនេះកាន់តែផ្ទុះខ្លាំង ក្រោយពេលរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ មានទេសចរជាតិ-អន្ដរជាតិ បានចាប់ផ្តើមដំណើរទេសចរណ៍ឡើងវិញ។ 


 
សព្វថ្ងៃ បុស្បាជួលសម្លៀកបំពាក់បុរាណ នៅអង្គរវត្តមាន៤ទីតាំង។ អ្នកស្រី បុស្បា ប្រាប់ថា ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបានពី១០ ទៅ២០ម៉ឺនរៀល ឬអាចលើសនេះនៅថ្ងៃបុណ្យទាន។ ក្រៅពីតុបតែងឈុតបុរាណនៅប្រាសាទ អ្នកស្រុកពួករូបនេះ ក៏មានសេវាកម្មរៀបចំនៅតាមផ្ទះ និងសណ្ឋាគារផងដែរ។
 
ការស្លៀកឈុតបុរាណ តម្លៃចាប់ពី២៥,០០០រៀល ទៅ៤៥,០០០រៀល តាមម៉ូដសំលៀកបំពាក់។  យ៉ាងណាអ្នកស្រី បុស្បា វ័យ៣៤ឆ្នាំ និងចេះស្លៀកពាក់ និងតុបតែងបុរាណនេះតាមបណ្ដាញសង្គម យូធូប ប្រាប់ថា ការចំណាយលើរបរនេះអស់ច្រើនគួរសម ដោយសារឈុតបុរាណខ្មែរ មានតម្លៃថ្លៃ ពិសេសសំពត់ និងគ្រឿងអលង្កា ដែលក្នុងមួយឈុតចំណាយខ្ទង់១០០ដុល្លារ។ 
 
ដោយសារការនិយមស្លៀកឈុតបុរាណនៅអង្គរវត្តកាន់តែផុសផុល ធ្វើឱ្យលេចរូបភាពតូបតូចៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវ និងបង្កើតចំណូល។ អ្នកស្រី បុស្បា ប្រាប់ថា កន្លែងខ្លះយកខោអាវនិងក្រណាត់នាំចូលពីក្រៅ ហើយជួលក្នុងតម្លៃទាបក៏មាន៕















Tag:
 ស្លៀកពាក់បុរាណ
  អង្គរវត្ត
  ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com