ជាតិ
ក្រសួងទេសចរណ៍ស្នើឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍កម្ពុជា
27, Mar 2022 , 10:30 am        
រូបភាព
លោក ថោង ខុន ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នាថ្ងៃទី២៤ មីនា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
លោក ថោង ខុន ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នាថ្ងៃទី២៤ មីនា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង  ខុន  ស្នលឱ្យគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍កម្ពុជា។

 
ថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ របស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី២៤ មីនា លោក ថោង ខុន ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត  ដើម្បីចូលរួមលើដំណើរការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញឱ្យបានចំនួនដូចកាលពីមុនពេលវិបត្តិជំងឺកូវីដ-១៩  ក្រសួងទេសចរណ៍ នឹងបន្តរួមគ្នាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការស្តារនៃវិស័យទេសចរណ៍ ខេត្តសៀមរាបឱ្យបានកំណើនខ្ពស់ឡើងវិញ។ 
 
ក្នុងក្របខណ្ឌនៃការកសាងគោលនយោបាយ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ទេសចរណ៍ លោករដ្ឋមន្រ្តីទេសចរណ៍បញ្ជាក់ថា ក្រសួងបានរៀបចំឯកសារគោលសំខាន់ៗរួមមាន ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ផែនការយុទ្ធសាស្រ្ដ ស្ដពីការបើកទទួលទេសចរវ៉ាក់សាំង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ។ល។ ដោយក្រសួងរំពឹងថា អាចទទួលទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ ២០២២ តាមផែនការដែលបានដាក់ចេញ និងទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ ២០២៧ ជាមួយភាពមិនប្រាកដប្រជា នៃវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសាកលលោក។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីទេសចរណ៍។
 
លោក ថោង ខុន បន្ថែមថា គោលដៅទេសចរណ៍ ប្រកបដោយគុណភាព  សុវត្ថិភាពនិងបរិយាប័ន្ន គឺត្រូវបន្តខិតខំអភិវឌ្ឍន៍ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត នៅតាមតំបន់អាទិភាពទាំង៦ក្នុងខេត្តសៀមរាប ដែលបានកំណត់ក្នុងផែនការមេរួចហើយ ដូចជាតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”  តំបន់ជុំវិញតំបន់ការពារប្រាសាទ បន្ទាយស្រី តំបន់ក្រុងសៀមរាបបច្ចុប្បន្ន តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មីជាដើម។ 
 
លោក  ថោង ខុន  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈកម្មាធិការអន្តរជាតិ ICC-ANGKOR រួមជាមួយអ្នកជំនាញការអន្តរជាតិផ្សេងទៀត ដែលជានិច្ចកាលបានគាំទ្រ និងចូលរួមសហការយ៉ាងសកម្ម លើវិស័យអភិវឌ្ឍន៍ទេសចរណ៍ នៅកម្ពុជា។ លោករដ្ឋមន្រ្តីបានសំណូមពរឱ្យ ICC-ANGKOR  បន្តចូលរួមគាំទ្រជាមួយ នឹងដំណើរការ នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាបទាំងក្នុងនិងក្រោយពេលវិបត្តិ កូវីដ-១៩ ដើម្បីឆ្ពោះទៅរកគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងធន់នឹងវិបត្តិកាន់តែប្រសើរជាមួយ និងភាពប្រកួតប្រជែងខ្ពស់ផង៕

Tag:
 អាយស៊ីស៊ី-អង្គរ
  ទេសចរណ៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com