ជាតិ
ឥណ្ឌា ជាស្ថាប័នអន្តរជាតិទី២ ដែលចូលរួមជួយជួសជុលក្រុមប្រាសាទសម្បូរព្រៃគុក
27, Mar 2022 , 8:59 pm        
រូបភាព
ពិធីចុះអនុស្សរណៈរវាងអាជ្ញាធរជាតិសម្បូរព្រៃគុក ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នាថ្ងៃទី២៥ មីនា។ រូបភាព៖ ហ៊ុ រិទ្ធ
ពិធីចុះអនុស្សរណៈរវាងអាជ្ញាធរជាតិសម្បូរព្រៃគុក ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នាថ្ងៃទី២៥ មីនា។ រូបភាព៖ ហ៊ុ រិទ្ធ
សៀមរាប៖ អាជ្ញាធរជាតិសម្បូរព្រៃគុក និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ពីគម្រោងជួសជុលប្រាសាទមួយក្នុងក្រុមប្រាសាទសម្បូរព្រៃគុក។ ឥណ្ឌា ជាស្ថាប័នអន្តរជាតិទី២ហើយ ដែលចូលរួមជួយជុសជុលប្រាសាទក្នុងរមណីយដ្ឋានសម្បូរព្រៃគុក។

 
អនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ នាព្រឹកថ្ងៃទី២៦ មីនា នាសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា។
 
ថ្លែងក្នុងឱកាសនោះ អគ្គនាយកអាជ្ញាធរជាតិសម្បូរព្រៃគុក លោក ផាន់ ណាឌី ឱ្យដឹងថា ប្រាសាទដែលឥណ្ឌាចាប់អារម្មណ៍ក្នុងការជួយជួសជុលនោះ មានឈ្មោះថា ប្រាសាទគុក ឬប្រាសាទអាស្រមមហាឥសី ដែលមានលក្ខណៈពិសេស និងជាប្រាសាទដ៏កម្រ និងមានតែ៤កន្លែងប៉ុណ្ណោះនៅទូទាំងប្រទេស។ ក្រៅពីតំបន់ប្រាសាទសម្បូរព្រៃគុក ប្រាសាទនេះក៏ឃើញមាននៅភ្នំដា និងភ្នំហាន់ជ័យ នាខេត្តកំពង់ចាមផងដែរ។ 
 
លោក ផាន់ ណាឌី ពន្យល់ទៀតថា  តំបន់ប្រាសាទសម្បូរព្រៃគុកភាគច្រើនធ្វើពីឥដ្ឋ តែប្រាសាទដែលឥណ្ឌាចូលរួមជួសជុលនេះ ធ្វើពីថ្មភក់ ជាប្រាសាទមានលក្ខណៈស្រដៀងវប្បធម៌ និងសិល្បៈឥណ្ឌា។
 
តាមការបញ្ជាក់ពីអគ្គនាយកអាជ្ញាធរជាតិសម្បូរព្រៃគុក ការជួសជុល និងលើកតម្លៃប្រាសាទគុកនេះឡើង ពិតជាមានសារប្រយោជន៍ណាស់ ដ្បិតជាប្រាសាទ មិនសូវប្រឈមនឹងការខូចខាតទេ អាចជួសជុលឡើងវិញ។ មួយទៀត គឺរក្សាតម្លៃនេះតទៅកូនចៅជំនាន់ក្រោយ ក៏ដូចជាបានផ្សព្វផ្សាយដល់ពលរដ្ឋជុំវិញតំបន់បានយល់ដឹង និងបង្កើតការងារដល់ពួកគេផងដែរ តាមរយៈការជ្រើសរើសធ្វើការក្នុងគម្រោងនេះ។
 
តាមការបញ្ជាក់ពីលោក ផាន់ ណាឌី កន្លងមកអាជ្ញាធរជាតិសម្បូរព្រៃគុក មានគម្រោងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវ៉ាសាដា ប្រទេសជប៉ុន ដែលអភិរក្សក្រុមប្រាសាទខាងត្បូង ដោយបានជួសជុលជាបន្តបន្ទាប់។ ឥណ្ឌាជាស្ថាប័នអន្ដរជាតិទី២ ដែលចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះ។ លោក ផាន់ ណាឌី រំពឹងថា នឹងមានស្ថាប័នអន្ដរជាតិបន្ថែមទៀត ចាប់អារម្មណ៍កិច្ចអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកនេះ។
 
អាជ្ញាធរជាតិសម្បូរព្រៃគុក ចាប់ផ្តើមការងារដំបូងនៅដើមឆ្នាំ២០១៧ គឺមុនពេលបន្ដិច ក្រោយរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នាថ្ងៃទី ៨ កក្កដា ឆ្នាំដដែល។ តាមការបញ្ជាក់របស់អគ្គនាយក លោក ផាន់ ណាឌី កិច្ចការសំខាន់ដែលយកចិត្តទុកដាក់នាពេលដំបូងនោះ គឺការអន្តរាគមន៍បន្ទាន់លើការងារជួសជុល ថែទាំប្រាសាទឥដ្ឋ ដែលជាប្រាសាទចំណាស់ជាងគេ មុនសម័យអង្គរ នាសតវត្សទី៧។ មួយទៀត គឺការយកចិត្តទុកដាក់ រៀបចំលំនៅដ្ឋាននានា កុំឱ្យរីករាលដាលចូលក្នុងតំបន់ការពារសម្បូរព្រៃគុកបន្ថែមទៀត៕

Tag:
 សម្បូរព្រៃគុក
  ផាន់ ណាឌី
© រក្សាសិទ្ធិដោយ thmeythmey.com