អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​
27, Mar 2022 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍ចុងក្រោយនេះ ជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅតែជាប្រធានបទដ៏សំខាន់ ខណៈមេដឹកនាំបស្ចិមប្រទេសនៅតែបន្តជជែកពិភាក្សា ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ ទន្ទឹមនេះ បស្ចិមប្រទេស ក៏បានស្វះស្វែងរកការដករុស្ស៊ីចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ផងដែរ។ ស្របគ្នាដែរ យន្តហោះដឹកអ្នកដំណើរជាង ១០០នាក់ មួយគ្រឿង បានធ្លាក់នៅចិន ដោយមនុស្សក្នុងយន្តហោះស្លាប់ទាំងអស់។

 
ថ្ងៃទី២១ ខែមីនា
 
អ៊ុយក្រែន បានច្រានចោលការជំរុញរបស់រុស្ស៊ីឱ្យទម្លាក់អាវុធចុះចាញ់នៅក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី។ បច្ចុប្បន្ន ពលរដ្ឋដែលរស់នៅទីក្រុងនេះ កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ដោយអាហារ ទឹក និងថាមពលមានតិចតួចក្នុងការប្រើប្រាស់ ខណៈការប្រយុទ្ធគ្នាគ្មានសញ្ញាបញ្ចប់។
 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងជាថ្មីថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងមិនអាចបញ្ចប់នោះឡើយ ប្រសិនបើលោកមិនបានជួបពិភាក្សា ជាមួយប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នោះ។ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែននឹងមិនអាចចូលរួមជា​សមាជិកសម្ព័ន្ធយោធាណាតូបាននោះឡើយ។
 
ថ្ងៃទី២២ ខែមីនា
 
សភាជាន់ខ្ពស់ជប៉ុន បានអនុម័តកញ្ចប់ថវិកាទំហំ ៨៩០ពាន់លានដុល្លារ (១០៧,៦០ទ្រីលាន យេន)សម្រាប់ចំណាយក្នុងឆ្នាំ២០២២។ ទំហំថវិកាដ៏ច្រើនក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នានេះ ផ្តោតលើបញ្ហាជំងឺកូវីដ-១៩ បញ្ហាសន្តិសុខ និងការការពារជាតិ។
 
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងថា សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី គ្មានអ្នកឈ្នះឡើយ ហើយក្នុងពេលឆាប់ៗខាងមុខ វានឹងប្តូរពីការប្រយុទ្ធគ្នា ទៅជាការចរចាប្រកបដោយសន្តិភាព។ បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ សង្រ្គាមត្រូវតែបញ្ឈប់ ដើម្បីបញ្ចៀសផលវិបាក និងការខូចខាតជាច្រើន។ ​
 
ថ្ងៃទី២៣ ខែមីនា
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានបំណងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ដែលនឹងត្រូវរៀបចំដោយឥណ្ឌូណេស៊ីនៅចុងខែតុលាខាងមុខ។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី លោកស្រី Lyudmila Vorobieva បានបញ្ជាក់បែបនេះ ស្របពេលមានរបាយការណ៍ថា បស្ចិមប្រទេស ចង់បណ្តេញរុស្ស៊ីចេញពីក្រុមប្រទេសមួយនេះ។
 
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក​ អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប បានលើកឡើងថា ម៉ាឡេស៊ី នឹងពិភាក្សាជាមួយមេដឹកនាំតំបន់ផ្សេងទៀតដើម្បីបញ្ចូលភាសាម៉ាឡេ ក្លាយជាភាសាទីពីររបស់អាស៊ាន។ ភាសាទីមួយរបស់អាស៊ាន គឺអង់គ្លេស។
 
ថ្ងៃទី២៤ ខែមីនា
 
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានលើកឡើងថា ចិនមិនធ្លាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន ឬស្វែងរកការពង្រីកឥទ្ធិពលឡើយ។ បើតាមលោកវ៉ាង ចិន ជាមហាអំណាចតែមួយគត់ ដែលមិនបង្កផលប៉ះពាល់ដល់អាហ្វហ្កានីស្ថាន។
 
ប្រធានាធិបតីអាម៉េរិក​ ចូ បៃដិន លើកឡើងថា រុស្ស៊ីគួរតែត្រូវដកចេញពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ចំពោះទង្វើប្រទេសនេះលើអ៊ុយក្រែន។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីដែលជាប្រធានផ្លាស់វេនឆ្នាំនេះអះអាងថា ខ្លួននឹងធ្វើតាមកាតព្វកិច្ចជាប្រធាន G20 ដោយអញ្ជើញសមាជិកទាំងអស់ចូលរួមកិច្ចប្រជុំកំពូល។
 
ថ្ងៃទី២៥ ខែមីនា
 
កូរ៉េខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្តមីស៊ីលបាលីស្ទិកអន្តរទ្វីបប្រភេទថ្មី (ICBM) Hwasong-17 នៅថ្ងៃទី២៤ ខែមីនាដោយជោគជ័យក្រោមការបញ្ជាផ្ទាល់របស់ មេដឹកនាំកូរ៉េខាងជើង លោក គី​ម​ ជុងអ៊ុន។ ស្របគ្នានោះ អាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើងដើម្បីបង្អាក់សមត្ថភាពក្នុងការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់រដ្ឋមួយនេះ។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានធ្វើទស្សនកិច្ចនៅទីក្រុងមួយរបស់ប៉ូឡូញ ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែន។ ទស្សនកិច្ចនេះ ជាការចុះត្រួតពិនិត្យកិច្ចប្រឹងប្រែងរបស់អន្តរជាតិក្នុងការសម្របសម្រួលជនភៀសខ្លួនអ៊ុយក្រែនជាង២,២លាននាក់ដែលចាកចេញពីប្រទេសក្រោយរុស្ស៊ីឈ្លានពាន និងសួរសុខទុក្ខទាហានអាម៉េរិកប្រចាំនៅប៉ូឡូញ។ នៅប៉ូឡូញ លោក បៃឌិន ក៏បង្ហាញការខកចិត្តព្រោះមិនអាចទៅអ៊ុយក្រែនបាន។
 
ថ្ងៃទី២៦ ខែមីន
 
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss និយាយថា ទណ្ឌកម្មដែលបានដាក់លើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី អាចនឹងត្រូវដកចេញវិញ ប្រសិនបើរុស្ស៊ីដកទ័ពចេញេពីអ៊ុយក្រែន ហើយបញ្ចប់ការឈ្លានពាន។
 
មនុស្សទាំង១៣២នាក់ លើយន្តហោះរបស់អាកាសចរណ៍ China Eastern ដែលធ្លាក់នៅខេត្តគ័ងតុងកាលពីដើមសប្ដាហ៍ បានស្លាប់ទាំងអស់។ នេះបើតាមការបញ្ជាក់របស់មន្រ្តីចិន។ មូលហេតុនៃគ្រោះថ្នាក់ផ្លូវអាកាសដ៏អាក្រក់នេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com