អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក ថា មិនមានបំណងផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីឡើយ
28, Mar 2022 , 10:15 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២៧ ខែមីនា បានបដិសេធការអំពាវនាវឱ្យផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ក្រោយការអធិប្បាយរបស់លោកនៅប៉ូឡូញ ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង។ អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល វិញក៏អះអាងថា ណាតូ ក៏គ្មានចេតនាស្វះស្វែងរកការផ្តួលរលំរបបដឹកនាំក្រុងមូស្គូ។ ឯប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យមានការប្រយ័ត្នប្រើពាក្យសម្ដីព្រោះប៉ះពាល់ការចរចាបញ្ចប់ជម្លោះ។

 
ក្នុងអំឡុងពេលទស្សនកិច្ចនៅប៉ូឡូញ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជ្រុលមាត់និយាយថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនអាចនៅបន្តកាន់អំណាចបានទៀតទេ។​ មិនតែប៉ុណ្ណោះ មេដឹកនាំអាម៉េរិករូបនេះ បានចាត់ទុកសមភាគីរុស្ស៊ីជា «ឃាតករ» ថែមទៀត។ 
 
បន្ទាប់ពីការលើកឡើងបែបនេះ សេតវិមាន ក៏បានបកស្រាយថា អាម៉េរិក មិនបានប៉ុនប៉ងផ្លាស់ប្តូររបបនៅរុស្ស៊ីឡើយ។ ភ្លាមៗ អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ប្រតិកម្មថា អ្វីៗមិនមែនសម្រេចលើប្រធានាធិបតីអាម៉េរិកឡើយ តែជាសិទ្ធិរបស់ប្រជាជនរុស្ស៊ី។ 
 
លោក បៃឌិន នៅថ្ងៃទី២៧ ខែមីនា បានចេញមុខការពារពាក្យសម្តីរបស់ខ្លួនថា លោកមិនបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបដឹកនាំក្រុងមូស្គូនោះទេ។ នៅពេលអ្នកសារព័ត៌មានសួរជុំវិញការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីពេលទៅដល់ទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាម៉េរិក បានឆ្លើយថា «ទេ» ។
 
ក្នុងថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ក៏បានលើកឡើងថា សម្ព័ន្ធយោធាណាតូ មិនមានចេតនាផ្តួលរលំលោកពូទីនចេញពីអំណាចឡើយ។ 
 
«វាមិនមែនជាគោលបំណងរបស់ណាតូ និងប្រធានាធិបតីអាម៉េរិក»។ លោក អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់បែបនេះ នៅក្នុងទូរទស្សន៍ ARD ក្នុងថ្ងៃទី២៧ ខែមីនា ដោយបន្ថែមថា អាម៉េរិក និងអាល្លឺម៉ង់ បានឯកភាពថា ការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី មិនមានជាវត្ថុបំណងរបស់ណាតូ។
 
មុនការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក និងអធិការបតីអាល្លឺម៉ង់ លោក ម៉ាក្រុង បានអំពាវនាវកុំឱ្យមានការប្រើពាក្យសម្តីធ្ងន់ៗ និងទប់ស្កាត់សកម្មភាពពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន។ ក្នុងន័យនេះ មេដឹកនាំបារាំង បានអះអាងថា បើពិភពលោកចង់ដោះស្រាយបញ្ហានៅអ៊ុយក្រែន ទាល់តែចេះប្រើពាក្យសម្តី និងសកម្មភាព ខណៈពេលបារាំង ក៏បានពិភាក្សាជាមួយលោកពូទីន ដើម្បីស្វែងរកកិច្ចចរចាប្រកបដោយសន្តិភាព និងការដកទ័ពរបស់រុស្ស៊ីចេញពីអ៊ុយក្រែនដែរ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com