ជាតិ
រដ្ឋមន្រ្តីកសិកម្ម សង្ឃឹមថា អង្គការ IFAD នឹងគាំទ្រកម្មវិធី ASPIRE ទៀត ក្រោយមានលទ្ធផលផ្លែផ្កា ជាង៦ឆ្នាំនេះ
28, Mar 2022 , 9:59 pm        
រូបភាព
 រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ
រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ
ភ្នំពេញ៖ បន្ទាប់ពី​អនុវត្តកម្មវិធី ASPIRE អស់រយៈពេលជាង ៦ឆ្នាំកន្លងមក លោក វេង សាខុន ជឿជាក់ថា​រាជរដ្ឋាភិបាលកម្ពុជា​ និង​អង្គការ​ IFAD នឹងបន្តគាំទ្រកម្មវិធីនេះបន្តទៀត។ រដ្ឋមន្រ្តីកសិកម្ម លើក​ឡើងបែបនេះ ក្រោយ​ការអនុវត្តកម្មវិធី ASPIRE ទទួលបាន​ផលវិជ្ជមាន ដែល​​ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះ។


 
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ កម្មវិធីនេះ មានរយៈពេល ៧ឆ្នាំ ដែល​អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
បើតាមហ្វេសប៊ុកផេកលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម គោលដៅសំខាន់របស់ ASPIRE គឺកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះចំនួន ១៤៤ ០០០គ្រួសារ។ តាមរយៈការអនុវត្តកម្មវិធីអស់រយៈពេលជាង ៦ឆ្នាំមកនេះ ASPIRE បានគាំទ្រគ្រួសារកសិករបានចំនួន ១៤៨ ២៣០ ស្មើនឹង ១០៣ភាគរយ​នៃគ្រួសារគោលដៅ។ 

រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​
 
ជាមួយគ្នានេះ ASPIRE បានបង្កើនតម្លៃទ្រព្យសម្បត្តិគ្រួសារកសិករគោលដៅពី ១,៤៥៣ដុល្លារ នៅឆ្នាំ២០១៨ ដល់ ២,០៥៥ដុល្លារ នៅឆ្នាំ២០២១ ពោលគឺកើនបាន ៤១ភាគរយ។  ក្រៅពីផលវិជ្ជមានខាងលើ ASPIRE ក៏បានបង្កើនតម្លៃផលិតកម្មកសិកម្មរបស់គ្រួសារកសិករគោលដៅពី ១,២០៦ដុល្លារ នៅឆ្នាំ២០១៨ ដល់ ១,៤៤៨ដុល្លារ នៅឆ្នាំ២០២១ ដោយកើនឡើង ១៨ភាគរយ។
 
របាយការណ៍ដែលផ្សព្វផ្សាយដោយ លោក វេង សាខុន ​បង្ហាញថា កម្មវិធី ASPIRE បានចងក្រងបណ្តុំអាជីវកម្មបានចំនួន ២ ៥៨៤បណ្តុំ និងសាងសង់ផ្ទះសំណាញ់បានចំនួន ៤១៦ សម្រាប់ដំណាំបន្លែសុវត្ថិភាព។ លើសពីនេះ បានសាង់សង់អគារប្រមូលផ្តុំ និងទុកដាក់កសិផលចំនួន ១៦៦អគារ និងបានគាំទ្រការសិក្សា និងរៀបចំឯកសារគោលនយោបាយជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម។ 
 
ជុំវិញលទ្ធផលល្អខាងលើ លោក វេង សាខុន សរសេរលើ​ហ្វេសប៊ុក​ផេក​ដូច្នេះ៖ «ពិតណាស់លទ្ធផលនៃកម្មវិធី បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះដែលបានប្រកាន់យករបរកសិកម្មជាការងារស្នូលប្រចាំគ្រួសារ ហើយក្រសួងសង្ឃឹម និងជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD នឹងបន្តគាំទ្រកម្មវិធីនេះ»។
 
ទន្ទឹមនឹងនេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏​បានសាទរ និងអរគុណរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសហការជាមួយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដោយបានគាំទ្រហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធី៕​
 

រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​

 

Tag:
 ប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com