អន្តរជាតិ
វិមានក្រេមឡាំងថា សម្ដីលោក បៃឌិន លើការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ជាការបង្ករឿង
× វិមានក្រេមឡាំង នៅថ្ងៃទី២៨ ខែមីនា បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការលើកឡើងរបស់ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ទាក់ទងអំណាចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាការបង្ករឿង។ វិមានក្រេមឡាំងក៏បានបញ្ជាក់ថា ខ្លួននឹងតាមដានការឆ្លើយ តបរបស់អាម៉េរិកយ៉ាងយកចិត្តទុកដាក់បំផុត។
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ហាក់បង្កបញ្ហាមួយជាមួយរុស្ស៊ី បន្ទាប់ក្រោយលោកបានជ្រុលមាត់និយាយថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនអាចនៅបន្តកាន់អំណាចបានទៀតនោះទេ។ លោក បៃឌិន និយាយបែបនេះអំឡុងទស្សនកិច្ចនៅប៉ូឡូញ ប៉ុន្តែពេលទៅដល់អាម៉េរិកវិញ មេដឹកនាំអាម៉េរិករូបនេះចេញមុខការពារពាក្យសម្តីរបស់ខ្លួនថា លោកមិនបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបដឹកនាំក្រុងមូស្គូនោះទេ។
ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់លោកបៃឌិន អ្នកនាំពាក្យវិមាន ក្រេមឡាំង លោក Dmitry Peskov ប្រតិកម្មថា អ្វីៗមិនមែនសម្រេចលើប្រធានាធិបតីអាម៉េរិកឡើយ តែជាសិទ្ធិរបស់ប្រជាជនរុស្ស៊ី។ លើសពីនេះ អំឡុងសន្និសីទកាសែតថ្ងៃទី២៨ ខែមីនា លោក Peskov បានសង្កត់ធ្ងន់ថា សម្ដីនេះជាការថ្លែងមួយដែលបង្ករឿង។ លោក Peskov ក៏បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តតាមដានសេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាម៉េរិកដោយយកចិត្តទុកដាក់បំផុត។
ទន្ទឹមនេះ អ្នកនាំពាក្យខាងលើបានបញ្ជាក់វិញថា លោក ពូទីន ជាមេដឹកនាំជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយប្រជាជនរុស្ស៊ី មិនមែនក្រុងវ៉ាស៊ីនតោនឡើយដែលជា អ្នកសម្រេចថាអ្នកណាដឹកនាំរុស្ស៊ី។
លោក ពូទីន គឺជាមេដឹកនាំរុស្ស៊ីដ៏មានអំណាចឆ្នាំ១៩៩៩ ដែលដឹកនាំរុស្ស៊ីមិនឈប់ឈរតាំងពីនោះមក។ លោក Dmitry Medvedev បានធ្វើជាប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ខណៈដែលលោក ពូទីន ជានាយករដ្ឋមន្ត្រីមុនពេលវិលត្រឡប់ទៅធ្វើកាន់តំណែងជាប្រធានាធិបតីវិញ។ នៅក្រោមការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២០ លោក ពូទីន អាចស្វែង រកការបោះឆ្នោតសម្រាប់ពីរអាណត្តិទៀតដែលមួយអាណត្តិមានរយៈពេល៦ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com