ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន ប្រាប់អគ្គលេខាធិការហ្វ្រង់កូហ្វូនី ថា ធ្វើការជាមួយកម្ពុជា ទាញប្រយោជន៍បើកចំហ ទៅកាន់អាស៊ីប៉ាស៊ីហ្វិក
31, Mar 2022 , 8:59 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ជួបពិភាក្សាគ្នា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ជួបពិភាក្សាគ្នា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានប្រាប់លោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ថា ធ្វើការជាមួយកម្ពុជា គឺជាការទាញប្រយោជន៍បើកចំហ ទៅកាន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស នាថ្ងៃទី៣១ មីនា ។


នាជំនួបពិភាក្សានេះ លោក ប្រាក់ សុខុន បានអះអាងពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគជាច្រើន ដែលផ្ដល់ដោយប្រទេសកម្ពុជា តាមរយៈច្បាប់ថ្មីស្តីពីការវិនិយោគ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េខាងត្បូង។
 
រដ្ឋមន្ត្រីការបរទេសកម្ពុជា​ បានប្រាប់អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដូច្នេះថា៖«ការធ្វើការជាមួយប្រទេសកម្ពុជា គឺជាការទាញយកអត្ថប្រយោជន៍ពីការបើកចំហទាំងនេះ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅចំកណ្ដាលនៃមហាអំណាចសេដ្ឋកិច្ចពិភពលោក»។
 
លោក Louise Mushikiwabo បាននិយាយថា កម្ពុជា ជាប្រទេសបើកចំហយ៉ាងខ្លាំង។ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីរូបនេះ បាននិយាយដូច្នេះ៖«ថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ចំពោះការប្ដេជ្ញាចិត្ត និងការផ្ដល់នូវធនធានមនុស្ស និងសម្ភារៈប្រកបដោយគុណភាព ក្នុងការរៀបចំបេសកកម្ម MECA នេះ»។
 
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីប៉ាស៊ីហ្វិក (MECA) និងការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា មានគោលបំណងដូចគ្នាទៅនឹងអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន នៅឆ្នាំ២០២២ ក្រោមប្រធានបទ«ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាពិសេសពាក់ព័ន្ធនឹងវិស័យឌីជីថល និងបញ្ហាប្រឈមនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។
លោក Louise Mushikiwabo ក៏ចង់ឃើញទំនាក់ទំនងខិតជិតគ្នា រវាងអាស៊ាន និងសហភាពអាហ្វ្រិក ព្រមទាំងអាស៊ាន និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ផងដែរ។
 
ជុំវិញចំណុចនេះ លោក ប្រាក់ សុខុន បានបន្ថែមថា អាស៊ានបើកចំហទទួលការផ្លាស់ប្ដូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងតំបន់ផ្សេងទៀតនៅលើពិភពលោក។«សេចក្តីសម្រេចចុងក្រោយអំពីការខិតជិតគ្នា នឹងត្រូវធ្វើឡើងនៅក្នុងក្របខណ្ឌនៃកុងសង់ស៊ុល រវាងរដ្ឋសមាជិករបស់អាស៊ាន»។ នេះបើតាមប្រមុខការទូតកម្ពុជា។
 
ក្នុងជំនួបសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី២៩ មីនា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បាននិយាយថា សេដ្ឋកិច្ចកម្ពុជា មានការទាក់ទាញ និងជាគំរូអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ដល់ប្រទេសនិយាយភាសាបារាំង។
 
ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ដឹកនាំប្រតិភូមកកាន់កម្ពុជាពេលនេះ ក្នុងបំណងចង់មានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកលូតលាស់ និងជានិរន្តភាព។ លោកស្រី ល្វីស បន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកស្រី ក៏ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការទៅអនាគតទៀតផង៕
 

Tag:
 ប្រាក់ សុខុន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com