ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានគណបក្សឆន្ទៈខ្មែរថា អយុត្តិធម៌ ដែល គ.ជ.ប ដកបេក្ខជនឈរឈ្មោះ៣៣រូបរបស់ខ្លួន
31, Mar 2022 , 9:59 pm        
រូបភាព
លោក-គង់-ម៉ូនីកា-ប្រធានគណបក្សឆន្ទៈខ្មែរ។-រូបពីហ្វេសប៊ុកលោក-ម៉ូនីកា
លោក-គង់-ម៉ូនីកា-ប្រធានគណបក្សឆន្ទៈខ្មែរ។-រូបពីហ្វេសប៊ុកលោក-ម៉ូនីកា
ភ្នំពេញ៖ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ចាត់ទុកជារឿងអយុត្តិធម៌មួយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបបញ្ជីបេក្ខជនបក្សទាំងមូល ក្នុងសង្កាត់ផ្សារថ្មីទី៣ ក្រោមហេតុផលមិនចេះអក្សរ និងមិនបានបំពេញឯកសារផ្ទាល់ខ្លួន ។ លោកអះអាងថា គណបក្សឆន្ទៈខ្មែរ បានអនុវត្តតាមនីតិវិធីរៀបចំបេក្ខជនត្រឹមត្រូវ មិនមែនដូចការសម្រេចរបស់គ.ជ.បឡើយ។

 
ប្រធានគណបក្សឆន្ទៈខ្មែរ កំពុងរៀបចំសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅគ.ជ.ប វិញ ខណៈបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់ខ្លួន ត្រូវបានគ.ជ.ប សម្រេចលុបឈ្មោះចេញជាបន្តបន្ទាប់។ លោក គង់ ម៉ូនីកា ច្រានចោលការសម្រេចរបស់ គ.ជ.ប ដែលថា បេក្ខជនឈរឈ្មោះបោះឆ្នោតរបស់ខ្លួន មិនចេះអក្សរ និងមិនមានការយល់ព្រមពីសាមីខ្លួន លើការឈរឈ្មោះនេះ។ លោក ម៉ូនីកា បានដាក់ការសង្ស័យវិញថា បេក្ខជនរបស់ខ្លួន ទំនងជារងសម្ពាធពីមជ្ឈដ្ឋានណាមួយហើយ ទើបផ្ដល់ចម្លើយទៅគ.ជ.ប បែបនេះ។ 
 
«យើងមិនអាចទៅរើសបេក្ខជន ដែលមិនចេះអក្សរ មិនចេះអាន ឬក៏មិនបានយល់ព្រមឈរជាបេក្ខភាពឲ្យយើងនោះទេ! គឺសុទ្ធតែមានមេដៃ ហត្ថលេខាត្រឹមត្រូវ ក្នុងការឈរជាបេក្ខជនឲ្យគណបក្សឆន្ទៈខ្មែរ»។ នេះជាលើកឡើងរបស់លោក គង់ ម៉ូនីកា ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី៣១ មីនា ថា ក្នុងចំណោមបេក្ខជន ដែលគ.ជ.ប លុបឈ្មោះចេញ ក៏មានសមាសភាពសមាជិកគណកម្មការនាយករបស់គណបក្ស ដែលបានឈរជាបេក្ខជន នៅក្នុងសង្កាត់ផ្សារថ្មីទី៣។ ដូច្នេះ គណបក្សឆន្ទៈខ្មែរ មិនអាចទទួលយកហេតុផល ដែល គ.ជ.ប ចោទថា បេក្ខជនមិនចេះអាន ​ឬមិនចេះអក្សរទេ។ 
 
លោក គង់ ម៉ូនីកា បានបន្ថែមថា គ.ជ.ប មិនគួរលុបបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរទាំងស្រុង ក្នុងសង្កាតផ្សារថ្មី៣នោះទេ។ ប៉ុន្តែ បើមានករណីបេក្ខជនសុំដកខ្លួន ឬរកឃើញថា ពិតជាមានភាពមិនប្រក្រតីមែន គឺគួរលុបតែបេក្ខជនបានហើយ។  បើតាមលោក គង់ ម៉ូនីកា មកដល់ពេលនេះ បេក្ខជនចំនួន៣៣រូប ក្នុងនោះ មានបេក្ខជននៅសង្កាត់វត្តភ្នំ ៤រូប សង្កាត់ជ័យជម្នះ ១១រូប និង១៨រូបទៀត នៅសង្កាត់ផ្សារថ្មី៣  ត្រូវបានគ.ជ.ប លុបឈ្មោះចេញ។ 
 
បច្ចុប្បន្នគ.ជ.ប ទទួលពាក្យបណ្ដឹងបានជាង១៥០សំណុំរឿង ក្នុងនោះ បានដោះស្រាយរួច ជាង១៤០ករណី។ សំណុំរឿងពាក់ព័ន្ធនឹងបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ គឺសម្បូរករណីសុំលុបបញ្ជីបេក្ខជន មិនចេះអក្សរ និងមិនបានបំពេញឯកសារដោយផ្ទាល់ដៃខ្លួនឯង។ នាពេលនេះ បណ្ដឹងភាគច្រើន គឺប្ដឹងទៅលើគណបក្សភ្លើងទៀន។ នេះបើតាមការលើកឡើងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលបន្ថែមថា សព្វថ្ងៃគ.ជ.ប នៅតែទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់។ 
 
យ៉ាងណាក៏ដោយ គ.ជ.ប គ្រោងនឹងដោះស្រាយបញ្ចប់សំណុំរឿង ដែលទទួលបានឲ្យហើយ នៅអំឡុងខែឧសភា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com