កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិបបេស្បលរបស់ជប៉ុនមួយរូបជិះម៉ូតូហោះចូលក្នុងទីលាន
31, Mar 2022 , 10:29 pm        
រូបភាព
លោក Tsuyoshi Shinjo ប្រធានក្លិបបេស្បល Hokkaido Nippon Ham Fighters បានជិះម៉ូតូហោះ (Hoverbike) ចូលទីលាន ដែលបង្កការភ្ញាក់ផ្អើលខ្លាំង។



លោក Shinjo វ័យ៥០ឆ្នាំ ដែលត្រូវបានអ្នកគាំទ្រគ្រប់គ្នាដាក់រហ័សនាមថា «ថៅកែធំឬ Big Boss» បានពញ្ញាក់អារម្មណ៍មហាជនដោយបានម៉ូតូហោះ(Hoverbike) ក្នុងកម្មវិធីសម្តែងមុនបើកការប្រកួតអំឡុងមុនការប្រកួតនៅថ្ងៃទី២៩ ខែមីនាកន្លង។ ក្រុមបេស្បល Hokkaido Nippon Ham Fighters ប្រកួតចាញ់ក្រុម Saitama Seibu Lions ក្នុងលទ្ធផល ៤-០។
 
អតីតកីឡាករក្រុម Nippon Ham រូបនេះបានជិះដ្រូន ចូលក្នុងទីលានប្រកួតនៅលើកីឡដ្ឋាន Sapporo Dome ។ លោកបានដោះមួកការពារ និងអាវក្រៅចេញដើម្បីជាការស្វាគមន៍ដល់ទស្សនិកជន។ 
 
«ប្រសិនបើការប្រកួតអូឡាំពិកតូក្យូមានការបង្ហាញពីថៅកែធំ (Big Boss) នៅកម្មវិធីបើកព្រឹត្តិការណ៍ នោះនឹងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង»។ នេះបើតាមអ្នកប្រើប្រាស់មួយរូបបានសរសេរលើ Twitter បែបនេះ។
 
ទោះជាយ៉ាងនេះ ក្តីទន្ទឹមនឹងការសរសើរ លោក Shinjo ក៏រងនូវការរិះគន់ ព្រោះក្រុមបេស្បលដែលលោកគ្រប់គ្រងបានប្រកួតចាញ់។
 
ក្លិបបេស្បល Hokkaido Nippon Ham Fighters ក្លាយជាក្លិបដ៏ខ្លាំងមួយនៅក្នុងការប្រកួតក្របខណ្ឌកំពូលជប៉ុន ដោយធ្លាប់បានឈ្នះពានរង្វាន់ Japan Series ក្នុងឆ្នាំ ២០០៦ និង ២០១៦ ហើយបានបង្កើតតារាបេស្បលល្បីដូចជាកីឡាករ Shohei Ohtani របស់ក្រុម Los Angeles Angels។ប្រភពទីភ្នាក់ងារ AFP៕
 

Tag:
 Hover-Bike
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com