កីឡាអន្តរជាតិ
អន្តរជាតិ
នាយក World Cup កាតា ចង់ជួបគ្រូអង់គ្លេស ពិភាក្សាពីកង្វល់សិទ្ធិស្រ្តីនិងអ្នកស្រលាញ់ភេទដូចគ្នា
01, Apr 2022 , 8:29 am        
រូបភាព
លោក Nasser Al-Khater នាយក World Cup កាតា នាថ្ងៃទី៣០ ខែមីនា និយាយថា លោកចង់ជួបពិភាក្សាជាមួយលោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេស ដែលបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត អំពីបញ្ហាស្រលាញ់ភេទដូចគ្នានិងសិទ្ធិមនុស្ស នា World Cup នៅកាតា។



ការស្រលាញ់ភេទដូចគ្នា គឺជារឿងដែលខុសច្បាប់នៅក្នុងរដ្ឋ ដែលស្ថិតនៅតាមឈូងសមុទ្រពែរ្សមួយនេះ និងបញ្ហាសិទ្ធិរបស់ស្ត្រី។ របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) រកឃើញថា មានជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលធ្វើការនៅកាតា រងការកេងប្រវ័ញ្ញ។ ប្រទេសកាតា បានបដិសេធលើបញ្ហាទាំងនេះជាច្រើនលើក។
 
ជុំវិញករណីនេះ គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក Southgate បាននិយាយចំអកឱ្យប្រទេសកាតាថា ជារឿងមួយដ៏គួរឱ្យអាម៉ាស់ដែលមាន ការរារាំងអ្នកគាំទ្រ ទៅទស្សនាការប្រកួត World Cup 2022 ដោយសារតែបញ្ហាសិទ្ធិស្រ្តីក្នុងប្រទេសកាតា និងបញ្ហាសមាគមអ្នកស្រលាញ់ភេទដូចគ្នា LGBTQ+។
 
ការលើករបស់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសរូបនេះ បានធ្វើឱ្យលោក Nasser Al-Khater នាយក World Cup កាតា មិនសប្បាយចិត្តឡើយ។ លោក Nasser Al-Khater ចាត់ទុកការលើកឡើងរបស់លោក Gareth Southgate ជាបកស្រាយមិនត្រឹមត្រូវតាមស្ថានភាពជាក់ស្ដែង។
 
«ខ្ញុំគិតថា មុននឹងនិយាយសេចក្តីថ្លែងការណ៍ណាមួយដូចនេះ ហើយវាបានប៉ះពាល់ដល់កម្មករទាំងនោះ គាត់គួរតែមកទីនេះ ដើម្បីនិយាយទៅកាន់កម្មករ ហើយស្វែងយល់ពីកម្មករដែលនៅទីនេះផ្ទាល់»។ លោក Al-Khater និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
លោក Al-Khater ក៏បាននិយាយសំដៅចំៗ ទៅកាន់លោក Southgate ថា គ្រូបង្វឹកជម្រើសជាតិអង់គ្លេសរូបនេះ ជាបុគ្គលម្នាក់ដែលមានឥទ្ធិពលខ្លាំងក្លា ហើយមានអ្នកស្តាប់ច្រើន ដូច្នេះ គួរណាប្រើពាក្យក្នុងការនិយាយ ឱ្យមានការប្រុងប្រយ័ត្ន។
 
មិនត្រឹមតែប៉ុណ្ណោះ លោក Al-Khater អះអាងថា នឹងរកឱកាសនិយាយជាមួយលោក Southgate អំពីបញ្ហាកង្វល់ទាំងនេះ នាពេលចាប់ពូល World Cup 2022 នៅទីក្រុងឌូហា នៅថ្ងៃទី១ ខែមេសា ៕
 

Tag:
 World Cup Qatar
  Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com