ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការប្រណិប័តន៍បួស ក្នុងខែរ៉ាម៉ាឌនរបស់សាសនិកអ៊ីស្លាម
03, Apr 2022 , 11:59 am        
រូបភាព
សៀមរាប៖ សាសនិកអ៊ីស្លាមនៅទូទាំងពិភពលោក បានចាប់ផ្តើមខែរ៉ាម៉ាឌន ឬខែបួសតមអាហាររបស់ខ្លួនហើយ នៅដើមខែមេសានេះ។ នៅកម្ពុជា ខែរ៉ាម៉ាឌនចាប់ផ្តើមពីថ្ងៃទី៣ ខែមេសា តទៅ។ ខែរ៉ាម៉ាឌន ជាខែពិសិដ្ឋ ឬខែមានពរជ័យ សម្រាប់អ្នកមូស្លីមគ្រប់រូប ហើយវាជាកាតព្វកិច្ចទី៤ ក្នុងចំណោមមូលដ្ឋានគ្រឹះទាំង៥ នៅក្នុងសាសនាអ៊ីស្លាម។

 
ខាងក្រោមនេះ គឺជាបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោកគ្រូបង្រៀនសាសនាអ៊ីស្លាម លោក ហ៊ីម ស្លៃម៉ាន ដែលនឹងបកស្រាយពីកាតព្វកិច្ច និងការប្រណិប័តន៍ខែបួស តមអាហាររបស់អ្នកមូស្លីម សូមអញ្ជើញស្ដាប់៖ 
 


 
អ៊ីសា រ៉ហានី៖ ខែរ៉ាម៉ាឌន ជិតមកដល់ហើយ ខណៈសាសនិកអ៊ីស្លាមក៏កំពុងត្រៀមទទួលខែដ៏ពិសិដ្ឋមួយនេះដែរ។ គេដឹងជាទូទៅថា ខែរ៉ាម៉ាឌននេះ ជាខែតមអាហារ ឬបួសសម្រាប់សាសនិកអ៊ីស្លាម ខ្ញុំចង់ឱ្យលោកគ្រូជួយពន្យល់បន្ដិច តើអត្តន័យពិតប្រាកដនៃខែរ៉ាម៉ាឌននេះ មានអត្តន័យបែបណាដែរ?
 
ហ៊ីម ស្លៃម៉ាន៖ ខែបួស ឬនិយមន័យនៃខែបួស គឺជាការតមអាហារ តមទឹក ​និងតមការរួមភេទនៅពេលថ្ងៃ។ អ៊ីចឹងការបួស គឺយើងត្រូវចាប់ផ្តើមពីសេតារុណរះ រហូតដល់ថ្ងៃលិច អំឡុងពេលនេះយើងត្រូវតែបួស។ 
 
អ៊ីសា រ៉ហានី៖ តើការបួសនេះ ជាកាតព្វកិច្ច ឬជាច្បាប់យ៉ាងដូចម្ដេចដែរ ទើបសាសនាតម្រូវឱ្យបួសដូច្នេះ?
 
ហ៊ីម ស្លៃម៉ាន៖ ការបួសគឺជាកាតព្វកិច្ចរបស់មូស្លីមទាំងអស់ នៅពេលដែលពួកគាត់ដល់អាយុ។ សួរថា កាតព្វកិច្ចនេះ វាគឺជាច្បាប់ឬវាជាការស្ម័គ្រចិត្តរបស់មូស្លីម? ការបួសនេះ វាជាកាតព្វកិច្ចរបស់មូស្លីមទាំងអស់ ដូចដែលព្រះអល់ឡោះមានព្រះបន្ទូលក្នុងគម្ពីរអាល់កួរអាន ដោយមានអត្តន័យថា “ឱបណ្ដាអ្នកដែលមានអ៊ីម៉ាន់ អ្នកដែលមានគោលជំនឿ ចូរឱ្យពួកអ្នកបួស អល់ឡោះបានដាក់កាតព្វកិច្ចបួស ដូចដែលអល់ឡោះបានដាក់កាតព្វកិច្ចបួសដល់ប្រជាជាតិណាពី (ព្យាការី) មុនៗ ហើយសង្ឃឹមថា អ្នកមូស្លីមទាំងអស់មានការប្រណិប័តន៍”។ អ៊ីចឹង សារសំខាន់នៃការបួសរ៉ាម៉ាឌន នៅពេលដែលអល់ឡោះព្រះជាម្ចាស់ បានដាក់កាតព្វកិច្ចទៅរាល់ប្រជាជាតិទាំងអស់ បញ្ជាក់ថាការបួសនេះ វាមានសារសំខាន់ណាស់។
 
អ៊ីសា រ៉ហានី៖ អ៊ីចឹងមានន័យថា ការបួសគឺជាកាតព្វកិច្ចសំខាន់តែម្ដង នៅក្នុងសាសនាអ៊ីស្លាម ហើយអ្នកដែលគ្រប់អាយុប៉ុន្មានដែរ ដែលត្រូវបួស? ចុះប្រសិនបើគាត់មិនបួស តើអាចមានបាបកម្ម ឬទោសទណ្ឌដូចម្ដេចដែរ ក្នុងសាសនាអ៊ីស្លាម?
 
ហ៊ីម ស្លៃម៉ាន៖ ដោយសារតែបួស វាចូលទៅក្នុងរ៉ូកុនអ៊ីស្លាម មានន័យថាចូលនៅក្នុងមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម អ៊ីចឹងចាំបាច់រាល់អ្នកមូស្លីមទាំងអស់ ត្រូវប្រណិប័តន៍នូវបួស។ ប្រសិននរណាហើយមិនបានប្រណិប័តន៍ទេ មានន័យថាគាត់ទទួលបាបធំណាស់ (មិនបំពេញមូលដ្ឋានគ្រឹះទាំង៥ក្នុងនាមមូស្លីម)។ ទាក់ទងនឹងសារប្រយោជន៍នៃការបួស ដោយសារសារប្រយោជន៍មានច្រើន ខ្ញុំសុំសង្ខេប៣ ចំណុចសំខាន់ៗ។ ទី១ ការបួសគឺជាការដែលធ្វើឱ្យយើងថែទាំសុខភាព ឬក៏ព្យាបាលជំងឺខ្លះ។ ជាទូទៅនៅពេលយើងចូលខែបួស គឺការទទួលទានម្ហូបអាហារ វាត្រូវពេលវេលាកំណត់ ពេលវេលាញុំាបាយបួស និងពេលវេលាស្រាយបួស។ អ៊ីចឹង វេជ្ជបណ្ឌិតបានឱ្យនិយមន័យថា អ្នកដែលទទួលទានត្រូវពេលវេលាហ្នឹង គឺជាការព្យាបាលជំងឺក្រពះ ដ៏មានប្រសិទ្ធភាព។ ទី២ អ្នកដែលធាត់លើសលប់ អ៊ីចឹងពេលគាត់បួស ធ្វើឱ្យជាតិខ្លាញ់របស់គាត់ថយចុះ ហើយនិងជាតិកូលេស្ទឺរល់ថយចុះ។ ទី៣ គឺវាអាចសម្លាប់បាក់តេរីនៅក្នុងខ្លួន ពីព្រោះយើងដឹងហើយថា យើងបួសតាំងពីសេតារុណរះ រហូតដល់ថ្ងៃលិច វាចំណាយពេលដល់១៤ម៉ោងជាងលើសខ្វះ អ៊ីចឹងវាធ្វើឱ្យបាក់តេរី គឺវាបានស្លាប់។ 


 
ទី២ ការបួស វាបានថែរក្សានូវគោលជំនឿរបស់អ្នកមូស្លីម។ ថែរក្សាយ៉ាងម៉េចទៅ? នៅពេលខែបួសមកដល់ ទាំងចាស់ទាំងក្មេង ពួកគាត់បានប្រឡងប្រជែងគ្នា ក្នុងការធ្វើអំពើល្អ។ អ្នកខ្លះហ៊ានបរិច្ចាគទ្រព្យសម្បត្តិ អ្នកខ្លះហ៊ានបរិច្ចាគពេលវេលារបស់គាត់ ដើម្បីធ្វើអំពើល្អ។ អ៊ីចឹងនៅពេលខែរ៉ាម៉ាឌនកន្លងផុតទៅ យូរៗទៅ អ្នកមូស្លីមបានធ្វើឱ្យគាត់ឃ្លាតឆ្ងាយ អំពីការធ្វើអំពើល្អ អ៊ីចឹងនៅពេលដល់ខែរ៉ាម៉ាឌនមក អ្នកទាំងនោះ នាំគ្នាមកធ្វើអំពើល្អសាជាថ្មី។ ហើយបួសនេះដែរ វាជាការព្យាបាលជំងឺផ្លូវចិត្ត ដូចជាជំងឺលោភលន់ជាដើម ឈ្នានីសគ្នា អ៊ីចឹងវាជាឱសថមួយដែលមានសារសំខាន់។  
 
ទី៣ ការបួស វាជាការចូលរួមអភិវឌ្ឍន៍សង្គម។ ហេតុអ៊ី? ពីព្រោះប្រសិនជាយើងចង់ឱ្យសង្គមមួយល្អ យើងត្រូវតែអប់រំមនុស្សឱ្យល្អជាមុនសិន ពីព្រោះមនុស្សជាសមាជិកនៃសង្គម។ បួស ធ្វើឱ្យយើងមានទំនាក់ទំនងល្អ រវាងមនុស្សនិងមនុស្ស មានទំនាក់ទំនងរវាងអ្នកមាននិងអ្នកក្រ មានទំនាក់ទំនងរវាងមន្រ្តីរាជការ និងប្រជាពលរដ្ឋរបស់គាត់ ហើយមានទំនាក់ទំនងល្អរវាងស្ដេច និងជនសាមញ្ញធម្មតា ហើយមានទំនាក់ទំនងល្អរវាងឪពុកហើយនិងក្មេងកំព្រា ផ្តល់ភាពស្រឡាញ់ ហើយនិងភាពកក់ក្ដៅដល់ពួកគាត់ ហើយនិងចាស់ជរាជាដើម។ 
 
អ្វីដែលសំខាន់ជាងនេះទៀត ការបួសនេះ គឺកាត់នូវកិលេសតណ្ហារបស់អ្នកដែលបួស។ យើងដឹងស្រាប់ហើយថា អំពើអាក្រក់ដែលកើតឡើងទាំងឡាយ គឺវាចេញមកពីតណ្ហា។ អ៊ីចឹងការបួស វាកាត់ផ្ដាច់នូវតណ្ហា ព្រោះតណ្ហាវាជាថាមពល​ឱ្យមនុស្សប្រព្រឹត្តនូវអំពើអសីលធម៌ ឬអំពើអាក្រក់ទាំងឡាយ​។ ហើយនៅពេលអ្នកដែលបួស គាត់ទទួលបាននូវការលត់ដំ ទាំងផ្លូវកាយនិងផ្លូវចិត្ត គឺគាត់ចេះបែងចែករវាងអំពើល្អ អំពើអាក្រក់ ហើយគាត់អាចចេះបែងចែករវាងបាប ហើយនិងបុណ្យ។ អ៊ីចឹងមនុស្សម្នាក់ នៅពេលគាត់ចេះបែងចែករវាងអំពើល្អ និងអាក្រក់ បាបនិងបុណ្យ ធ្វើឱ្យគាត់ហ៊ានលះបង់ គាត់ហ៊ានលះបង់ទីមួយ ដើម្បីបំបាត់នូវអំពើអាក្រក់របស់គាត់​ ហើយដើម្បីបំបាត់នូវផលបាបរបស់គាត់ ហើយការលះបង់ទី២នេះ គាត់ប្ដូរមកវិញ គឺអំពើល្អ បុណ្យរបស់គាត់ ហើយនិងកិត្តិយសរបស់គាត់ កេរ្ដិ៍ឈ្មោះរបស់គាត់។ សារប្រយោជន៍នៃការបួសនេះ វាចូលរួមសកម្មក្នុងការកសាងសង្គម ឱ្យក្លាយជាសង្គមល្អ។ សង្គមល្អទៅរួច លុះត្រាតែមនុស្សល្អ ពីព្រោះមនុស្សជាសមាជិកនៃសង្គម។
 
អ៊ីសា រ៉ហានី៖ តើជនណាដែលមានកាតព្វកិច្ចបួស ហើយអ្នកណាខ្លះដែលព្រះអល់ឡោះ បានលើកលែង ឬមិនតម្រូវឱ្យបួសក្នុងខែរ៉ាម៉ាឌននេះ?
 
ហ៊ីម ស្លៃម៉ាន៖ អ្នកដែលបួស ទី១ អ្នកដែលមូស្លីម (មិនមែនមូស្លីម បើចង់បួសក៏មិនបានផលបុណ្យដែរ) ទី២ អ្នកដែលមានសតិល្អ ទី៣ អ្នកដែលដល់អាយុ។ អ្នកដែលដល់អាយុកន្លែងនេះ មិនមែនថា កំណត់អាយុប៉ុន្មាននោះទេ គឺអាណាព្យាបាលត្រូវការសិក្សាអំពីកូនប្រុស កូនស្រីរបស់យើង។ កូនស្រី តើអាយុប៉ុន្មានដែលអាចត្រូវទទួលបានកាតព្វកិច្ចនេះ គឺយើងត្រូវសិក្សាសញ្ញារបស់វា។ ស្រ្តី​ ទី១មានរដូវ ទី២ដែលគាត់ដុះរោមកន្លែងខ្មាស់របស់គាត់ ទី៣ គឺគាត់ដេកយល់សប្តិ។ រីឯកូនប្រុស នៅពេលដែលគាត់ដេកយល់សប្តិ បានន័យថា គាត់ដល់វ័យដែលទទួលនូវកាតព្វកិច្ចទាំងអស់នេះហើយ​។ ទី៤ គឺអ្នកដែលមានលទ្ធភាពបួស អ្នកដែលចាស់ជរា ក៏គេមិនឱ្យបួសដែរ។ ទី៥ គឺអ្នកស្នាក់នៅមួយកន្លែង មានន័យថាគាត់អត់ធ្វើដំណើរទៅណា។ 
 
។ រីឯបួសនេះដែរ គឺគេមិនដាក់កាតព្វកិច្ចលើអ្នកចាស់ជរា អ្នកឈឺ មិនតម្រូវឱ្យបួសទេ។ នៅក្នុងកន្លែងនេះ ខ្ញុំសុំបែងចែកបន្ដិចថា ទី១ លោកយាយលោកតា ដែលគាត់មានជំងឺ អ៊ីចឹងពេលគាត់បួសវាបង្កគ្រោះថ្នាក់ដល់គាត់។ អ៊ីចឹងនៅក្នុងចំណុចនេះ សាសនាអ៊ីស្លាម បានអនុញ្ញាតឱ្យគាត់សា្រយមិនចាំបាច់បួសទេ ក៏ប៉ុន្តែជំនួសមកវិញ នូវការផ្តល់អាហារដល់អ្នកក្រីក្រ ក្នុងមួយខែចំនួន៣០នាក់ ឬក៏យើងផ្តល់ជាអង្ករ ក្នុងមួយថ្ងៃ ស្មើនឹង ១.៥គីឡូក្រាម។ សូមបញ្ជាក់បន្ថែមថាស្រ្ដីមានឈាមរដូវ អ្នកមានជំងឺ ស្រ្ដីសម្រាលកូន... អាចដាច់បួសអំឡុងពេលមួយខែនេះបាន តែត្រូវបួសសងវិញ នៅខែបន្ទាប់។
 
អ៊ីសា រ៉ហានី៖ សម្រាប់សាសនិកអ៊ីស្លាមគ្រប់រូប ក្រៅពីការតមអាហារ តើក្នុងខែរ៉ាម៉ាឌននេះ គាត់ត្រូវបំពេញ ឬត្រៀមខ្លួន ក៏ដូចជាធ្វើដូចម្តេចខ្លះទៀត ដើម្បីបំពេញផលបុណ្យ ឱ្យបានគ្រប់គ្រាន់ ​ឬពេញលេញ ក្នុងពេលនេះ?
 
ហ៊ីម ស្លៃម៉ាន៖ ខែរ៉ាម៉ាឌន គឺតម្រូវឱ្យយើងបួសនៅពេលថ្ងៃ តមអាហារ តមទឹក តមការរួមភេទនៅពេលថ្ងៃ ហើយត្រូវតែបញ្ឈរថ្វាយបង្គំនៅពេលយប់។ ពេលថ្ងៃយើងបួស ពេលយប់គឺយើងថ្វាយបង្គំ​។ ហើយវាមានអំពើល្អជាច្រើនទៀត ដែលទាក់ទងនឹងខែបួស។ រាល់ទង្វើល្អនៅក្នុងខែបួសនេះ ត្រូវបានអល់ឡោះបន្ថែម។ ដូចជាមានហាទីសរបស់ព្យាការីមហាំម៉ាត់ លោកបាននិយាយថា​ រាល់ៗទង្វើល្អរបស់មនុស្សគឺត្រូវបានគេបន្ថែម។ ទង្វើល្អមួយ ពេលដែលយើងធ្វើវានៅក្នុងខែរ៉ាម៉ាឌន គេបន្ថែមរហូតទៅដល់១០ ឬក៏រហូតទៅដល់ ៧០០ រហូតដល់លើសពីនេះទៀត គឺអល់ឡោះមើលទៅលើភាពផ្ចិតផ្ចង់ ទៅលើការធ្វើទង្វើល្អរបស់មនុស្សលោក៕
 

Tag:
 បុណ្យរ៉ាម៉ាឌន
  សាសនិកអ៊ីស្លាមកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com