អន្តរជាតិ
មូលហេតុ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​រវាង​​អាមេរិក ​និង​ហ្វីលីពីន
04, Apr 2022 , 9:29 am        
រូបភាព
ដោយ: VOA
ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំខុស​ធម្មតា រវាង​សហរដ្ឋ​អាមេរិក​ និង​ហ្វីលីពីន​ជា​ការ​ឆ្លើយ​តប​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ចាត់​ទុក​ថា ជា​ការគំរាម​កាន់​តែ​ខ្លាំង​ឡើងពី​សំណាក់​ប្រទេស​ចិន។​ នេះ​បើ​តាម​ការ​យល់ឃើញ​របស់​អ្នកវិភាគ​មួយ​ចំនួន។​

 
កងកម្លាំងយោធា​សហរដ្ឋអាមេរិក បាន​ចូល​រួម​ជាមួយ​កង​កម្លាំង​យោធា​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ចន្ទ នៅក្នុង​សមយុទ្ធ​យោធា​មួយ​ ដែល​ត្រូវ​បាន​ត្រៀម​ទុក​ ដែល​មាន​ឈ្មោះ​ថា​ Balikatan ឬ​«ការ​ប្រគៀក​ស្មា​គ្នា»។ មន្ត្រី​ការពារជាតិ​អាមេរិក​ បាន​ហៅ​ការ​ធ្វើ​សមយុទ្ធ​យោធា​នោះ​ ថា​ជា​សមយុទ្ធ​យោធា​ដ៏​ធំ​បង្អស់​មួយ​ ដោយ​មាន​ការ​ចូល​រួម​ពី​កម្លាំងយោធាហ្វីលីពីន​ចំនួន​៣.៨០០​នាក់​ និង​កងយោធា​អាមេរិក​ចំនួន​៥.១០០​នាក់។
 
ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ​បាន​ងាកទៅ​រក​សហរដ្ឋ​អាមេរិកវិញក្នុង​រយៈពេល២​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ព្យាយាមបង្កើត​ចំណងមិត្តភាព​ជា​មួយ​ប្រទេស​ចិន​រួចមក។ ប្រទេស​ចិន បានផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារដល់​ប្រទេសហ្វីលីពីន ប៉ុន្តែ​ចិន​បាន​ប្រើ​ប្រាស់កម្លាំង​យោធា​របស់​ខ្លួន​ ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ទី​ប្រជុំ​កោះ​ដែលមាន​ជម្លោះ និង​តំបន់​សមុទ្រ​ដែលមាន​ការ​ប្រទាញ​ប្រទង់​គ្នារវាង​ប្រទេស​ទាំង​ពីរ។​ ​
 
​ការ​ធ្វើ​សមយុទ្ធ​យោធា​ Balikatan​ នៅ​ឆ្នាំ​នេះ​ ជាការលើក​កម្ពស់​សម្ព័ន្ធភាពយោធា​រវាង​ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ ដែល​បាន​ចាប់​ផ្តើម​ឡើងជា​មួយ​នឹង​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ឆ្នាំ​១៩៥១ និង​កិច្ចព្រមព្រៀង​ទស្សនកិច្ច​កម្លាំង​យោធា​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​ចុះ​ហត្ថលេខា កាល​ពី​ឆ្នាំ​១៩៩៩។​ លោក Duterte ធ្លាប់​បាន​គំរាមថា​ នឹង​លុប​ចោល​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៩​នោះ​ ខណៈ​លោក​បាន​ងាក​កាន់តែ​ជិត​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ពេល​កន្លង​មក ប៉ុន្តែបាន​យល់​ព្រមរក្សា​ទុកកិច្ចព្រម​ព្រៀង​នោះវិញកាល​ពី​ឆ្នាំមុន។
 
លោក​ Alexander Vuving សាស្ត្រាចារ្យ នៃមជ្ឈមណ្ឌល​អាស៊ីប៉ាស៊ីហ្វិកសម្រាប់​ការ​សិក្សាសន្តិសុខ ក្នុងរដ្ឋ Hawaii សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា៖​ «សហរដ្ឋ​អាមេរិក​ បានឲ្យ​តម្លៃ​និង​គាំទ្រ​ដល់ទំនាក់ទំនង​មិត្តភាព​នោះដោយ​មិន​ងាក​រេ ដូច​នេះ​ខ្ញុំ​គិត​ថា​ការណ៍​នេះ​ បាន​ធ្វើឲ្យ​មាន​ឥទ្ធិពល​លើ​ការ​គិតគូរ​របស់​លោក ​Duterte»។
 
លោក​បាន​ហៅប្រទេស​ហ្វីលីពីន​ថា ជា​រដ្ឋមួយដែល​រេ​ចុះ​ឡើង​នៅ​ក្នុងតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ហើយ​ថា​ ពេល​នេះ​ហ្វីលីពីន​ កំពុង​ងាករេ​ទៅ​រក​ភាគី​អាមេរិក​ ដើម្បី​ធានា​នូវ​ច្រក​ចូល​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែលជាកន្លែង​សម្បូរ​ទៅ​ដោយប្រភព​ថាមពល​និងត្រី​នោះ។
 
​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ម្នាក់​និយាយ​ថា​ សមយុទ្ធ​យោធា​ Balikatan ​ជួយ​លើក​កម្ពស់ដល់​សមត្ថភាពឆ្លើយ​តប​នឹង​វិបត្តិ ​និង​ធ្វើ​ផែនការ​សកម្មភាព​ទប់​ទល់​នឹង​វិបត្តិ​ទាំង​នោះ»។
 
​លោក Ramon Casiple អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប​និយាយ​ថា៖​ «ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ មានសារៈសំខាន់ ជា​ពិសេសប្រសិន​បើចិន​គ្រោង​រុញ​ហ្វីលីពីន​ឲ្យ​ចេញ​ពី​តំបន់​ប្រជុំ​កោះ​ Scarborough Shoal នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។​
ប្រទេស​ចិន​ បាន​ចូល​កាន់​កាប់​តំបន់​ប្រជុំ​កោះ​នេះនៅក្នុង​ឆ្នាំ​២០១២​ បន្ទាប់​ពីមាន​ការ​ប្រឈម​មុខ​ដាក់គ្នា​ជាមួយ​ហ្វីលីពីន​អស់​រយៈពេល​២​ខែ​មក។​
 
​លោក​បន្ត​ទៀត​ថា៖​ «ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ ត្រឡប់មក​កាន់​តំបន់​នេះ​វិញ​ ហើយចាត់​ទុក​បញ្ហា​នេះ​ថា​ជា​រឿង​សំខាន់​នោះ​ ហ្វីលីពីន​ នឹង​មាន​ទីពឹង​មួយ​ សម្រាប់តំបន់ដែលមាន​ជម្លោះ​នោះ។​ ហ្វីលីពីន​មិន​ដែលយល់​ព្រម​ប្រគល់​តំបន់​កោះ Scarborough Shoal ទៅឲ្យ​ចិន​ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com