កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយឈ្នះ Juventus គ្រូ Inter អះអាងថា​ អាចដេញពិន្ទុទាន់ AC Milan និង Napoli
04, Apr 2022 , 5:09 pm        
រូបភាព
រូបភាព៖livescore.com
រូបភាព៖livescore.com
គ្រូបង្វឹកក្រុម Inter Milan លោក Simone Inzaghi ថ្ងៃទី៤ ខែមីនា បានអះអាងថា ក្រុមលោកនឹងបន្តប្រដេញពិន្ទុជាមួយក្រុម AC Milan និង Napoli សម្រាប់តំណែងជើងឯកពានរង្វាន់ Serie A បន្ទាប់ពីឈ្នះក្រុមសេះបង្កង់ Juventus លទ្ធផល ១​-០។


១គ្រាប់បាល់ពិន័យ១១ម៉ែត្រពីខ្សែបម្រើសញ្ជាតិតួកគី Hakan Calhanoglu ជួយក្លិប Inter Milan មាន ៦៣ពិន្ទុ ពីជំនួប Derby d’Italia ឡើងឈរលេខ៣ និងឈរក្រោមក្រុម SSC Napoli លេខ២ និង AC Milan ឈរលេខ១ មាន៦៦ពិន្ទុស្មើគ្នា។ លោក Massimiliano Allegri អ្នកចាត់ការដែលដឹកនាំក្រុមសេះបង្កង់ ទទួលស្គាល់ថា ក្រុមលោកអស់ឱកាសប្រជែងពាន។
 
ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ DAZN គ្រូបង្វឹកវ័យ ៤៨ឆ្នាំរបស់ Inter Milan និយាយថា ក្រុមលោកនឹងព្យាយាមដេញតាមក្រុមទាំងពីរឱ្យខានតែបានដ្បិតនៅសល់៨ប្រកួតក្នុងដៃ។
 
«យើងអាចបន្តប្រដេញតាម AC Milan និង Napoli បាននៅឡើយ។ យើងចាញ់ពិន្ទុតិចតែប៉ុណ្ណោះ ដូច្នេះយើងក៏អាចព្យាយាមស្វែងរកវាពីចំណោមការប្រកួតដែលនៅសល់ក្នុងដៃយើង។ ពេលវេលាវាពិតជានៅ វែងបន្ថែមទៀតណាស់សម្រាប់ពួកគេក៏ដូចជាយើងផ្ទាល់នៃការដណ្តើមពានលើកនេះ»។ លោក Inzaghi និយាយបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះលោក Inzaghi ក៏បានបង្ហើបថាក្លិប Inter Milan ស្នើឱ្យលោកបន្តកិច្ចសន្យាដឹកនាំក្រុមរយៈពេលវែង បើទោះជាមានពាក្យចចាមអារ៉ាមពីរឿងកៅអីគ្រូបង្វឹករបស់លោកកំពុងរងសម្ពាធពីលទ្ធផលក្រុមមិនសូវសមប្រកបក្ដី។ 
 
កាលពីខែមករាកន្លងទៅ ក្នុងការដឹកនាំក្រុម Inter Milan រដូវកាលដំបូងរបស់លោក Simone Inzaghi បានជួយក្លិបឈ្នះជើងឯក Supercoppa Italia ដែលយកឈ្នះលើក្រុមសេះបង្កង់ Juventus ដូចគ្នា ក្នុងលទ្ធផល ២-១ ៕
 

Tag:
 Simone Inzaghi
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com