អន្តរជាតិ
ចិន​ បញ្ជូន​យោធានិងពេទ្យ​ទៅ​សៀង​ហៃ ដើម្បី​ធ្វើតេស្តពលរដ្ឋជាង២៦លាន​នាក់​
04, Apr 2022 , 6:00 pm        
រូបភាព
បុគ្គលិកសុខាភិបាលខេត្តជាំងស៊ី ចាកចេញទៅកាន់ទីក្រុងសៀងហៃ។ រូបថត Xinhua
បុគ្គលិកសុខាភិបាលខេត្តជាំងស៊ី ចាកចេញទៅកាន់ទីក្រុងសៀងហៃ។ រូបថត Xinhua
រដ្ឋាភិបាលចិន នៅថ្ងៃទី៤​ ខែមេសា បានបញ្ជូនយោធា និងបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃដើម្បីជួយអនុវត្តការធ្វើតេស្តរកវីរុសបង្កជំងឺកូវីដ-១៩ លើពលរដ្ឋជាង២៦លាននាក់។ ការធ្វើតេស្តទ្រង់ទ្រាយធំនេះ បានកើតឡើង​បន្ទាប់ពីករណីឆ្លងថ្មីនៃវីរុសបង្កជំងឺកូវីដ-១៩ អូមីក្រុង ប្រចាំថ្ងៃកើនឡើងឥតថមថយ។


ក្រោយករណីឆ្លងកើនឡើង អាជ្ញាធរចិនកន្លងមកបានសម្រេចបិទខ្ទប់ក្រុងសៀងហៃ និងតម្រូវឱ្យពលរដ្ឋធ្វើតេស្តរកជំងឺកូវីដ-១៩។ ពលរដ្ឋនៅតំបន់មួយចំនួន ត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីធ្វើតេស្តនៅឯបរិវេណអាគារលំនៅដ្ឋានរបស់ពួកគេ ខណៈមនុស្សជាច្រើនបានតម្រង់ជួរនៅក្នុងសម្លៀកបំពាក់គេងនៅឡើយ។
 
បើតាមកាសែតកងកម្លាំងប្រដាប់អាវុធចិន កងទ័ពរំដោះប្រជាជន (PLA) នៅថ្ងៃទី៣​ ខែមេសាបានបញ្ជូនបុគ្គលិកពេទ្យជាង២ពាន់នាក់ដែលត្រូវបានជ្រើសរើសក្នុងចំណោម កងទ័ពជើងគោក កងទ័ពជើងទឹក និងកងកម្លាំងគាំទ្រផ្នែកដឹកជញ្ជូនរួមគ្នាទៅកាន់ទីក្រុងសៀងហៃ។ ខេត្តមួយចំនួនទៀតមានជាំងស៊ូ ជឺចាំង និងរដ្ឋធានីប៉េកាំងជាដើម ក៏បានបញ្ជូនបុគ្គលិកពេទ្យទៅកាន់ទីក្រុងសៀងហៃផងដែរ។ 
 
ជាសរុប បុគ្គលិកសុខាភិបាលដែលបានបញ្ជូនទៅសៀហៃមានចំនួនលើសពី១ម៉ឺននាក់ ដែលនេះជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតរបស់ចិនចាប់តាំងពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩នៅក្នុងទីក្រុងវូហានមក។
 
ទីក្រុងសៀងហៃបានចាប់ផ្តើមការបិទខ្ទប់ជាពីរដំណាក់កាលនៅដើមសប្តាហ៍មុន។ នៅថ្ងៃទី៣ ខែមេសា អាជ្ញាធរនៅទីក្រុងសៀងហៃ បានរាយការណ៍ករណីឆ្លង៨៥៨១នាក់ដែលមិនបញ្ចេញរោគសញ្ញា និង៤២៥ករណីទៀតជាករណីឆ្លងដែលបញ្ចេញរោគសញ្ញា។ ទន្ទឹមនឹងការធ្វើតេស្តពីបុគ្គលិកសុខាភិបាល អាជ្ញាធរចិន បានអំពាវនាវឱ្យពលរដ្ឋធ្វើតេស្តដោយខ្លួនឯងផងដែរ។ 
 
ខណៈដែលការផ្ទុះករណីឆ្លងនេះមានទំហំតូចបើប្រៀបធៀបនឹងប្រទេសដទៃលើពិភពលោក​ ចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ក្នុងប្រទេស ស្របតាមយុទ្ធសាស្ត្រលុបបំបាត់ទាំងស្រុងនៃករណីឆ្លងក្នុងប្រទេស។ យ៉ាងណាមិញ ពលរដ្ឋមួយចំនួនត្អូញត្អែរថា មណ្ឌលធ្វើចត្តាឡីស័ក មានភាពចង្អៀត និងគ្មានអនាម័យ ក៏ដូចជាមានការលំបាកក្នុងការទទួលបានអាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ដសំខាន់ៗ។
 
ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតីចិន ស៊ី ជិនភីង បានជំរុញឱ្យមានការទប់ស្កាត់សន្ទុះនៃការផ្ទុះឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅចុងសប្តាហ៍មុន ឧបនាយករដ្ឋមន្ត្រី ស៊ុន ឈុនឡាន ក៏បានជំរុញឱ្យទីក្រុងសៀងហៃមានការតាំងចិត្ត និងបន្តប្រយុទ្ធប្រឆាំងឱ្យបានរយ៉ាងឆាប់រហ័ស ទប់ស្កាត់ការរាលដាលនៃវីរុសបង្កជំងឺកូវីដ-១៩៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com