ជាតិ
អភិបាលខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋ​សម្អាតបរិស្ថានផ្លូវមុខផ្ទះរបស់ខ្លួន
04, Apr 2022 , 9:29 pm        
រូបភាព
សៀមរាប៖ ផ្លូវ៣៨ខ្សែ ជួយឱ្យក្រុងសៀមរាប មានភាពទាក់ទាញជាខ្លាំង។ ទន្ទឹមនឹងនោះ បញ្ហាអនាម័យ នៅតែចោទសម្រាប់សោភ័ណភាពក្រុងទេសចរណ៍មួយនេះ ហើយហាក់ដូចជាជំងឺរុំារ៉ៃមិនទាន់អាចព្យាបាលបាន។ អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងខ្លាំងដែរលើការងារនេះ តែតំបន់ តាមផ្លូវខ្លះ តែនៅកខ្វក់  ដោយមានដីតាមកៀនផ្លូវ សំរាម និងទឹកដក់តាមកន្លែងលក់ដូរតាមផ្លូវជាដើម។ល។

 
ក្នុងអំឡុងពេលចុះពិនិត្យផ្លូវ៣៨ខ្សែ នាថ្ងៃទី២៩ ខែមីនា កន្លងទៅ អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា បច្ចុប្បន្នខេត្ត ដោយមានការចូលរួមពីក្រុមយុវជន សហភាពសហព័ន្ធយុវជនខេត្តផង ធ្វើការយ៉ាងសកម្មក្នុងការងារបរិស្ថាន និងអនាម័យនេះ។ យ៉ាងណា លោកនៅតែចាត់ទុកការចូលរួមពីប្រជាពលរដ្ឋ​ ថាជារឿងសំខាន់ក្នុងការធ្វើការងារនេះឱ្យមានប្រសិទ្ធិភាព។
 

កំណាត់ផ្លូវហ្សាលដឺហ្គោល ក្នុងគម្រោងផ្លូវ៣៨ខ្សែដែលទើបស្ថាបនារួច។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

សូមស្ដាប់សំឡេងលោក ទៀ សីហា





 
លោក ទៀ សីហា៖«ជាសំណូមពរខ្ញុំ ទោះយើងប្រឹងយ៉ាងណា តែមិនមានការចូលរួមពីពលរដ្ឋទេ ក៏មិនអាចដែរ។ សូមជួយថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ ពិសេសមិនបាច់ទៅណាឆ្ងាយទេ សូមថែរក្សាអនាម័យមុខផ្ទះ គឺបានគ្រប់គ្រាន់ហើយ»។ លោកអភិបាលខេត្តបញ្ជាក់ថា មានការចូលរួមពីពលរដ្ឋតាមផ្ទះនីមួយៗប៉ុណ្ណោះ ដែលអាចលុបបំបាត់ភាពកខ្វក់បាន។ 
 
ក្រៅពីនេះ លោក ទៀ សីហា ក៏ស្នើឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដ្បិតមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីស្ថាបនាផ្លូវស្អាតរួច មានករណីគ្រោះថ្នាក់ច្រើន ដោយបង្កឡើងដោយអ្នកបើកបរមិនគោរពច្បាប់ និងមិនយោគយល់គ្នា។ បន្ថែមពីនេះ ស្នើឱ្យពលរដ្ឋសហការជាមួយអាជ្ញាធរគ្រប់លំដាប់ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ក្នុងខេត្តទេសចរណ៍នេះ ឱ្យបានល្អប្រសើរ៕
 
 

Tag:
 ផ្លូវ៣៨ខ្សែ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com