កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ លោក Simeone សន្យាធ្វើឱ្យ Man City ឈឺចាប់ ឯ Klopp ប្រាប់ក្រុមឱ្យផ្តោតអារម្មណ៍ខ្ពស់
05, Apr 2022 , 2:02 pm        
រូបភាព
លោក Diego Simeone គ្រូបង្វឹក Atletico Madrid ថ្ងៃទី៤ខែ មីនា បានសន្យាថា នឹងធ្វើឱ្យក្រុម Manchester City ដែលដឹកនាំដោយលោក Pep Guardiola ទទួលការឈឺចាប់ក្នុងជំនួបនៃពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមជើងទីមួយ។


ក្រុម Atletico Madrid បានទម្លាក់ក្រុមបិសាចក្រហម Manchester United លទ្ធផលសរុប ២-១ នាជំនួប Champions League វគ្គ១៦ក្រុម។ Manchester City ទម្លាក់ក្រុម Sporting CP របស់ព័រទុយហ្គាល់នាវគ្គ១៦ក្រុម។
 
លោក Simeone និងលោក Guardiola សុទ្ធសឹងតែធ្លាប់ដឹកនាំក្រុមប្រកួតប៉ះគ្នាចំនួន៣លើករួចមកហើយ។ ដោយអំឡុងរដូវកាល ២០១៥-១៦ លោក Guardiola ដឹកនាំក្រុម Bayern Munich ប្រកួតយកឈ្នះ Atletico Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 
 
និយាយក្នុងសន្និសីទមុនការប្រកួតលោក Simeone ក៏សរសើរក្រុមមេឃខៀវថា ជាក្រុមខ្លាំងមានទម្រង់ប្រយុទ្ធល្អ។ ប៉ុន្តែលោកក៏អះអាងថា នឹងតាមដានស្វែងរកកន្លែងទន់ខ្សោយក្នុងទម្រង់លេងរបស់ក្រុមលោក Pep។
 
«អ្វីដែលខ្ញុំចូលចិត្តបំផុតពី Man City គឺនៅពេលពួកគេប្រជែងបានបាល់វិញភ្លាម ពួកគេនឹងបន្តលេងប្រយុទ្ធបន្ថែមទៀត។ យើងនឹងធ្វើឱ្យពួកគេឈឺចាប់ យើងអាចធ្វើវាបាន។​ ពួកគេបន្តវិវត្តតៅមុខ ព្រោះមានកីឡាករល្អៗដូចជា Sterling ក៏ដូចជា​ De Bruyne គឺមានសកម្មភាពច្រើនលើទីលានហើយមិនងាយឱ្យរបូតបាល់ ជារឿងអ្នកចាត់ការគ្រប់គ្នាចង់បាន»។ លោក Simeone បាននិយាយបែបនេះ។
 
ក្រុមម្ចាស់ជើងឯក La Liga រដូវកាល២០២០-២១ បានក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ UEFA ដែលត្រូវជួបតទល់ជាមួយក្រុមដែលមកពីទីក្រុង Manchester ទាំងពីរក្នុងវគ្គប្រកួតជម្រុះ Champions League ក្នុងមួយរដូវកាល ចាប់តាំងពីក្រុម Juventus ក្នុងរដូវកាល១៩៧៦​-៧៧ ក្នុង UEFA Cup។
 
ចំណែកឯលោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool ប្រាប់កូនក្រុមឱ្យផ្តោតអារម្មណ៍ឱ្យបានខ្ពស់ នឹងប្រយ័ត្នប្រយែងលេងទល់ក្រុម Benfica ព្រោះត្រូវការរក្សាកម្លាំងដើម្បីប្រកួតពានរង្វាន់៤ផ្សេងគ្នាក្នុងរដូវកាល ២០២១-២២ នេះ។ ការប្រកួតនឹងត្រូវធ្វើឡើង វេលាម៉ោង២ រំលងអាធ្រាត្រយប់ (ម៉ោងនៅកម្ពុជា)។
 
និយាយក្នុងសន្និសីទមុនធ្វើដំណើរទៅប្រទេសព័រទុយហ្គាល់ លោក Klopp បានផ្តាំកូនក្រុមក្រោយយកឈ្នះលើ Watford យ៉ាងលំបាកឱ្យយកចិត្តទុកដាក់លើការប្រកួតបន្ថែម។
 
«វាជារឿងមួយដ៏សំខាន់ ក្នុងការរក្សាគុណភាពក្រុម ដោយផ្អែកលើសមត្ថភាព ព្រមទាំងកម្លាំងនិងសុខភាព។ ខ្ញុំចង់ឱ្យកីឡាករផ្តោតអារម្មណ៍ឱ្យបានខ្ពស់ហើយគិតរឿងដែលវិជ្ជមានសម្រាប់ការប្រកួត​ វាបានបង្ហាញយើងរួចហើយពីការប្រកួតមុន»។ លោក Klopp បានលើកឡើងបែបនេះ៕
 
 
 

Tag:
 UEFA Champions League
  Diego Simeone
© រក្សាសិទ្ធិដោយ thmeythmey.com