ជាតិ
សម្ដេចហ៊ុន សែន អរគុណបារាំង និងជប៉ុន ដែលគាំទ្រគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ១០ឆ្នាំទៀត
05, Apr 2022 , 7:59 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា។
សៀមរាប៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរ និងអរគុណប្រទេសបារាំង និងជប៉ុន សម្រាប់ការបន្តអាណត្តិរបស់ខ្លួនរយៈពេល១០ឆ្នាំទៀត ក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor)។

 
«យើងគួរតែអរគុណជាមួយនឹង ICC-Angkor ដែលបានចូលរួមនៅក្នុងការអភិរក្សតំបន់ក្នុងក្រុងសៀមរាប ក៏ដូចជាអភិរក្សជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្រ្ដរបស់យើង គឺអង្គរវត្ត។ យើងពិតជាអរគុណចំពោះបារាំង ជប៉ុន ដែលជាសហប្រធាននៃ អាយស៊ីស៊ី  រួមជាមួយអង្គការយូណេស្គូ ដែលអាចហៅថា​ នៅទីនេះជានិច្ចកាល យើងប្រើយន្តការត្រីភាគី គឺកម្ពុជាជាម្ចាស់ផ្ទះ បូកជាមួយសហប្រធានទាំងពីរ គឺបារាំង និងជប៉ុន ដែលបានចូលរួម ប៉ុន្តែយើងក៏មានដៃគូសំខាន់មួយទៀត គឺយូណេស្គូ គឺយើងមានយន្តការសហប្រតិបត្តិការត្រីភាគី និងសហប្រតិបត្តិការចតុភាគី»។ នេះជាប្រសាសន៍របស់សម្ដេច ​ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៤ មេសា។
 
បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានអរគុណចំពោះប្រទេសសហប្រធានទាំងពីរ ដែលសម្រេចបន្តអាណត្តិរយៈពេល១០ឆ្នាំទៅមុខទៀត ក្នុងនាមជាសហប្រធាន ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍​រមណីយដ្ឋានអង្គរ។ សម្ដេច ហ៊ុន សែន លើកឡើងថា កម្រមានគណៈកម្មាធិការណា ដែលមានអាយុច្រើនឆ្នាំ យ៉ាងដូច្នេះណាស់ ក្នុងការចូលរួមអភិរក្សប្រាង្គប្រាសាទខ្មែរ។ សម្ដេច ហ៊ុន សែន៖ « ខ្ញុំសូមអរគុណពីចម្ងាយ ជូនចំពោះដៃគូរបស់យើង គឺបារាំង និងជប៉ុន និងអង្គការយូណេស្គូ ហើយសង្ឃឹមថា នឹងចូលរួមសហប្រតិបត្តិការក្នុងតំបន់នេះ ហើយអាយស៊ីស៊ី-អង្គរ ក៏ទទួលបន្ទុកក្នុងការចូលរួមអភិរក្ស និងតាមដានពិនិត្យទៅលើការអភិវឌ្ឍន៍រមណីយដ្ឋានសម្បូរព្រៃគុកផងដែរ»។
 
នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៥ មីនា កន្លងទៅ នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា បារាំង និងជប៉ុន បានប្រកាសពីការបន្តអាណត្តិរបស់ខ្លួនរយៈពេល១០ឆ្នាំទៀត (អាណត្តិទី៤) ក្នុងនាមជាសហប្រធាន ដើម្បីគាំទ្រលើការងារអភិរក្សរមណីយដ្ឋានអង្គរបន្តទៀត។ ការសម្រេចនេះ មានការសាទរពីភាគីពាក់ព័ន្ធ ដោយបញ្ជាក់ថា គណៈកម្មាធិការនេះនឹងបន្តអាយុរហូត៤០ឆ្នាំ នៅឆ្នាំ២០៣៣ ក្រោយត្រូវបានបង្កើតពីខែធ្នូ ឆ្នាំ ១៩៩៣។ គណៈកម្មាធិការនេះ បង្កើតឡើងមួយឆ្នាំ ក្រោយរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្គូ នៅខែធ្នូ ឆ្នាំ ១៩៩២។


 សហប្រធាន បារាំង និងជប៉ុន ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ថ្ងៃទី២៥  មីនា ឆ្នាំ២០២២។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

សម្រាប់អាណត្តិថ្មីនេះ សហប្រធានអាយស៊ីស៊ី-អង្គរ ប្រកាសថា នឹងផ្តោតលើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបេតិកភណ្ឌ និងសហគមន៍ ដើម្បីជួយឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ។
 
ក្នុងសន្និសីទសារព័ត៌មានក្រោយចប់កិច្ចប្រជុំនៅពេលនោះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ លោកស្រី ភឿង សកុណា បានរីករាយចំពោះការបន្តអាណត្តិទី៤របស់ បារាំង និងជប៉ុន។ លោកស្រីថា វាជាមោទកភាពមួយ ហើយមោទកភាពនេះបានដោយសារការបំពេញភារកិច្ចដោយភាពច្បាស់លាស់ មត់ចត់ និងភាពជឿជាក់ពីគ្នាទៅវិញទៅមក ទាំងអ្នកជំនាញការជាតិ និងអន្ដរជាតិ ទើបមានការគាំទ្រពីសហប្រធាន រួមនិងអង្គការយូណេស្គូ។ មួយទៀត ដោយសារកម្ពុជាមានសុខសន្ដិភាព និងភាពជោគជ័យនៃនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។
 
ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នោះដែរ សម្ដេចនាយករដ្ឋមន្រ្តី បានសុំឱ្យប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បន្តគោរពគោលការណ៍ការពារបេតិកភណ្ឌតំបន់ប្រវត្តិសាស្រ្ដអង្គរ ដើម្បីឱ្យរមណីយដ្ឋាអង្គរ មានតម្លៃជានិរន្ត។ សម្ដេច ហ៊ុន សែន លើកឡើងថា៖« ត្រង់នេះហើយដែលខ្ញុំគួរតែនិយាយ ទៅកាន់ប្រជាពលរដ្ឋយើង ដែលរស់នៅក្នុងខេត្តសៀមរាប ឱ្យបន្តរក្សានូវរបៀបរៀបរយ គោរពទៅតាមគោលការណ៍ដែលការពារបាន នូវបេតិកភណ្ឌប្រវត្តិសាស្រ្ដ។ ទឹកដីសៀមរាប ពិតជាមានប្រាង្គប្រាសាទច្រើនពេកហើយ ដែលយើងត្រូវគោរព»។ 
 
សម្ដេច បាននិយាយដល់ទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកសូទ្រនិគម ដែលសម្ដេច បានទៅត្រួតពិនិត្យនៅថ្ងៃទី៣ ខែមេសា ដោយបញ្ជាក់ថា ទម្រាំរកដីសាងសង់បាន គឺប្រើពេលយូរ ដោយធ្វើយ៉ាងណា ជៀសឱ្យឆ្ងាយពីតំបន់បេតិកភណ្ឌ៕
 

Tag:
 ICC-Angkor
  អាយស៊ីស៊ី-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com