អន្តរជាតិ
អាម៉េរិកនិងសម្ព័ន្ធមិត្ត នឹងបន្ថែមទណ្ឌកម្មលើរុស្ស៊ី ដើម្បីឆ្លើយតបអំពើឃោរឃៅនៅ​ Bucha
06, Apr 2022 , 4:09 pm        
រូបភាព
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានអាម៉េរិក។ រូបភាព៖ AFP
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានអាម៉េរិក។ រូបភាព៖ AFP
អាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត នឹងប្រកាសទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីនៅថ្ងៃទី៦ ខែមេសា ដើម្បីឆ្លើយតបនឹងសកម្មភាពយោធារុស្ស៊ីនៅតំបន់ជុំវិញក្រុងកៀវ។ ទណ្ឌកម្មចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន ចាត់ទុកសកម្មភាពយោធារុស្ស៊ី ជាឧក្រិដ្ឋកម្មសង្រ្គាម និងទាមទារដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែម។ 



 
រឿងរ៉ាវសាកសពរណូករណែលតាមផ្លូវក្នុងទីក្រុង Bucha ក្បែររដ្ឋធានីកៀវ ធ្វើឱ្យរុស្ស៊ីរងការថ្កោលទោសជាខ្លាំង។   ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំបណ្តាប្រទេសផ្សេងទៀត បានថ្កោសទោសយោធារុស្ស៊ី, ទាមទារឱ្យមានការស៊ើបអង្កេត និងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ 
 
ជាការឆ្លើយតបនឹងអំពើឃោរឃៅខាងលើ ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានត្រៀមទណ្ឌកម្មជាថ្មីលើក្រុងមូស្គូ។ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៥ ខែមេសា អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Jen Psaki ទណ្ឌកម្មថ្មីរបស់អាម៉េរិក គឺជាផ្នែកមួយ នៃឧក្រិដ្ឋកម្មសង្រ្គាម ឬអំពើឃោរឃៅរបស់រុស្ស៊ី។ 
 
អ្នកនាំពាក្យសេតវិមានអាម៉េរិក បានបន្តប្រាប់អ្នកសារព័ត៌មានថា អាម៉េរិក និងសម្ព័ន្ធមិត្ត នៅថ្ងៃទី៦ ខែមេសា នឹងប្រកាសទណ្ឌកម្មថ្មី។ បើតាមលោកស្រី Psaki ដោយមានការសម្របសម្រួលជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) និងសហភាពអឺរ៉ុប កញ្ចប់ទណ្ឌកម្មថ្មី នឹងដាក់លើរុស្ស៊ី ដើម្បីធ្វើឱ្យសេដ្ឋកិច្ច បច្ចេកវិទ្យា និងហិរញ្ញវត្ថុរបស់រុស្ស៊ីនៅដាច់តែឯង។ មិនតែប៉ុណ្ណោះ ទណ្ឌកម្ម ក៏រួមបញ្ចូលទាំងការវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ មន្រ្តីរុស្ស៊ី និងសមាជិកគ្រួសារមន្រ្តីរុស្ស៊ី។ 
 
«ចំណាត់ការទាំងនេះ នឹងដាក់សម្ពាធលើវិស័យសំខាន់ៗរបស់រុស្ស៊ី»។ អ្នកនាំពាក្យសេតវិមានបានបញ្ជាក់បែបនេះ ដោយបន្តថា ទណ្ឌកម្មនោះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី និងស្វែងរកការទទួលខុសត្រូវលើអភិជន និងបុគ្គលមានអំណាច ដែលជួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងការធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែលនោះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានសរសេរលើបណ្តាញសង្គម Twitter ថា សហភាពអឺរ៉ុបកំពុងធ្វើការលើទណ្ឌកម្មថ្មី ដោយក្នុងនោះរួមទាំងការហាមឃាត់ការនាំចូលប្រេង ធ្យូងថ្ម និងការទូទាត់ប្រាក់ជាមួយរុស្ស៊ីជាដើម។ មេដឹកនាំអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃៅ និងសង្រ្គាមប្រឆាំងប្រជាជនស៊ីវិល។ 
 
ក្រៅពីទណ្ឌកម្មខាងលើ អឺរ៉ុប នឹងហាមឃាត់នាវារុស្ស៊ីចូលចតនៅកំពង់ផែខ្លួន រឹតត្បិតនាំចេញសម្ភារឧស្សាហកម្មមួយចំនួនទៅរុស្ស៊ី នឹងឈប់នាំចូលឈើ រួមទាំងគ្រឿងសមុទ្រពីរុស្ស៊ីផង៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com