អន្តរជាតិ
រុស្ស៊ីគំរាមថា ប្រទេសដែលបោះឆ្នោតព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងជួបបញ្ហា
07, Apr 2022 , 2:19 pm        
រូបភាព
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត Xinhua
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត Xinhua
តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) បានព្រមានរដ្ឋសមាជិក UN ទាំងអស់ ពីផលវិបាកក្នុងទំនាក់ទំនងទ្វេភាគី ប្រសិនបើពួកគេនឹងបោះឆ្នោតយល់ព្រម ឬបោះឆ្នោតអនុបវាទលើសំណើរបស់អាម៉េរិក ដែលស្នើឱ្យព្យួរសមាជិកភាពរបស់រុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នេះ​បើ​តាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ថ្ងៃនៅថ្ងៃទី៦ ខែមេសា ដោយយោងលិខិតមួយ របស់តំណាងរុស្ស៊ីនៅ UN ។
 
អាម៉េរិក បានដឹកមុខកិច្ចប្រឹងប្រែង ដើម្បីដកសមាជិកភាពរុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយយោងលើអ្វីដែលកើតឡើង នៅទីក្រុង Bucha ទីដែលសាកសាពមនុស្សជាង៣០០នាក់ ត្រូវបានរកឃើញរណូករណែលតាមផ្លូវ ក្រោយការចាកចេញរបស់យោធារុស្ស៊ី។ អាម៉េរិក ក៏ប​ញ្ជាក់​ព័ស្តុតាងដ៏រឹងមាំ ដែលបង្ហាញពីឧក្រិដ្ឋកម្មសង្រ្គាមនៅទីនោះ។ យ៉ាងណាមិញ រុស្ស៊ីនៅតែបដិសេធ​ការ​ចោទប្រកាន់នេះដាច់ខាត ហើយទម្លាក់កំហុសលើអ៊ុយក្រែន ជាអ្នកប្រឌិតរឿង។
 
មុនការបោះឆ្នោតនេះ រុស្ស៊ីក៏ចេញសារព្រមាន ប្រទេសដែលត្រូវបោះឆ្នោត។ ក្នុងឯកសារមួយ ដែល​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមេសា  តំណាងរុស្ស៊ីនៅ UN បាន​ព្យាយាម​ដាក់​សម្ពាធ ឱ្យប្រទេសនានាប្រឆាំងសំណើអាម៉េរិក។ តំណាងរុស្ស៊ី បានព្រមានពីវិបាក ដែលនឹងកើតមានផងដែរ។
 
«គួរបញ្ជាក់ថា ប្រសិនជាប្រទេសណាមួយបោះឆ្នោតគាំទ្រគំនិតផ្ដួចផ្ដើមនេះ ឬអនុបវាទ ប្រទេស​ទាំង​នោះ នឹងត្រូវចាត់ទុកថាបង្ហាញកាយវិការមិនរាក់ទាក់»។ តំណាងរុស្ស៊ីនៅ UN បាន​ព្រមាន​បែបនេះ​រួច​បន្តថា ជំហររបស់ប្រទេសនីមួយៗ នឹងកំណត់ទំនាក់ទំនងទ្វេភាគី ជាមួយរុស្ស៊ី និងកិច្ចការ​សំខាន់​ៗ​ទៀត ក្រោមក្របខ័ណ្ឌ UN ។ 
 
ជុំវិញរឿងនេះ អ្នកនាំពាក្យតំណាងអាម៉េរិកនៅ UN លោកស្រី Olivia Dalton នៅថ្ងៃទី៦ ខែមេសា បានចាត់ទុកឯកសារដែលបែកធ្លាយ ថាបានបង្ហាញពីការគំរាមដោយបើកចំហ ជាព័ស្តុតាងមួយទៀត​ សម្រាប់​ឱ្យក្រុមប្រឹក្សា ព្យួរសមាជិកភាពរបស់រុស្ស៊ីជាបន្ទាន់។
 
គួរបញ្ជាក់ថា ដំណើរការព្យួររុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស តម្រូវឱ្យមានសំឡេងគាំទ្រ ២ភាគ៣​ នៃ​សមាជិកមហាសន្និបាត UN ទាំង១៩៣ប្រទេស។ ចំពោះការបោះឆ្នោតអនុបវាទ នឹងមិនបូកបញ្ចូល ក្នុង​សំឡេងគាំទ្រភាគច្រើន ដែលត្រូវការទេ។ សមាជិកមហាសន្និបាត១៩៣ប្រទេស នឹងបោះឆ្នោត​នៅ​ថ្ងៃ​ទី៧ ខែមេសា៕
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com