ពីនេះ ពីនោះ
«ទម្លាប់» ប្រើបានទាំងកិរិយាសព្ទ និង​នាម​សព្ទ
08, Apr 2022 , 7:29 am        
រូបភាព
 សម្រាប់​ពាក្យ «ទម្លាប់» យើង​អាចប្រើ​បាន​ទាំង​កិរិយាសព្ទ និងនាមសព្ទ។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ជាកិរិយាសព្ទ ទម្លាប់ មានន័យថា ធ្វើឲ្យធ្លាប់, ឲ្យថ្នឹក។ ទម្លាប់ខ្លួន, ទម្លាប់ចិត្ត, ទម្លាប់ដៃ, ទម្លាប់មាត់ ។ ល ។ ឧទាហរណ៍៖ ខ្ញុំទម្លាប់​អាន​សារព័ត៌មានថ្មីៗ ជារៀងរាល់​ថ្ងៃ។
 
រីឯនាម​សព្ទវិញ ទម្លាប់​ មានន័យថា ការដែលធ្លាប់, លំអានដែលធ្លាប់តែមានមក។ ទម្លាប់ចាស់បុរាណ; ធ្វើតាមទម្លាប់ពីមុនមក; មានទម្លាប់ពីនាយមក ។ល។
 
មនុស្សមួយចំនួន​បាន​សរសេរថា «ទំលាប់» ប៉ុន្តែពាក្យនេះ គ្មាន​នៅក្នុងវចនានុក្រម​ឡើយ។ រីឯអ្នកខ្លះទៀតច្រឡំសរសេរ «ទន្លាប់» ទៅវិញ។ ទន្លាប់ ជា ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងទ្រយឹង ដើមខ្មៅ, ផ្លែទុំមានសម្បុរក្រហម, ប្រើជាចំណី ប៉ុន្តែក្នុងប្រទេសយើងច្រើនមានរសចត់ ទាំងផ្លែក៏តូចៗ ផងទៀត៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com