អន្តរជាតិ
រុស្ស៊ី ដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោយត្រូវព្យួរសមាជិកភាព
08, Apr 2022 , 11:00 am        
រូបភាព
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រូបភាព៖ AFP
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រូបភាព៖ AFP
អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Gennady Kuzmin នៅថ្ងៃទី៧ ខែមេសា បានចាត់ទុកសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលព្យួរសមាជិកភាពរុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាចំណាត់ការខុសច្បាប់ និងមានការជំរុញផ្នែកនយោបាយ។ បន្ទាប់ពីសេចក្តីសម្រេចនោះ រុស្ស៊ីក៏បានប្រកាសដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។



មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៧ ខែមេសា បានសម្រេចព្យួរសមាជិកភាពរុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងសំឡេងគាំទ្រ៩៣, សំឡេងប្រឆាំងចំនួន២៤ និងអនុបវាទចំនួន ៥៨សំឡេង។ ក្នុងតំបន់អាស៊ាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ និងថៃ បានបោះអនុបវាទ ខណៈមីយ៉ាន់ម៉ា និងហ្វីលីពីនគាំទ្រ។ ចំណែកវៀតណាម និងឡាវ បោះឆ្នោតប្រឆាំង។

អត្ថបទទាក់ទង
 
  
បន្ទាប់ពីការបោះឆ្នោត អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Gennady Kuzmin បានហៅការសម្រេចចិត្តខាងលើ ជាចំណាត់ការខុសច្បាស់ និងមានការជំរុញផ្នែកនយោបាយដោយធ្វើឡើងគោលបំណង ពិន័យរដ្ឋអធិបតេយ្យ។ បើតាមប្រេសិតរុស្ស៊ីរូបនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានប្រទេសមួយក្រុមប្រើប្រាស់ផ្តាច់មុខ សម្រាប់គោលបំណង រយៈពេលខ្លី ហើយវាជាការបំផ្លាញទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្ស។ 
 
ក្រោយការព្យួរសមាជិកភាពរុស្ស៊ី លោក Kuzmin បានបញ្ជាក់ពីការដើរចេញរបស់រុស្ស៊ី ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។ រុស្ស៊ី ជាប្រទេសទីពីរហើយ ដែលត្រូវបានមហាសន្និបាតព្យួរសមាជិកភាព នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្ទាប់ពីលីប៊ីនៅក្នុងឆ្នាំ២០១១។ នៅក្នុងឆ្នាំ២០១៨ អាម៉េរិក ក៏ធ្លាប់ប្រកាសដកសមាជិកភាពខ្លួន ពីក្រុមប្រឹក្សាសិទ្ធិមនុស្សនេះដែរ ដោយសំអាងថា មានការរើសអើសចំពោះអ៊ីស្រាអែល និងខ្វះការធ្វើកំណែទម្រង់ មុនចូលក្រុមប្រឹក្សានេះវិញ នៅក្នុងឆ្នាំ២០២១។ 
 
ពាក់ព័ន្ធនឹងការដកសមាជិកភាពរុស្ស៊ីនេះ ប្រេសិតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ លោក Sergiy Kyslytsya បានយល់ឃើញថា ការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស មិនមែនជាជម្រើសឡើយ ប៉ុន្តែជាកាតព្វកិច្ច។ មិនតែប៉ុណ្ណោះ តំណាងអ៊ុយក្រែនរូបនេះ បានឌឺដងដាក់ក្រុងមូស្គូថែមទៀតថា រុស្ស៊ីមិនចាំបាច់ដាក់ពាក្យបញ្ចប់សមាជិកភាពឡើយ ព្រោះរុស្ស៊ីត្រូវបានបណ្តេញចេញហើយ។ 
 
ចំណែកតំណាងអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានលើកឡើងថា សេចក្តីសម្រេចរបស់មហាសន្និបាត គឺជាសារដ៏សំខាន់ជូនទៅកាន់ប្រជាជនអ៊ុយក្រែន ដែលរងគ្រោះ ដោយពួកគេមិនត្រូវបានទុកចោលឡើយ។ តំណាងអាម៉េរិករូបនេះ បានបន្ថែមថា រុស្ស៊ី មិនគួរក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សឡើយ។ 
 
យ៉ាងណាមិញ ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun ដែលបានបោះឆ្នោតប្រឆាំងការព្យួរសមាជិកភាពរុស្ស៊ី បានអះអាងថា វាជាចំណាត់ការដ៏រហ័ស និងជំរុញឱ្យមានការបែងចែកជាប្លុកនៅក្នុងអង្គការសហប្រជាជាតិ។ លោក Zhang បានពន្យល់ថា សេចក្តីសម្រេចនេះ នឹងបង្កើនភាពតានតឹងបន្ថែមទៀត។ 
 
សូមបញ្ជាក់ថា ការព្យួរសមាជិកភាពខាងលើ ធ្វើឡើងបន្ទាប់ពីក្រុងមូស្គូ បានរងការចោទប្រកាន់ជុំវិញការសម្លាប់រង្គាល នៅក្រុង Bucha។ មុនការបោះឆ្នោតនេះ រុស្ស៊ីបានព្រមានពីផលវិបាកក្នុងទំនាក់ទំនងទ្វេភាគី ប្រសិនបើប្រទេសទាំងនោះ បោះយល់ព្រម ឬបោះអនុបវាទ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com