អន្តរជាតិ
វិមានក្រេមឡាំង៖ រុស្ស៊ីសង្ឃឹមថា ប្រតិបត្តិការយោធានៅអ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ
08, Apr 2022 , 4:35 pm        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព៖ AFP
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព៖ AFP
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី៧ ខែមេសា បានបង្ហាញក្តីសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខ ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន នឹងបញ្ចប់ តាមរយៈការសម្រេចគោលដៅរបស់ខ្លួន ឬបញ្ចប់ដោយការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះ ក៏បានទទួលស្គាល់ថា រុស្ស៊ីបានបាត់បង់កម្លាំងទ័ពដ៏ច្រើនផងដែរ។



 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Sky News នៅថ្ងៃទី៧ ខែមេសា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន គឺអាស្រ័យលើអ៊ុយក្រែន និងឆន្ទៈប្រទេសជិតខាងមួយនេះក្នុងការយល់ព្រមជាមួយរុស្ស៊ី។ បើតាមអ្នកនាំពាក្យរូបនេះ រុស្ស៊ី អាចបញ្ចប់ប្រតិបត្តិការយោធាខ្លួន ក្នុងពេលឆាប់ៗខាងមុខ តាមរយៈមធ្យោបាយពីរ។ 
 
«យើងសង្ឃឹមថា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ប្រតិបត្តិការនេះ នឹងសម្រេចគោលដៅ ឬបញ្ចប់ដោយកិច្ចចរចារវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចសម្ភាសលើកដំបូងជាមួយសារព័ត៌មានរបស់អង់គ្លេស ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យវិមានក្រេមឡាំងរូបនេះ បានទទួលស្គាល់ថា រុស្ស៊ីបានបាត់បង់កម្លាំងទ័ពដ៏ច្រើន ហើយនោះគឺជាសោកនាដកម្មដ៏ធំ។ 
 
ជាមួយគ្នានេះ លោក Peskov ក៏ត្រូវបានសួរសំណួរទាក់ទិននឹងការសម្លាប់រង្គាលនៅក្នុងក្រុង Bucha ផងដែរ។ ជាការឆ្លើយតប អ្នកនាំពាក្យរូបនេះ បានច្រានចោលការចោទប្រកាន់នោះ និងចាត់ទុកជាការក្លែងបន្លំ។ លោក Peskov បានបន្ថែមថា ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពកុហក និងការបោកប្រាស់។ 
 
ក្នុងកិច្ចសម្ភាសដដែល អ្នកនាំពាក្យរូបនេះ បាននិយាយការពារថា រុស្ស៊ី មិនបានធ្វើសង្រ្គាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែវាជាប្រតិបត្តិការយោធាពិសេស។ លោក Peskov បានបន្តថា គោលបំណងមួយរបស់ប្រតិបត្តិការយោធារុស្ស៊ី គឺដើម្បីបញ្ចៀសសង្រ្គាមលោកលើកទីបី ឬសង្រ្គាមនុយក្លេអ៊ែរ ក្នុងករណីអ៊ុយក្រែនចូលជាសមាជិកណាតូ។ សមាជិកណាតូចំនួន ៣ ដូចជា អាម៉េរិក អង់គ្លេស និងបារាំង សុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ។ 
 
ជុំវិញទណ្ឌកម្មចុងក្រោយវិញ អ្នកនាំពាក្យវិមានក្រេមឡាំងរូបនេះ ក៏បានរិះគន់លើទណ្ឌកម្មអាម៉េរិក ដែលបានដាក់លើកូនស្រីចំនួន ពីររូប របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី, សមាជិកគ្រួសាររដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងមេដឹកនាំរុស្ស៊ីផ្សេងទៀត។ លោក Peskov បានបញ្ជាក់ថា លោកពិបាកពន្យល់ណាស់ ពីមូលហេតុអាម៉េរិក ដាក់ទណ្ឌកម្មលើកូនស្រីរបស់លោក ពូទីន ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com