អន្តរជាតិ
ប្រេសិត​អាមេរិក​ថា កូរ៉េខាង​ជើង​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ទិវា​ខួបកំណើត​បិតា​ស្ថាបនិក​
09, Apr 2022 , 9:29 am        
រូបភាព
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន- រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​របស់ប្រទេស​កូរ៉េខាង​ជើង កំពុង​បដិសេធ​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ចរចា ហើយ​អាច​មាន​គម្រោង​នឹង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​លើក​ទី​១​ ក្នុង​រយៈពេលជិត​៥​ឆ្នាំ​កន្លង​ទៅ នៅ​ថ្ងៃ​ទី​១៥​ ខែ​មេសាខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ឈប់សម្រាករបស់ខ្លួន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​បេសកជន​កំពូល​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​នៅ​ក្រសួង​ការបរទេស​អាមេរិក ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
លោក Sung Kim ដែល​ជា​តំណាង​ពិសេស​របស់​អាមេរិក​សម្រាប់​គោលនយោបាយ​កូរ៉េខាង​ជើង បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គិត​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​នឹងមាន​គម្រោង​បង្ហាញនូវ​សមត្ថភាព​អាវុធនុយក្លេអ៊ែរ​ដ៏​ខ្លាំង​របស់ខ្លួន​នៅ​ចំ​ថ្ងៃឈប់សម្រាក​ប្រចាំ​ឆ្នាំនៅ​សប្តាហ៍​ក្រោយ​ ​ដែល​ជា​ទិវា​ខួប​អនុស្សារីយ៍លើក​ទី១១០ នៃ​ថ្ងៃ​កំណើត​របស់លោក Kim Il Sung ដែល​ជា​បិតាស្ថាបនិក​នៃ​សារធារដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ​ ឬ​កូរ៉េ​ខាង​ជើង​នោះ។
 
លោក Sung Kim បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​ដោយ​យោង​ទៅលើ​ការ​សាក​ល្បងកាំជ្រួច​បាល់លីស្ទិក​នាពេលថ្មីៗ​នេះ​របស់​កូរ៉េខាង​ជើង​ថា «យើង​មានក្តីបារម្ភ​ថា ក្នុង​អំឡុង​ពេល​នៃ​ទិវា​ខួបកំណើតថ្ងៃ​ទី១៥ ខែ​មេសា ខាង​មុខ​នេះ កូរ៉េខាង​ជើង អាច​ព្យាយាមដើម្បី​ធ្វើ​ការ​បង្កហេតុ​ថ្មី​មួយ​ទៀត»។
 
លោកបាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​មិន​ចង់​និយាយ​ទស្សន៍ទាយច្រើន​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា កូរ៉េ​ខាង​ជើង​អាច​បាញ់​សាក​ល្បង​កាំជ្រួច​ថ្មី​មួយ​ទៀត ​ហើយ​ដែល​អាច​ជា​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរមួយ​ផង​ដែរ»។
 
កូរ៉េខាង​ជើង​បាន​ធ្វើការ​បាញ់សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួនជា​ច្រើន​ដង​ចាប់​តាំង​ពី​ឆ្នាំ​២០១៦មក​ ហើយចុងក្រោយ​បំផុត​ដែល​ប្រទេស​នេះធ្វើការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួននោះ គឺ​ក្នុង​ឆ្នាំ២០១៧។
 
លោក Sung Kim បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បន្ត​បដិសេធសំណើ​ជួប​ចរចា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បន្តការ​ពិភ្សា​គ្នា​ឡើង​វិញ​ ជុំវិញ​ការ​លុបចោលអាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​ចេញ​ពី​ឧបទ្វីបកូរ៉េនោះ។
 
លោក​បន្ត​ទៀត​ថា៖ «យើង​មិន​បាន​ទទួលការឆ្លើយ​តបណា​មួយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ ដែល​នេះ​ជា​ការ​ខក​ចិត្ត​មួយ ព្រោះ​យើង​បាន​បញ្ជូន​សារ​ជា​ច្រើន​លើក​ច្រើន​សារទៅ​ឲ្យ​កូរ៉េខាង​ជើង ទាំង​តាម​ផ្លូវ​ទូត​និង​ឯកជន​ផង​ដែរ​ដើម្បី​អញ្ជើញ​ពួក​គេ​ចូល​រួម​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន»។
 
លោក Sung Kim ក៏​បាន​ឲ្យ​ដឹង​ផង​ដែរថា ប្រទេស​ចិន​និងរុស្ស៊ី មិន​បាន​ជួយប្រធានាធិបតី​អាមេរិក​លោក Joe Biden ក្នុង​ការជំរុញ​ឲ្យ​មាន​ការចាប់​ផ្តើម​ការចរចាគ្នា​ឡើង​វិញ​ជាមួយមេដឹកនាំ​កូរ៉េខាង​ជើងលោក Kim Jong Un នោះ​ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com