ជាតិ
​គុយ សិរមាន់ គូលែន ជាអនុផល​ដែល​នាំចំណូលបន្ថែមសម្រាប់​ពលរដ្ឋនៅ​តំបន់អង្គរ​
09, Apr 2022 , 6:59 pm        
រូបភាព
សៀមរាប៖ រដូវផ្លែឈើព្រៃក្នុងតំបន់អង្គរ ចាប់ផ្តើមទទួលផលហើយ ដូចជា គុយ សិរមាន់ គូលែន និងផ្ញៀវជាដើម។ ផ្លែឈើទាំងនោះ បានផ្តល់ជាចំណូលបន្ថែមសម្រាប់ពលរដ្ឋក្នុងតំបន់អង្គរ។ អ្នកដំណើរនឹងប្រទះភ្នែក ឃើញពលរដ្ឋដាក់តាំងលក់ផ្លែឈើព្រៃចម្រុះ តាមដងផ្លូវសំខាន់ៗទៅកាន់ប្រាសាទអង្គរវត្ត ពិសេសលើកំណាត់ផ្លូវកូម៉ៃ។ ផ្លែគុយ សិរមាន់ គូលែន និងផ្ញៀវ ជាផ្លែឈើព្រៃពេញនិយមជាងគេនារដូវនេះ។

 
កំពុងអង្គុយចងផ្លែសិរមាន់ជាចង្កោមៗ អ្នកស្រី យឹប កត​ វ័យ៤៨ឆ្នាំ ប្រាប់ថា សិរមាន់ ឆ្នាំនេះលក់បានតម្លៃ ១៧ ០០០រៀល ក្នុងមួយគីឡូក្រាម។ ផ្លែសិរមាន់ និងផ្ញៀវ ទើបចាប់ផ្តើមទុំបណ្ដើរៗ​ចំណែកគុយ ហាក់ស្បើយហើយ ដែលឆ្នាំនេះ វាទុំលឿនជាងឆ្នាំទៅមិញ និងលក់បានតម្លៃជាង២ម៉ឺន ទៅជាង៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមការលើកឡើង របស់ពលរដ្ឋអ្នកភូមិទក្សិណខាងត្បូង អ្នកស្រី យឹប កត ដោយបន្ថែមថា ជាទូទៅផ្លែឈើព្រៃក្នុងតំបន់អង្គរ ចាប់ផ្តើមផ្តល់ផល អំឡុងខែមីនា ដល់ខែឧសភា។


 
អ្នកស្រី យឹប កត ចាប់ផ្តើមលក់ផ្លែឈើព្រៃ និងផ្លែឈើចម្រុះនេះ រយៈពេល៦ឆ្នាំមកហើយ ដែលរបរនេះ បានសម្រាលជីវភាពគ្រួសារ អ្នកស្រីបានមួយផ្នែក។
 
អ្នកលក់មួយរូបទៀត គឺអ្នកស្រី ចំប៉ី។ អ្នកខេត្តកំពង់ធំរូបនេះ ចាប់ផ្តើមលក់ផ្លែឈើតាមផ្លូវទៅអង្គរវត្ត តាំងពីឆ្នាំ២០១៨មក។ ផ្លែឈើប្រចាំតូបអ្នកស្រីនារដូវនេះ គឺផ្លែគុយ និងសិរមាន់ ដែលមានពណ៌លឿង និងក្រហមពេញកញ្ច្រែង តម្រៀបជាជួរ មានភាពទាក់ទាញ។ អ្នកលក់រូបនេះ បានទិញផ្លែឈើព្រៃបន្តពីអ្នកភូមិជុំវិញអង្គរ ដែលពួកគេឡើងបេះតាមព្រៃនៅតំបន់ប្រាសាទព្រះខ័ន នាគព័ន្ធ និងទំនប់បារាំងជាដើម ដែលតាមការបញ្ជាក់ ទីតាំងនោះសម្បូរជាងគេ ពិសេសផ្លែគុយ។


 ផ្លែគុយ
 
អនុផលផ្លែឈើព្រៃក្នុងតំបន់អង្គរឆ្នាំនេះ ដូចជា គុយ និងសិរមាន់ ទទួលផលលឿនជាងឆ្នាំទៅ ហើយតម្លៃលក់បាន សមរម្យប្រហែលឆ្នាំទៅមិញដែរ។ យ៉ាងណាអ្នកស្រី ចំប៉ី ប្រាប់ថា ផ្លែគុយ សម្រុកទុំលឿន ដែលអាចនឹងអស់ក្រោយរដូវចូលឆ្នាំខ្មែរនេះ ហើយក្នុងមួយថ្ងៃ អ្នកស្រីលក់ចេញផ្លែឈើចម្រុះបានប្រមាណ ២០០គីឡូក្រាម៕


ផ្លែគូលែន

 ផ្លែសិរមាន់
 

ផ្លែសេដា ដែលជាអនុផលផ្លែឈើព្រៃក្នុងតំបន់អង្គរ


Tag:
 ផ្លែឈើព្រៃក្នុងតំបន់អង្គរ
  គុយ
  សិរមាន់
  ផ្ញៀវ
© រក្សាសិទ្ធិដោយ thmeythmey.com