អន្តរជាតិ
ជនភៀសខ្លួននៅអាល់ហ្សេរី យកសំណល់ប្លាស្ទិកនៅវាលខ្សាច់សាហារ៉ាទៅច្នៃជាសម្ភារ​ប្រើប្រាស់
09, Apr 2022 , 11:29 pm        
រូបភាព
ដបប្លាស្ទិក ត្រូវបានយកមកសាងសង់ផ្ទះ។ រូបភាព៖ UNHCR
ដបប្លាស្ទិក ត្រូវបានយកមកសាងសង់ផ្ទះ។ រូបភាព៖ UNHCR
ថ្មីៗនេះ សំណល់ប្លាស្ទិកបានកើនឡើងច្រើននៅតំបន់វាលខ្សាច់សាហារ៉ា។ សំណល់មួយ​ផ្នែកធំត្រូវបានបង្កើតដោយក្រុមជនភៀសខ្លួន ដែលតាំងជំរំនៅតាមព្រំដែនភាគខាងលិច​អាល់ហ្សេរី និងស្ថិតនៅកណ្តាលវាលខ្សាច់សាហារ៉ាតែម្តង។ យ៉ាងណាមិញ ក្រុមជនភៀស​ខ្លួននេះ ក៏បានរួមគ្នាកែច្នៃសំណល់ប្លាស្ទិកនៅវាលខ្សាច់សាហារ៉ាទៅជាគ្រឿងសង្ហារឹម និង​សម្ភារជា​ច្រើនមុខទៀតដែលពួកគេអាចប្រើប្រាស់បាន។

 
នៅកណ្តាលវាលខ្សាច់សាហារ៉ា ព្រំដែនភាគខាងលិចអាល់ហ្សីរីគឺមានជំរំជនភៀសខ្លួនមួយ​ហៅថាសារ៉ាវី (Sahrawi)។ ទីនោះមានជនភៀសខ្លួនរាប់ម៉ឺននាក់រស់នៅ និងបានពឹងផ្អែក​ទាំងស្រុងលើជំនួយមនុស្សធម៌តាំងពីទឹកសម្រាប់ប្រើប្រាស់ ចំណីអាហារ និងសម្ភារប្រើ​ប្រាស់ចាំបាច់ ផ្សេងៗទៀត។ ដោយឡែក​សំណល់ប្លាស្ទិកជាច្រើនត្រូវបានកើនឡើងនៅ​តំបន់វាលខ្សាច់​នោះ ដែលមួយផ្នែកធំបានចេញពីការប្រើប្រាស់របស់ជនភៀសខ្លួន​នេះឯង។ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ថ្មីៗនេះពួកគេបានចូលរួមកែច្នៃសម្រាមទាំងនោះទៅជាគ្រឿង​សង្ហារឹម និងសម្ភារ​ផ្សេងៗដែល​អាចប្រើប្រាស់បាន។ 
 
មជ្ឈមណ្ឌលកែច្នៃសំណល់ប្លាស្ទិកនៅអាល់ហ្សេរី ត្រូវបានធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់​អង្គការ Precious Plastic ជាអង្គការលើកកម្ពស់ការកែច្នៃប្លាស្ទិកដែលបង្កើតឡើងដោយ​ជនជាតិហូឡង់។ មជ្ឈមណ្ឌលកែច្នៃសំណល់ប្លាស្ទិកនេះ ធ្វើឡើងដើម្បីជួយដោះស្រាយបញ្ហា​កាកសំណល់នៅជំរំជនភៀសខ្លួន និងជួយបង្កើតការងារសម្រាប់ពួកគេ។ មនុស្សជាច្រើន​នៅជំរំដែលមិនមានការងារធ្វើ។ ដូចនេះការបង្កើតមជ្ឈមណ្ឌលកែច្នៃសំណល់ប្លាស្ទិកក៏បាន​ជួយឱ្យមានសកម្មភាពសេដ្ឋកិច្ចខ្លះៗផងដែរ។
 
ដំណើរការនៃការកែច្នៃសំណល់ប្លាស្ទិកត្រូវបានប្រព្រឹត្តទៅតាមដំណាក់កាល។ ដំបូងវាមាន​ម៉ាស៊ីនសម្រាប់កិនបំបែកប្លាស្ទិកជាបំណែកតូចៗ ក្រោយមកបំណែកប្លាស្ទិកត្រូវចូលទៅក្នុង​ម៉ាស៊ីនមួយទៀតដើម្បីលាងសម្អាត និងសម្ងួត។ បន្ទាប់មកគេត្រូវរំលាយប្លាស្ទិក ដើម្បីធ្វើជា​សម្ភារដែលមានរូបរាងថ្មី ឬធ្វើជាបន្ទះក្ដារសម្រាប់ធ្វើគ្រឿងសង្ហារឹម។ 
 
ក្រុមជនភៀសខ្លួនបានចាប់ផ្តើមដំណើការការកៃច្នៃរួចមកហើយ ដោយទទួលបានសមិទ្ធផល​ដូចជាផលិតបានសម្ភារដែលពួកគេត្រូវការ និងតុរៀន កៅអី ឈុតតុសម្រាប់ផឹកតែជាដើម។ អង្គការសហប្រជាជាតិ គឺជាអ្នកផ្តល់លុយឱ្យក្រុមជនភៀសខ្លួនដែលធ្វើការនៅមជ្ឈមណ្ឌលកែច្នៃសំណល់ប្លាស្ទិកសម្រាប់ឆ្នាំដំបូងនៃដំណើរការ។ បន្ទាប់មកជនភៀសខ្លួននឹងទទួល​បានសិទ្ធជាម្ចាស់មួយផ្នែកនៃកន្លែងនោះ។ ចំណែកផលិតផលដំបូងដែលផលិតបាននឹងត្រូវ​លក់ទៅឱ្យអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀននៅជំរំ និងមានបំណងទិញគ្រឿងសង្ហារឹម។
 
គួរបញ្ជាក់ថា ជនភៀសខ្លួនសារ៉ាវី (Sahrawi) ដែលស្ថិតនៅជំរំតាមព្រំដែនភាគខាងលិច​អាល់ហ្សេរី គឺជាអ្នករត់ភៀសខ្លួនពីកងទ័ពម៉ារ៉ុកតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្លេះ។ ​គម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅក្នុងតំបន់របស់ពួកគេដែលតែងពឹងផ្អែកទាំង​ស្រុងលើជំនួយមនុស្សធម៌។ ការធ្វើគម្រោងបែបនេះ គួរតែយកទៅប្រើប្រាស់នៅជំរំជនភៀស​ខ្លួនដទៃទៀតដើម្បីជួយពួកគេឱ្យមានជីវភាពល្អប្រសើរឡើងដែរ៕ 
 

Tag:
 ប្លាស្ទិក
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com